ខ្មែរប៉ុស្ដិ៍ Close

គណបក្សឆន្ទៈខ្មែរ គ្រោងដាក់បេក្ខជនឈរឈ្មោះតំណាងរាស្ត្រនៅគ្រប់មណ្ឌល, ប្រធានបក្សអាចនឹងឈរនៅមណ្ឌលភ្នំពេញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១ ខែឧសភា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 45
គណបក្សឆន្ទៈខ្មែរ គ្រោងដាក់បេក្ខជនឈរឈ្មោះតំណាងរាស្ត្រនៅគ្រប់មណ្ឌល, ប្រធានបក្សអាចនឹងឈរនៅមណ្ឌលភ្នំពេញ គណបក្សឆន្ទៈខ្មែរ គ្រោងដាក់បេក្ខជនឈរឈ្មោះតំណាងរាស្ត្រនៅគ្រប់មណ្ឌល, ប្រធានបក្សអាចនឹងឈរនៅមណ្ឌលភ្នំពេញ

ភ្នំពេញ៖ គណបក្សឆន្ទៈខ្មែរ ដែលគេស្គាល់ថាជាគណបក្សថ្មីមួយរបស់លោក គង់ មុនីកា កូនប្រុសពៅរបស់អតីតសមាជិកគណបក្សសង្គ្រោះជាតិ គឺលោក គង់ គាំ គ្រោងនឹងដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅទូទាំង២៥មណ្ឌល (២៥រាជធានី-ខេត្ត) ហើយប្រធានគណបក្សអាចនឹងឈរឈ្មោះនៅមណ្ឌលភ្នំពេញ។ នេះបើតាមអ្នកនាំពាក្យគណបក្សឆន្ទៈខ្មែរ លោក ហ៊ីង យឿន។

ខណៈកំពុងទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនតំណាងរាស្ត្រ នៅទីស្ដីការ គ.ជ.ប នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨នេះ (ថ្ងៃទី២ នៃការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនតំណាងរាស្ត្រ) លោក ហ៊ីង យឿន ក្នុងនាមតំណាងគណបក្សឆន្ទៈខ្មែរ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា គណបក្សឆន្ទៈខ្មែរ គ្រោងនឹងដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា នៅទូទាំង២៥មណ្ឌល ដែលមានបេក្ខជនពេញសិទ្ធិចំនួន ១១៧រូប និងបម្រុងចំនួន ១១៧រូបដែរ។

តំណាងគណបក្សថ្មីសន្លាងមួយនេះបានបន្តថា ប្រធានគណបក្សឆន្ទៈខ្មែរ គឺលោក គង់ មុនីកា ប្រហែលជានឹងនៅឈរឈ្មោះតំណាងរាស្ត្រនៅមណ្ឌលភ្នំពេញ ប៉ុន្តែផែនការលម្អិតយ៉ាងណានោះ មិនទាន់ជាក់ច្បាស់នៅឡើយទេ។

លោក ហ៊ីង យឿន បានបញ្ជាក់ថា ថ្វីដ្បិតក្រសួងមហាផ្ទៃ បានប្រកាសទទួលស្គាល់ជូនគណបក្សឆន្ទៈខ្មែររួចរាល់ហើយក្ដី ប៉ុន្តែគណបក្សក្មេងវ័យមួយនេះ នៅមិនទាន់រកស្នាមមេដៃពីអ្នកគាំទ្រគ្រប់ចំនួន ៤,០០០នាក់ នៅឡើយទេ។ បញ្ហានេះ ថ្នាក់ដឹកនាំគណបក្សក៏កំពុងដុតដៃដុតជើងប្រមែប្រមូលផងដែរ។

លោកបានជម្រាបពីគោលបំណងរបស់គណបក្សឆន្ទៈខ្មែរផងដែរថា គណបក្សឆន្ទៈខ្មែរ បង្កើតឡើងដើម្បី​ប្រមូលឆន្ទៈប្រជាពលរដ្ឋខ្មែរ ក៏ដូចជាដាស់ស្មារតីប្រជាពលរដ្ឋខ្មែរ ដែលធ្លាប់គាំទ្រអតីតគណបក្សប្រឆាំង កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៧ ឡើងវិញ។ ក្រៅពីនេះ ក៏ដើម្បីប្រមូលប្រជាពលរដ្ឋខ្មែរដទៃទៀតដែលមានការ​ភ្ញាក់រលឹក និងមានការខ្វល់ខ្វាយពីរឿង​បញ្ហាជាតិផងដែរ។

លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាអ្នកនាំពាក្យ គ.ជ.ប បានជម្រាបដែរថា គិតត្រឹមព្រឹកថ្ងៃទី០១​ ខែឧសភា ដែលជាថ្ងៃទី២ នៃការចុះបញ្ជីគណបក្សនយោបាយ និងការចុះឈ្មោះបេក្ខជនតំណាងរាស្ត្រ មានគណបក្សនយោបាយចំនួន២គណបក្សហើយ ដែលបានមកដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងពាក្យសុំចុះឈ្មោះបេក្ខជនតំណាងរាស្ត្រ នៅ គ.ជ.ប ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា និងគណបក្សយុវជនកម្ពុជា។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចាប់ផ្តើមការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨៕

ប្រភព៖ FreshNews

អត្ថបទទាក់ទង