ផលិតផលបរិស្ថានប្រើប្រាស់ប្រចាំថ្ងៃបានរួមចំណែកកាត់បន្ថយប្លាស្ទិកនៅកម្ពុជា
ផលិតផលបរិស្ថានសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ បានរួមចំណែកកាត់បន្ថយប្លាស្ទិកនៅកម្ពុជា ជាពិសេសគិតគូរខ្ពស់ពីសុខភាពសាធារណៈ និងបរិស្ថានស្អាត។
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យរបស់ក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្នុងមួយថ្ងៃកម្ពុជា មានសំរាមជាង១ម៉ឺនតោន ដោយក្នុងមួយឆ្នាំមានជិត៤លានតោន ក្នុងនោះ៦៥ ទៅ៧០ភាគរយជាសំណល់សរីរាង្គ ២០ភាគរយជាសំណល់ប្លាស្ទិក ក្រៅពីនោះជាសំណល់រឹង ដែលធ្វើឱ្យ មានកំណើនសំរាមចន្លោះពី១០ ទៅ១៥ភាគរយជារៀងរាល់ឆ្នាំ ។
ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឯកឧត្តមបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាមានការយល់ដឹងច្រើនពីផលប៉ះពាល់នៃការប្រើប្រាស់ប្លាស្ទិក ព្រោះវាមានអាយុរាប់រយឆ្នាំ និងអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថានជាពិសេសជីវិតមនុស្ស-សត្វ។ ដូច្នេះទើបប្រជាពលរដ្ឋមួយចំនួនបានងាកទៅប្រើប្រាស់ផលិតផលបរិស្ថានជាប្រចាំថ្ងៃជំនួសវិញ ដើម្បីចូលរួមកាត់បន្ថយប្លាស្ទិកនៅកម្ពុជា ។
«ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ឥរិយាបថរបស់ប្រជាពលរដ្ឋមានការប្រែប្រួល គឺមានន័យថាការយល់ដឹង របស់គាត់មានការកើនឡើង ហើយមួយចំនួនទៀតក៏ប្រែក្លាយពីចំណេះដឹងរបស់គាត់ទៅជាការប្រតិបត្តិមេត្រីបរិស្ថានដែរ មានន័យថាគាត់ចូលរួម ឧទាហរណ៍ដូចជាការកាត់បន្ថយការប្រើប្រាស់ដបប្លាស្ទិកផលិតផលប្លាស្ទិក គាត់ បែរជាទៅប្រើប្រាស់ដបទឹកដែលអាចកែច្នៃមកវិញបាន ដាក់ទឹកប្រើប្រាស់សារថ្មីបាន ហើយនឹងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាដើម »។
លោកស្រី សូរិយា ជាម្ចាស់អាជីវកម្មលក់ផលិតផលបរិស្ថានមួយកន្លែង ក្នុងរាជធានីភ្នំពេញ បានឱ្យដឹងថា អាជីវកម្មនេះ បានចាប់ផ្ដើមបើកដំណើរការតាំងពីដើមឆ្នាំ២០១៩មកម្ល៉េះ ហើយមូលហេតុដែលសម្រេចចិត្តបើកអាជីវកម្មមួយនេះ គឺដោយសារចិត្តស្រឡាញ់ទៅលើបរិស្ថាន និងតម្រូវការប្រើប្រាស់របស់អតិថិជនផងដែរ។លោកស្រី សង្កេតឃើញថាបច្ចុប្បន្ននេះ សម្ភារប្រើប្រាស់ទូទៅរបស់ប្រជាជនមួយចំនួន គឺបានឆ្លុះបញ្ចាំងពីការចូលរួមកាត់បន្ថយប្លាស្ទិកជាច្រើន ។
«ការបណ្ដុះគំនិតរបស់អតិថិជនដូចជាអ្នកប្រើប្រាស់ទូទៅ ពីការប្រើប្រាស់ប្លាស្ទិកនោះ ពីមុនគឺយើងពិបាក ប៉ុន្តែឥឡូវដោយសារមានការផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាលច្រើន អង្គការមានច្រើន ហើយនិងក្រុមហ៊ុនឯកជនមានអ្នកធ្វើអ្វីច្រើន ដូច្នេះបច្ចុប្បន្ននេះមិនមានការលំបាកច្រើនសម្រាប់ផ្សព្វផ្សាយទៀតនោះទេ ។ ហើយសម្រាប់បច្ចុប្បន្ននេះអតិថិជនខាងហាងនាងខ្ញុំនេះ គឺមានគ្រប់ទិសទី គ្រប់ស្ថាប័ន គ្រប់ទីកន្លែង តាំងពីអាជីវកររហូតដល់អ្នកប្រើប្រាស់ចុងក្រោយ»។
សូមបញ្ជាក់ថា ផលិតផលបរិស្ថានភាគច្រើនសម្ភារប្រើប្រាស់ប្រចាំថ្ងៃធ្វើដោយដៃមានច្រើនប្រភេទធ្វើចេញពីវត្ថុធាតុដើមដូចជា ឬស្សី ដើមត្នោត ត្រឡោកដូង កំប្លោក វល្លិ៍ ស្មៅ និងម្សៅអង្ករ ហើយផលិតបានដូចជា ស្លាបព្រា សម ចាន ថាស ទុយោ កាបូប ច្រាសដុះធ្មេញ កែវ ដបទឹក ប៊ិច សៀវភៅ ប្រអប់ក្រដាស កម្រាលជើង ស្មុគ ជ្រុញ ក្រាសសិតសក់ជាដើម ៕