ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសាធារណការ និងដឹកជញ្ជូន បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 56
ក្រសួងសាធារណការ និងដឹកជញ្ជូន បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ចំនួន៣២០នាក់ នៅក្នុងសាលប្រជុំធំ និងចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយចំនួន ៥០០នាក់ ក្នុងនោះចំនួន២៣៥នាក់ នៅក្នុងសាលប្រជុំនានានៅទីស្តីការក្រសួង និង២៦៥នាក់ មកពីមន្ទីរសាធារណការ និងដឹកជញ្ជូន សរុបទាំងអស់ចំនួន ៨២០នាក់។

សន្និបាតឆ្នាំនេះបានរៀបចំឡើងក្រោមប្រធានបទ «លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្រ្ត បច្ចេកទេស ដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាពក្នុងវិស័យ សាធារណការ និងដឹកជញ្ជូន និងភស្តុភារកម្ម» ក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពការងារ ការពិភាក្សាផ្លាស់ប្ដូរយោបល់ និងដកស្រង់បទពិសោធន៍ល្អៗ ការអនុវត្តតាមអនុសាសន៍ដ៏ល្អប្រពៃ មានតម្លៃ និងប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីជាត្រីវិស័យ និងជាផែនទីបង្ហាញផ្លូវដោះស្រាយបំពេញបន្ថែម និងកែលម្អចំណុចខ្វះខាតនានាដែលមានកន្លងមក និងដើម្បីឈានទៅអនុវត្ដទិសដៅនិងការងារថ្មីៗ នៅបណ្ដាឆ្នាំខាងមុខជាពិសេសឆ្នាំ២០២១ និងឆ្នាំបន្តបន្តាប់ ឱ្យសម្រេចបានជោគជ័យដ៏ត្រចះត្រចង់។

ថ្លែងក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូនដែលក្នុងនោះមាន៖ ការលើកកម្ពស់គុណភាពផ្លូវពីប្រភេទកៅស៊ូពីរស្រទាប់ស្ដើងទៅជាបេតុកៅស៊ូ ការពង្រីកផ្លូវ និងស្ថាបនាផ្លូវថ្មី ការសាងសង់ផ្លូវល្បឿនលឿន ស្ពាន ការងារផ្លូវដែក ការងារកំពង់ផែ ការងារប្រព័ន្ធចម្រោះទឹកកខ្វក់ ការងារដឹកជញ្ជូន ការដឹកជញ្ជូនសាធារណៈ ការងារដឹកជញ្ជូនតាមផ្លូវទឹកនិងផ្លូវសមុទ្រ ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ការងារភស្តុភាកម្ម ការងារព័ត៌មានវិទ្យា ការងារកំណែទម្រង់ ស្ថាប័ននិងការអភិវឌ្ឍធនធានមនុស្ស ការងារច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តិផងដែរ។

លោកទេសរដ្ឋមន្រ្តី ក៏បានលើកឡើងពីគម្រោងសំខាន់ៗ ដែលក្រសួងកំពុងតែអនុវត្តន៍រួមមាន៖ គម្រោងស្ថាបនាហេដ្ឋារចនា សម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប (ថវិកាជាតិ) គិតរហូតមកទល់ពេលនេះ សម្រេចបាន ១១.៦៨% គម្រោងស្ថាបនាផ្លូវចំនួន១១ខ្សែសម្រេចបាន ៣១.១៥% ព្រមទាំងការងារស្តារអូរប្រឡាយ ធម្មជាតិចំនួន៥ខ្សែប្រវែងសរុប២៧.៥៤៧គីឡូម៉ែត្រសម្រេចបាន៩៦.៦២% នៅខេត្តព្រះសីហនុ ក្នុងក្របខណ្ឌនៃកញ្ចប់ថវិកាសន្សំរបស់ជាតិ គម្រោងសាងសង់ផ្លូវ ល្បឿនលឿនពីរាជធានីភ្នំពេញទៅដល់ខេត្តព្រះសីហនុ ក្រោមលក្ខខណ្ឌកិច្ចសន្យាសាងសង់-អាជីវកម្ម-ផ្ទេរ (BOT) សម្រេចបាន ៣១.១៩% គម្រោងសាងសង់ ស្ពានឆ្លងទន្លេមេគង្គ (ក្រូចឆ្មារ-ស្ទឹងត្រង់) ប្រវែង ១,១៣១ម៉ែត្រ សម្រេចបាន ៩៦.៤៩%។

បន្ថែមពីលើនេះគម្រោងសាង់សង់ផ្លូវជាតិលេខ៣ រាជធានីភ្នំពេញ-បែកគូស (៤ គន្លងផ្លូវ) និងបែកគូស -ខេត្តកំពត ពង្រីកដល់១២ម៉ែត្រសម្រេចបាន៨៧% គម្រោងសាងសង់ផ្លូវជាតិលេខ៥ ព្រែកក្តាម-ក្រុងប៉ោយប៉ែត ពង្រីកជា៤គន្លងផ្លូវក្នុងនោះ ១៖ (ព្រែកក្តាម-ធ្លាម្អម) ប្រវែង ១៣៥.២៥គីឡូម៉ែត្រ សម្រេចបាន ៣៥.៦២% ២៖ (បាត់ដំបង-សិរីសោភ័ណ) ប្រវែង ៨៤.៧៤គីឡូម៉ែត្រ សម្រេចបាន ៨៩.៧៥% និង ៣៖ (ធ្លាម្អម-បាត់ដំបង) ប្រវែង ១៣៤.២៥គីឡូម៉ែត្រ សម្រេចបាន ២៣.០២% និង (សិរីសោភ័ណ-ប៉ោយប៉ែត) ប្រវែង ៣៤.៤គីឡូម៉ែត្រ កំពុងជ្រើសរើសក្រុមហ៊ុនម៉ៅការសាងសង់។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ទៀតថា ក្រសួងបានទិញគ្រឿងចក្រចំនួន ២២២គ្រឿង សម្រាប់ផ្តល់ជូនមន្ទីរសាធារណការនិងដឹកជញ្ជូន២៥ រាជធានី-ខេត្ត និងអគ្គនាយកដ្ឋាន ប្រព័ន្ធចម្រោះទឹកកខ្វក់ និងបានទទួលជំនួយឥតសំណងជាគ្រឿងចក្រសម្រាប់កែច្នៃគ្រឹះផ្លូវឡើងវិញ (Stabilizer) ចំនួន ១៥គ្រឿងពីរដ្ឋាភិបាលជប៉ុន តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់JICA។

ក្រសួងក៏បានទទួលគ្រឿងចក្រសម្រាប់ផលិតបេតុងកៅស៊ូ និងការងារអ៊ុតកៅស៊ូចំនួន២ឈុត (ចំនួន១៨គ្រឿង) ពីក្រុមហ៊ុនសំណង់សៀងហៃ(SCG) សម្រាប់ឆ្នាំ២០២០ និង២០២១ ដែលក្នុងនោះរួមមាន៖ គ្រឿងចក្រផលិតបេតុងកៅស៊ូដែលមានសមត្ថភាពអាចផលិតបេតុងក្នុងបរិមាណ ១២០តោន/ម៉ោង ចំនួន២គ្រឿង និងគ្រឿងចក្រសម្រាប់ការងារអ៊ុតកៅស៊ូចំនួន១៦គ្រឿងផងដែរ។

លោកទេសរដ្ឋមន្ត្រី ក៏បានសំណូមពរដល់ក្រុមហ៊ុនដឹកជញ្ជូន កុំកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស នាំឲ្យគ្រោះថ្នាក់ចរាចរណ៍ កុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ធ្វើឱ្យផ្លូវឆាប់ខូច ដោយលោកបានលើកឡើងនូវរូបមន្តដូចជា៖ ឧទាហរណ៍ច្បាប់អនុញ្ញាតឲ្យដឹក៣០តោន ប៉ុន្តែយើងដឹក ៤០តោន លើស ១០តោន នោះគេយក ១០ គុណនឹង ១០ ស្មើនឹង ១០០ យក ១០០ គុណនឹង ១០ ស្មើ ១,០០០ យក ១,០០០ គុណនឹង ១០ ស្មើនឹង ១០,០០០ ដូច្នេះឡានមួយគ្រឿងដែលដឹកទំនិញលើស ១០តោន ស្មើនឹងឡាន ១០,០០០ គ្រឿងដឹកទំនិញលើផ្លូវ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបជូនដែរថា ក្រសួងនឹងប្រឡងជ្រើសរើសនិស្សិតចំនួន ២០០នាក់ឱ្យសិក្សាជំនាញឯកទេសនៅវិទ្យាស្ថានតេជោសែន សាធារណការ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងតម្លៃសិក្សាចំនួន៦០០ដុល្លារក្នុងឆ្នាំ និងផ្តល់ឱកាសអាហារូបករណ៍១០០% សម្រាប់និស្សិតឆ្នើមចំនួន៥០នាក់ និងអាហារូបករណ៍៥០%សម្រាប់និស្សិតឆ្នើមចំនួន៥០នាក់ សិក្សារយៈពេល ៤ឆ្នាំ ប៉ុន្តែត្រូវស្ថិតក្រោមការវាយតម្លៃលទ្ធផលសិក្សាប្រចាំឆ្នាំនីមួយៗ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានស្នើឱ្យអង្គសន្និបាត ពិសេសថ្នាក់ដឹកនាំក្រសួង ទីប្រឹក្សា តំណាងមកពីអគ្គនាយកដ្ឋាន នាយកដ្ឋាន និងអង្គភាពជំនាញ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ត្រូវយកចិត្ដទុកដាក់រួមគ្នាពិនិត្យពិភាក្សាលើចំណុចខ្លាំង ចំណុចខ្សាយ បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ នៅក្នុងបទអន្តរាគមន៍ដែលធ្វើឡើងដោយតំណាងអគ្គនាយកដ្ឋានជំនាញ និងតំណាងអន្តរក្រសួងផងដែរ ដើម្បីជាមូលដ្ឋានក្នុងការបូកសរុបវាយតម្លៃ និងការពិភាក្សា សម្រាប់សន្និបាតឱ្យស្របតាមប្រធានបទដែលបានលើកឡើង។

សូមជម្រាបថា ក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានដាក់ចេញផែនការប្រចាំឆ្នាំ តាមដាន និងវាយតម្លៃជាប្រចាំ ជាមួលដ្ឋានវាស់វែង ក្នុងការអនុវត្តផែនកា សកម្មភាពទាំងឡាយរបស់ខ្លួន ដើម្បីជំរុញប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើងផងដែរ៕

អត្ថបទទាក់ទង