ខ្មែរប៉ុស្ដិ៍ Close

លោក ស៊ុន ចាន់ថុល អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសឹង្ហបុរីថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 49
លោក ស៊ុន ចាន់ថុល អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសឹង្ហបុរីថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម លោក ស៊ុន ចាន់ថុល អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសឹង្ហបុរីថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ លោកស្រី Teo Lay Cheng ដែលទើបទទួលការតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសឹង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ នៅទីស្តីការក្រសួងសាធារណការ។

នៅក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះលោកស្រី Teo Lay Cheng ដែលទើបទទួលបានការ តែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោកបានមានប្រសាសន៍ថា បេសកកម្មការទូតរបស់លោកជំទាវឯកអគ្គរដ្ឋទូត គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ដល់ការបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា-សិង្ហបុរី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនខ្លាំងក្លាថែមទៀត។

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីការប្រើប្រាស់ដោយជោគជ័យនូវប្រព័ន្ធជាតិស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្តការចេញប័ណ្ណបើកបរ ការប្រឡងយកប័ណ្ណបើកបរ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ការសម្រេចជ្រើសរើសក្រុមហ៊ុន YCH និងInfrastructure Asia (IA) របស់សាធារណរដ្ឋសិង្ហបុរី ជាដៃគូឯកជនដើម្បីសិក្សា និងអភិវឌ្ឍន៍សំណើគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex – PP-LC) និងភារកិច្ចរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការដឹកនាំរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ (Framework Agreement – FA) ជាមួយក្រុមហ៊ុនYCH និងក្រុមហ៊ុន IA ។

ទន្ទឹមនឹងនោះ លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា គម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ជាគម្រោងយុទ្ធសាស្រ្តមួយដែលមានទីតាំងស្ថិតនៅចំកណ្តាលប្រទេសដោយ មានការគាំទ្រពីបណ្តាញផ្លូវជុំវិញទីក្រុងភ្នំពេញ ដើរតួនាទីក្នុងការចែកចាយទំនិញនៅក្នុងប្រទេស និងជាចំណុចតភ្ជាប់នៃការដឹកជញ្ជូនឆ្លងកាត់ដែលរួមមាន៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស នឹងអាចប្រើជាមណ្ឌលដឹកជញ្ជូន និងភ័ស្តុភារកម្មក្នុងតំបន់ផងដែរ។ ដោយហេតុថា កម្ពុជាមានទីតាំងភូមិសាស្ត្រស្ថិតនៅចំកណ្តាលប្រទេសមហាអនុតំបន់ទន្លេមេគង្គ។

ដោយ ឡែក លោកជំទាវឯកអគ្គរដ្ឋទូត បានបង្ហាញបំណងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសសិង្ហបុរី-កម្ពុជា ឱ្យកាន់តែរឹងមាំឡើងថែមទៀត តាមរយៈបេសកកម្មការទូតរបស់លោកជំទាវ៕

 

អត្ថបទទាក់ទង