លោក ស៊ុន ចាន់ថុល ចុះពិនិត្យស្ថានីយរថភ្លើងប៉ោយប៉ែតដើម្បីត្រៀមតភ្ជាប់ផ្លូវដែកកម្ពុជាជាមួយប្រទេសថៃ និងជំរុញការអនុវត្តដោះស្រាយផលប៉ះពាល់
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូក្រសួង និងមន្ត្រីជំនាញក្រោមឱវាទ ចុះពិនិត្យស្ថានីយរថភ្លើងប៉ោយប៉ែត ដើម្បីជំរុញការអនុវត្តគោលនយោបាយដោះស្រាយផលប៉ះពាល់ និងត្រៀមរៀបចំការតភ្ជាប់ផ្លូវរថដែកកម្ពុជាជាមួយប្រទេសថៃ ក្នុងគោលបំណងបង្កើនទំហំពាណិជ្ជកម្ម និងសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនឲ្យកាន់តែមានភាពល្អប្រសើរ។
គួររំលឹកឡើងថា៖ ផ្លូវដែកភាគខាងជើងរបស់ព្រះរាជាណាចក្រកម្ពុជា ភ្នំពេញ-ប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ ដែលមានប្រវែង ៣៨៦គីឡូម៉ែត្រ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាស្តារឡើងវិញរួចរាល់ និងបានដាក់ឱ្យដំណើរការបណ្តោះអាសន្នកាលពីចុងឆ្នាំ២០១៨ កន្លងទៅនេះ។
ការតភ្ជាប់ផ្លូវដែកកម្ពុជា-ថៃ ពិតជានាំមកនូវកាលានុវត្តភាពថ្មី សម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវដែក ជាមធ្យាបាយដឹកជញ្ជូនទំនិញដ៏ស័ក្តិសិទ្ធ មានតម្លៃថោក សុវត្ថិភាពខ្ពស់ កាត់បន្ថយការកកស្ទះចរាចរណ៍ និងរួមចំណែកក្នុងការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិរបស់ប្រទេសទាំងពីរ ពិសេសតភ្ជាប់និងអភិវឌ្ឍតំបន់អាស៊ាន និងមហាអនុតំបន់មេគង្គផងដែរ៕