ខ្មែរប៉ុស្ដិ៍ Close

ខេត្តកំពង់ស្ពឺតែងតាំងលោក ឱម ម៉ាក់ធារី ជាប្រធានមន្ទីរបរិស្ថានថ្មី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 37
ខេត្តកំពង់ស្ពឺតែងតាំងលោក ឱម ម៉ាក់ធារី ជាប្រធានមន្ទីរបរិស្ថានថ្មី ខេត្តកំពង់ស្ពឺតែងតាំងលោក ឱម ម៉ាក់ធារី ជាប្រធានមន្ទីរបរិស្ថានថ្មី

នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រកាសតែងតាំងមុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នៅសាលប្រជុំសាលាខេត្តអគារ(ខ) ក្រោមអធិបតីភាពលោក ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត និងសមាជិក សមាជិកាជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសនោះ លោក ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរបរិស្ថានថ្មី ឲ្យខិតខំយកចិត្តទុកដាក់​ចំពោះ​ការងារ​ ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល​ ក៏ដូចជាក្រសួង​ យកចិត្តទុកដាក់លើការងារគ្រប់គ្រង​ និងការងារផ្តល់សេវាជូនប្រជាពលរដ្ឋ​ បន្តកិច្ចការងារ​ទំនាក់ទំនងឲ្យបានល្អ ជាមួយអង្គភាពពាក់ព័ន្ធ​ និងដៃគូរអង្គការសង្គមស៊ីវិលនានា​។

ទន្ទឹមនឹងនេះផងដែរ លោក វ៉ី សំណាង ក៏បានណែនាំដល់លោកប្រធានមន្ទីរថ្មី ក្រោយពីពេលទទួលបានតួនាទីថ្មីហើយ ត្រូវខិតខំទ្វេរឡើងថែមទៀត ក្នុងការបំពេញភារកិច្ចដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជន និងជាតិមាតុភូមិតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងថ្នាក់លើដែលប្រគល់ជូន ខិតខំបន្តជម្រុញឱ្យប្រជាពលរដ្ឋយល់ច្បាស់អំពីផលប៉ះពាល់ និងកិច្ចការពារបរិស្ថាន ព្រមទាំងការគ្រប់គ្រងធនធានធម្មជាតិ តាមបណ្តាក្រុង ស្រុក សហគមន៍តំបន់ការពារធម្មជាតិ និងពង្រឹងសហគមន៍តំបន់ការពារធម្មជាតិ ត្រូវខិតខំបន្តកិច្ចសហការគ្នាឱ្យបានជិតស្និតជាមួយជំនាញពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញការងារឱ្យទទួលបានប្រសិទ្ធភាព និងលទ្ធផលខ្ពស់ ។

ទន្ទឹមនោះផងដែរ ការចូលរួមអនុវត្តអោយបានម៉ឺងម៉ាត់ក្នុងការប្រតិបត្តិច្បាប់ អនុវត្តយ៉ាងសកម្មតាមកម្មវិធីនយោបាយ ជាពិសេសយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានកាន់តែប្រសើរ និងទូលំទូលាយថែមទៀតរវាងថ្នាក់លើ និងថ្នាក់ក្រោម និងជាមួយបណ្តាមន្ទីរ-អង្គភាពពាក់ព័ន្ធនានា និងរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវបង្កើនប្រសិទ្ធភាពគ្រប់គ្រងមន្ត្រីរាជការ ដោយមានការពង្រឹងវិន័យ ចេះសម្របសម្រួល តាមដានការងារ និងលើកទឹកចិត្តមន្ត្រីរាជការក្រោមឱវាទ ដើម្បីឱ្យពួកគេបញ្ចេញឱ្យអស់សមត្ថភាពប្រកបដោយមនសិកាវិជ្ជាជីវៈរបស់ខ្លួនដែលមាន។

ក្នុងនោះ ក៏ត្រូវយកចិត្តទុកដាក់លើការងារប្រកបដោយភាពឈ្លាសវៃ ត្រូវមានចក្ខុវិស័យ ទិសដៅផែនការសកម្មភាព លើវិស័យដែលខ្លួនដឹកនាំ ហើយអ្វីជាអាទិភាពក្នុងករណីមានបញ្ហាកើតឡើង ឬមានបញ្ហាប្រឈមត្រូវខិតខំរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា ត្រូវមានគំនិតផ្តួចផ្តើម និងមានមនសិកាការងារខ្ពស់ ប្រកបដោយតម្លាភាព គណនេយ្យភាព និងអភិបាលកិច្ចល្អផងដែរ។

ជាមួយគ្នានោះ លោក ឱម ម៉ាក់ធារី ដែលទើបតែប្រកាសឡើងកាន់តំណែង បានធ្វើការប្តេជ្ញាចិត្តថា ស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល គោរព និងខិតខំអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់លិខិតបទដ្ឋានគតិយុត្តិ និងទិសដៅ មតិណែនាំរបស់ក្រសួង ក៏ដូចជាទិសដៅរបស់ក្រសួងនានាដែលពាក់ព័ន្ធ បន្តនិរន្តភាពការងារក្នុងមន្ទីរ លើសេវាសាធារណៈ ដោយពង្រឹងគុណភាព បច្ចេកទេស គោរពពេលវេលា នឹងរក្សា ថែទាំសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីជាកំលាំងសម្រាប់ពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ ៕

អត្ថបទទាក់ទង