ក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ-១៩ ចំនួន ៥នាក់ ជាសះស្បើយ និងមិនមានករណីឆ្លងថ្មីទេ
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មានករណីព្យាបាលជាសះស្បើយអ្នកជំងឺចំនួន ៥នាក់ និងមិនមានករណីវិជ្ជមានកូវីដ-១៩ ថ្មីនៅកម្ពុជានោះទេ។
តាមរយៈសេចក្តីជូនដំណឹងនេះ ក្រសួងបានបញ្ជាក់ថា ក្នុងចំណោមអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ទាំង ៧នាក់នោះ មាន៥នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និង២នាក់ទៀតជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស។
អ្នកជាសះស្បើយទាំង ៧នាក់នោះ រួមមាន៖
- ស្ត្រីជនជាតិខ្មែរអាយុ ៦៤ឆ្នាំ ស្នាក់នៅសង្កាត់ទូលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាម្តាយរបស់ស្ត្រីអាយុ៣៦ឆ្នាំ ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។
- ស្ត្រីជនជាតិខ្មែរ អាយុ២៥ឆ្នាំ និងទារក អាយុ០៧ខែ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាប្អូនស្រីរបស់អ្នកបើកបរ ឲ្យអគ្គនាយកពន្ធនាគារ។
- បុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ ស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ជាបុគ្គលិកធនាគារចិន (ផ្លូវមុនីវង្ស) ។
សូមកត់សម្គាល់ថា បុគ្គលទាំំង៤នាក់ខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន ចំនួន២ដង និងត្រូវបានអនុញ្ញាឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ។
- បុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ ស្នាក់នៅម្តុំស្តុប NOKIA ខណ្ឌសែនសុខ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ត្រូវបានព្យាបាលជាសះស្បើយ ទទួលបានលទ្ធផលអវិជ្ជមាន២ដង និងត្រូវបានអនុញ្ញតឲ្យចេញ ពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន។
សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី១៧ ខែធ្នូនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣៦២នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣២៤នាក់ និង ៣៨នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕