ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាចាប់ផ្ដើមនាំចេញស្វាយស្រស់ ទៅកាន់ទីផ្សារចិនជាលើកដំបូង (Video inside)

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី៤ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 31
កម្ពុជាចាប់ផ្ដើមនាំចេញស្វាយស្រស់ ទៅកាន់ទីផ្សារចិនជាលើកដំបូង (Video inside) កម្ពុជាចាប់ផ្ដើមនាំចេញស្វាយស្រស់ ទៅកាន់ទីផ្សារចិនជាលើកដំបូង (Video inside)

ការចាប់ផ្តើមដឹកជញ្ជូន ស្វាយស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន ត្រូវបានចាប់ផ្តើមហើយ ដោយក្រុមហ៊ុន ហ៊ុនទី នៅកម្ពុជា។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ដោយបានពិនិត្យឃើញនូវឱកាសវិនិយោគលើវិស័យកសិកម្មកម្ពុជា ក្រុមហ៊ុន ហ៊ុនទី បានចាប់ផ្តើមបោះទុនវិនិយោគ លើការអភិវឌ្ឍវិស័យកសិកម្ម ការលាងសំអាត ការវេចខ្ចប់ ការបង្កើតឃ្លាំងស្តុកត្រជាក់ និងការនាំចេញ ផលិតផលកសិកម្មនៅកម្ពុជា កាលពីឆ្នាំ២០១៧។ មកទល់ថ្ងៃម្សិលមិញនេះ ក្រុមហ៊ុនបានសាកល្បងដឹកជញ្ជូនស្វាយស្រស់មួយកុងតឺន័រ ដោយត្រូវដឹកជញ្ជូនឆ្លងកាត់ប្រទេសវៀតណាម ទៅកាន់ប្រទេសចិន។

លោក វេង សាខុន បានបន្តថា តាមការបញ្ជាក់របស់ក្រុមហ៊ុន នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះបានឲ្យដឹងថា ក្រោយពីបញ្ចប់នៃការសាងសង់ និងដំឡើងឧបករណ៍ សម្លាប់សមាសភាពចង្រៃ (ពងរុយ) នៅក្នុងផ្លែស្វាយរួចរាល់មក ក្រុមហ៊ុនបានចាប់ផ្តើមដឹកជញ្ជូនស្វាយ ពីចំការមកសំអាត និងវេចខ្ចប់ ដោយបានចាប់ផ្តើម បណ្តុះបណ្តាលកម្មករចំនួន៧០នាក់ជាបឋម ដោយត្រូវប្រើប្រាស់រយៈពេល៣ថ្ងៃ ដើម្បីដាក់បញ្ចូលទៅក្នុងមួយកុងតឺន័រ។

ជាមួយគ្នានេះ ក្រុមហ៊ុនមានក្តីសង្ឃឹមថា ក្រោយពីទទួលបានបទពិសោធន៍ ពីការលាងសំអាត និងវិចខ្ចប់ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ នឹងជួយដល់ក្រុមហ៊ុនបង្កើនល្បឿន នៃការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិននាពេលខាងមុខ ។

សូមបញ្ជាក់ថា ពិធីសាររវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាលគយចិន ស្តីពីលក្ខខណ្ឌតម្រូវ ភូតគាមអនាម័យសម្រាប់ ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។

គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះមានក្រុមហ៊ុនចំនួន០៤ ដែលបាននិងកំពុងប្រតិបត្តិការសាងសង់ ទីតាំងវេចខ្ចប់ដោយមានបំពាក់ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់កម្ចាត់ពងរុយចោះផ្លែស្វាយ ដែលក្នុងនោះរួមមាន៖

១៖ ក្រុមហ៊ុនបឹងកេតផ្លេនធីង & អ៊ិនដាសស្ទៀល ឯ.ក មានទីតាំងនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បាននិងកំពុងតម្លើងម៉ាស៊ីន Hot Water Treatment ដែលគ្រោងនឹងបញ្ចប់ នៅអំឡុងខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ

២៖ ក្រុមហ៊ុន បាមីន អេហ្រ្គីខលឈ័រ ហាយ-ថេក ឌីវេឡុបម៉ិន ឯ.ក មានទីតាំងនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បាននិងកំពុងតម្លើងម៉ាស៊ីន Vapor Heat Treatment ដែលគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២០នេះ

៣៖ ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd មានទីតាំងនៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បាននិងកំពុងដឹកសម្ភារ ពីប្រទេសចិនមកសាងសង់ ដែលគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២១

៤៖ ក្រុមហ៊ុន អាល់ ហ្សាហ្ស៊ីលេន ហ្វ៊ូដ ភីធីអ៊ី (ម្ចាស់ក្រុមហ៊ុន HUNTY CO., LTD) មានទីតាំងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននិងកំពុងតម្លើងម៉ាស៊ីន Hot Water Treatment គ្រោងនឹងបញ្ចប់នៅអំឡុងខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។

ដោយឡែក ក្រុមហ៊ុនចំនួន៧ផ្សេងទៀត ដែលមានផែនការបំពាក់ឧបករណ៍/សម្ភារឲ្យបានមុនដំណាច់ឆ្នាំ២០២០នេះ បានផ្អាកបណ្តោះអាសន្ន ដោយសារវិបត្តិជំងឺ Covid 19។ ក្រុមហ៊ុនទាំងនោះរួមមាន៖ (១)-ក្រុមហ៊ុនអង្គរ ហាវេស ឯ.ក (២)-ហ្រ្គីន ស៊ី អេហ្រ្គីខលឈ័រ (៣)-ឃីង ដឹមហ្វ្រូត អ៊ិនធើណេសិនណល (៤)-Green Centric Farm Co., Ltd (៥)-អង្គរហ្គ្រីន អ៊ិនវេសមេន អេន ឌីវេឡុបមេន (អេជីអាយឌី) និង (៦)-First Bio-Tech Agricultural (Cambodia) Co., Ltd៕

អត្ថបទទាក់ទង