ខ្មែរប៉ុស្ដិ៍ Close

កសិករនៅ ឃុំ ស្រែ គរ ស្រុក សេសាន ខេត្តស្ទឹងត្រែង ដាំល្ងបានច្រើននៅឆ្នាំ២០២០នេះ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 32
កសិករនៅ ឃុំ ស្រែ គរ ស្រុក សេសាន ខេត្តស្ទឹងត្រែង ដាំល្ងបានច្រើននៅឆ្នាំ២០២០នេះ កសិករនៅ ឃុំ ស្រែ គរ ស្រុក សេសាន ខេត្តស្ទឹងត្រែង ដាំល្ងបានច្រើននៅឆ្នាំ២០២០នេះ

កសិករនៅឃុំ ស្រែ​គរ ស្រុក សេសាន ខេត្តស្ទឹងត្រែង​ បាននាំគ្នាដាំដុះដំណាំល្ងរយៈពេលខ្លី ទទួលបានទិន្នផលល្អ ហើយមានតម្រូវការទីផ្សារទៀត ដោយមានការបញ្ជាទិញពីអតិថិជនច្រើនជាងឆ្នាំ២០១៨និង២០១៩។ ក្នុងសកម្មភាពប្រមូលផលល្ងនៅឃុំស្រែគរ លោកញាំង អុន កសិករនៅភូមិ-ឃុំ ស្រែ គរ បានបញ្ជាក់ថា៖ឆ្នាំនេះកសិករបានផុលផុសនាំគ្នាដំាដំណាំល្ង រយៈពេលខ្លី ព្រោះវាឆាប់បានទទួលផល ហើយមានការបញ្ជាទិញពីឈ្មួញ ស្រួលលក់នៅក្នុងភូមិ ដោយមិនបាច់ចេញទៅទីផ្សារទេ។

លោកបន្តថា៖ឆ្នាំនេះកសិករអាចរកប្រាក់ចំណូលពីដំណាំល្ងនេះបានមួយចំណែកធំ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ បន្ទាប់ពី កាលពីដើមឆ្នាំរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ផលកសិកម្មមួយចំនួនពិបាកក្នុងការលក់ចេញ ដូចជាស្វាយចន្ទី ដំឡូងមីជាដើម ត្រូវឈ្មួញទំលាក់ថ្លៃធ្វើឱ្យកសិករបាក់ទឹកចិត្តព្រោះចំណាយដើមទុន ច្រើនលក់បានប្រាក់តិច ដូចជាគ្រាប់ស្វាយចន្ទីមួយគីឡូក្រាមមានតម្លៃតែ២.៥០០ទៅ៣.០០០រៀលតែប៉ុណ្ណោះ។ ប៉ុន្តែមកដល់ចុង ឆ្នាំនេះកសិផលទំាងនេះមានទីផ្សារល្អជាងពេលកន្លងទៅ។

លោកស្រី សាលី ខន កសិករនៅភូមិ ស្រែគរ បានអះអាងថា៖ឆ្នាំនេះកសិករយើងបាននាំគ្នាដំាដោយអនុវត្ត តាមការណែនាំរបស់មន្ត្រីជំនាញកសិកម្ម ក្នុងការផ្លាស់ប្តូរផ្ទៃដីពីការដាំដំឡូងមី មកដាំដំណាំល្ងវិញទទួលបានផលល្អ ស្របពេលដែលអាកាសធាតុ មានអំណោយផលទៅលើផ្នែកកសិកម្មនៅឆ្នាំនេះ។
លោក សុវណ្ណ ពិសេដ្ឋ អភិបាល ស្រុក សេសាន បានលើកទឹកចិត្តកសិករឱ្យថែរក្សាពូជល្ង.ស.រយៈពេលខ្លីនេះទុក លក់ចែកចាយដល់បងប្អូនក្នុងភូមិឃុំយើងឱ្យបានគ្រប់ៗគ្នា ដើម្បីធ្វើចលនាដាំដុះដំណាំប្រភេទនេះ សម្រាប់នាំចេញទៅកាន់ ទីផ្សារឱ្យបានច្រើនជារៀងរាល់ឆ្នាំ។

លោកបន្តថា៖នៅពេលផលិផលនេះមានភាពរីកចម្រើន យើងនឹងកំណត់យកផលល្ងនេះធ្វើជាភូមិមួយផលិតផលមួយ ដើម្បីធ្វើការប្រកួតប្រជែងជាមួយភូមិ​ ឃុំ​ផ្សេងៗទៀតដែលមានប្រភេទដំណាំផ្សេងពីគ្នា។ សូមបញ្ជាក់ថា៖ កសិករនៅឃុំ ស្រែ គរ ទទួលបានដីស្រែចម្ការក្នុងមួយគ្រួសារចំនួន៥ហិកតា ខ្លះបានដាំស្វាយចន្ទី ដំឡូងមី ពោត និង ស្រូវ ។ ចំពោះដំណាំល្ងវិញ មានការផុលផុសដាំច្រើនជាងគេនៅឆ្នាំ២០២០នេះ ព្រោះតម្លៃនៅទីផ្សារ លក់បានក្នុងមួយគីឡូក្រាម១០.០០០រៀល៕

អត្ថបទទាក់ទង