ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលដាក់ចេញវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈនិងអគ្គិសនី

ដោយ៖សូ សែនឬទ្ធា | 2 ម៉ោងមុន ព័ត៌មានទូទៅ 40
រាជរដ្ឋាភិបាលដាក់ចេញវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈនិងអគ្គិសនី រាជរដ្ឋាភិបាលដាក់ចេញវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈនិងអគ្គិសនី

យោងតាមសារាចរស្តីពីវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈនិងអគ្គិសនី ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានឲ្យដឹងថា ឆ្លើយតបទៅនឹងស្ថានភាពចំពោះមុខនៃការកើនថ្លៃប្រេងឥន្ធនៈនិងថ្លៃដើមលើការផលិតអគ្គិសនី រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈនិងអគ្គិសនី របស់ក្រសួង ស្ថាប័នទាំងអស់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

នៅក្នុងសារាចរណែនាំ បានបញ្ជាក់ថា ចំពោះវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវគិតគូរពិនិត្យលទ្ធភាពក្នុងការសន្សំសំចៃចំណាយថវិកាតាមរយៈការដាក់ចេញនូវសារាចរលម្អិតដោយឡែកមួយស្តីពីវិធានការធ្វើវិចារណកម្មនិងការពង្រឹងប្រសិទ្ធភាពចំណាយថវិកា ជាអាទិ៍ ចំណាយលើប្រេងឥន្ធនៈនិងបេសកកម្មក្នុងប្រទេសនិងក្រៅប្រទេសលើកលែងតែក្រសួង ស្ថាប័ន ដែលមានប្រតិបត្តិការចាំបាច់ពាក់ព័ន្ធនឹងកិច្ចការពារអធិបតេយ្យជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងការបន្តនិរន្តរភាពនៃការផ្តល់សេវាសាធារណៈដែល មានលក្ខណៈយុទ្ធសាស្ត្រប៉ុណ្ណោះ។

ក្រសួងមហាផ្ទៃ ត្រូវណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋានឱ្យបង្កើនការខិតខំសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈនិងណែនាំដល់អង្គភាពក្រោមឱវាទឱ្យមានការសម្រួលចរាចរណ៍ឱ្យបានល្អនៅក្នុងអំឡុងម៉ោងមមាញឹកបំផុតជាពិសេសក្នុងឱកាសពិធីបុណ្យជាតិដើម្បីចៀសវាងការកកស្ទះដែលតម្រូវឱ្យចំណាយប្រេងឥន្ធនៈបន្ថែមក្នុងពេលរង់ចាំនៅលើដងផ្លូវ។

ក្នុងកាលៈទេសៈដែលកំពុងប្រឈមនឹងវិបត្តិថាមពល គ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវពិនិត្យកាត់បន្ថយជាអតិបរមានូវការធ្វើដំណើរឆ្ងាយក្នុងការរៀបចំសិក្ខាសាលា និងកិច្ចប្រជុំនានាជាលក្ខណៈរូបវ័ន្តដោយលើកទឹកចិត្តឱ្យធ្វើតាមប្រព័ន្ធអនឡាញជំនួសវិញលើកលែងតែករណីចាំបាច់ប៉ុណ្ណោះ។

ទន្ទឹមនោះដែរ ចំពោះវិធានការសន្សំសំចៃលើការប្រើប្រាស់អគ្គិសនីវិញ ក្រសួងរ៉ែ និងថាមពលត្រូវរៀបចំសេចក្តីណែនាំលម្អិតដោយឡែកមួយស្តីពីការប្រើប្រាស់ ឧបករណ៍បរិក្ខារអគ្គិសនីតាមវិធីសន្សំសំចៃថាមពល។ ទន្ទឹមនេះ, ក្រសួងរ៉ែ និងថាមពលត្រូវសហការ ជាមួយនឹងក្រសួងព័ត៌មានដើម្បីរៀបចំផ្សព្វផ្សាយដល់អ្នកប្រើប្រាស់អគ្គិសនីនូវវិធីសន្សំសំចៃការប្រើប្រាស់ថាមពលតាមវិទ្យុ ទូរទស្សន៍និងសារព័ត៌មាននានាឱ្យបានទូលំទូលាយ។

ក្រសួង ស្ថាប័នទាំងអស់ត្រូវអនុវត្តការសន្សំសំចៃអគ្គិសនីក្នុងអគាររដ្ឋបាលនិងក្នុងដំណើរការការងារប្រចាំថ្ងៃរបស់ខ្លួនឱ្យមានប្រសិទ្ធភាពស្របតាមសេចក្តីណែនាំរបស់ក្រសួងរ៉ែ និងថាមពល ហើយរដ្ឋបាលរាជធានី ខេត្ត ត្រូវសហការជាមួយអគ្គិសនីកម្ពុជាដើម្បីពិនិត្យនិងពង្រឹងសក្តិសិទ្ធិភាពក្នុងការប្រើប្រាស់ប្រព័ន្ធបំភ្លឺនៅតាមទីសាធារណៈនានា៕

អត្ថបទទាក់ទង