ខ្មែរប៉ុស្ដិ៍ Close

អ្នក​មិនទទួលទូទាត់​ប្រាក់​រៀល​ក្នុង​ទឹក​ដី​ព្រះរាជាណាចក្រ​កម្ពុជា​ នឹងត្រូវពិន័យធ្ងន់ករ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 115
អ្នក​មិនទទួលទូទាត់​ប្រាក់​រៀល​ក្នុង​ទឹក​ដី​ព្រះរាជាណាចក្រ​កម្ពុជា​ នឹងត្រូវពិន័យធ្ងន់ករ អ្នក​មិនទទួលទូទាត់​ប្រាក់​រៀល​ក្នុង​ទឹក​ដី​ព្រះរាជាណាចក្រ​កម្ពុជា​ នឹងត្រូវពិន័យធ្ងន់ករ

ធនាគារជាតិនៃព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃនេះ​បាន​បង្ហោះ​មាត្រាចំនួន​ពីរ​នៃ​ច្បាប់​ស្តីពី​ការ​រៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ធនាគារជាតិនៃព្រះ​រាជាណាចក្រ​កម្ពុជា​​ដែលមាន​ចែង​ពី​ការ​ប្រើ​ប្រាស់​រូបិយវត្ថុ​របស់​កម្ពុជា និង​ការ​ផ្ទន្ទាទោស​ពិន័យ​លើ​អ្នក​ដែលបដិសេធទូទាត់​រូបិយវត្ថុនេះ។​

តាម​រយៈទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន ដោយមានភ្ជាប់​មក​ជាមួយ​នូវ​មាត្រាចំនួនពីរ​ផង ធនាគារ​ជាតិ​បានសរសេរថា​​ការ​ពុំ​ព្រមទូទាត់​រូបិយ​វត្ថុដែលមាន​តម្លៃនីត្យានុកូល​នឹង​ត្រូវ​ផ្តន្ទាទោស​ពិន័យជា​ប្រាក់​ចំនួន​១០០​ដង​នៃទឹក​ប្រាក់​ដែល​ពុំព្រមទទួល​ទូទាត់នោះ។

ធនាគារជាតិ​បាន​ដកស្រង់មាត្រា​៤៣ ដែលចែងថា «ក្នុងពេលដែលមិនបានដកចេញពីចរាចរទេនោះ ក្រដាសប្រាក់និងកាសដែលបោះផ្សាយដោយធនាគារកណ្តាល គឺជារូបិយវត្ថុមានតម្លៃនីត្យានុកូលក្នុងព្រះរាជាណាចក្រកម្ពុជា និងមានតេជានុភាពធ្វើសេរីកាគ្មានព្រំដែនចំពោះក្រដាសប្រាក់ និងមានព្រំដែនចំពោះកាសក្នុងលក្ខខណ្ឌកំណត់ដោយធនាគារកណ្តាល»។

ដោយឡែក​ទោស​បញ្ញត្តិក្នុង​មាត្រា​៦៤ ចែងថា «ជនណាពុំព្រមទូទាត់រូបិយវត្ថុដែលមានតម្លៃនីត្យានុកូលនិងមានតេជានុភាពធ្វើសេរីកាលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវបានផ្តន្ទាទោសពិន័យជាប្រាក់ស្មើនឹង ១០០ដងនៃទឹកប្រាក់ដែលពុំព្រមទូទាត់នោះ»។

ធនាគារជាតិ​បន្តថា​ តាម​ច្បាប់ជា​ធរមាន ក្នុង​ករណី​ប្រ​ជា​ពល​រដ្ឋ​ជួប​ប្រ​ទះ​បញ្ហា​មិនទទួលឬប្រើ​ប្រាស់​ប្រាក់​រៀល​ក្នុងព្រះរាជាណាចក្រ​កម្ពុជា​ អាចប្តឹងទៅ​អាជ្ញាធរមានសមត្ថកិច្ច ដោយភ្ជាប់ជាមួយ​នូវភស្តុតាង​ចាំបាច់នានា​ ដើម្បីមាន​វិធានការ​តាម​ផ្លូវ​ច្បាប់៕​

អត្ថបទទាក់ទង