ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ រថយន្តយោធាទិញពីចិនក្រៅពីបម្រើវិស័យការពារជាតិ ក៏ប្រើសម្រាប់ជួយសង្គ្រោះពលរដ្ឋដែរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 58
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ រថយន្តយោធាទិញពីចិនក្រៅពីបម្រើវិស័យការពារជាតិ ក៏ប្រើសម្រាប់ជួយសង្គ្រោះពលរដ្ឋដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ រថយន្តយោធាទិញពីចិនក្រៅពីបម្រើវិស័យការពារជាតិ ក៏ប្រើសម្រាប់ជួយសង្គ្រោះពលរដ្ឋដែរ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រថយន្តដែលទិញពីប្រទេសចិនចំនួន ២៩០គ្រឿងថ្មីនេះ គឺទុកសម្រាប់បម្រើឲ្យវិស័យការពារជាតិ ហើយក៏សម្រាប់ប្រើប្រាស់ជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយផ្សេងៗដែរ។ ជាក់ស្តែងរថយន្តយោធាជិត ៣០០គ្រឿងនេះ បាននិងកំពុងសកម្មក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដោយសារជំនន់ទឹកភ្លៀងដែលកើតមានឡើងស្ទើរទូទាំងប្រទេស។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅក្នុងឱកាសអញ្ជើញជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន ១គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ។

លោកនាយករដ្ឋមន្ត្រីបានថ្លែងឲ្យដឹងថា កន្លងមកមានក្រុមជ្រុលនិយម បានរិះគន់ទៅលើវត្តមានរថយន្តយោធា ២៩០គ្រឿង ដែលរាជរដ្ឋាភិបាលបានបញ្ជាទិញពីប្រទេសចិន ហើយក្លាយទៅជាប្រធានបទវាយប្រហារលើរដ្ឋាភិបាលថា ការបញ្ជាទិញរថយន្តយោធានេះ ដើម្បីគម្រាមប្រជាពលរដ្ឋ។ លោកចាត់ទុកថា នេះជាភាសាញុះញង់បំបែកបំបាក់ជាតិ ដែលក្រុមប្រឆាំងតែងតែប្រើទៅហើយ។

ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការទិញរថយន្តយោធានេះ គឺដើម្បីការពារជាតិ ហើយជាក់ស្តែង ពេលនេះជាមធ្យោបាយបំពាក់ឲ្យកងទ័ពក្លាយទៅជាមធ្យោបាយសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបន្តយ៉ាងដូច្នេះថា នេះហើយដែលចង់បញ្ជាក់ថា យើងយកទង្វើជាក់ស្តែង ដើម្បីឆ្លើយតប ជាមួយនឹងការចោទប្រកាន់ថា ទិញរថយន្តយោធាដើម្បីយកមក ដឹកកងទ័ពទៅបង្ក្រាបប្រជាពលរដ្ឋ ក៏ប៉ុន្តែប្រជាពលរដ្ឋរបស់យើងទទួលបាននូវការសង្គ្រោះពីសំណាក់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ រួមមាន កងទ័ព អាវុធហត្ថមាននគរបាល ព្រមទាំងកម្លាំងគ្រប់ប្រភេទទាំងអស់៕

អត្ថបទទាក់ទង