ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ កោតសរសើរសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដែលជោគជ័យដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌ និងសូមខិតខំបន្តទៀត

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 50
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ កោតសរសើរសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដែលជោគជ័យដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌ និងសូមខិតខំបន្តទៀត រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ កោតសរសើរសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដែលជោគជ័យដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌ និងសូមខិតខំបន្តទៀត

(សៀមរាប)៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល១៥០ថ្ងៃ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប។ លោក យិន ស្រាង ប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តសៀមរាប បានជម្រាបជូនសាធារណជន កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស) បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យមើលវឌ្ឍនភាព និងលទ្ធផលរយៈពេល ១៥០ថ្ងៃ នៃការអនុវត្តយុទ្ធនាការដែលបានប្រកាសចាប់ផ្ដើមកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ កន្លងទៅ ។

លោកបានបន្តឲ្យដឹងថា៖ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងប្រធាន គ.យ.ក.ស និងមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួងយុត្តិធម៌ ប្រធានសាលាដំបូង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង និងប្រធានលេខាពិការដ្ឋានរដ្ឋបាលសាលាដំបូង ទូទាំងប្រទេស។ ហើយជាលទ្ធផលសាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តសៀមរាប បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌចាស់ ដែលកកស្ទះដំណាក់កាលអយ្យការ ដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ មានចំនួនសរុប១៥៥៥ សំណុំរឿង ស្មើនឹង ៩៨% នៃសំណុំរឿងព្រហ្មទណ្ឌកកស្ទះ (សំណុំរឿងដែលត្រូវបានជំនុំជម្រះរួច ចំនួន ៤០៥ សំណុំរឿង និងស្មើនឹង ៩៧% នៃសំណុំរឿងទាំងអស់ក្នុងដំណាក់កាលជំនុះជម្រះ)។

បន្ថែមពីនេះសាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តសៀមរាប ក៏បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌថ្មី មានចំនួនសរុប ២០៣២ សំណុំរឿង ស្មើនឹង ៨៣% នៃសំណុំរឿងព្រហ្មទណ្ឌថ្មី (សំណុំរឿងព្រហ្មទណ្ឌថ្មីដែលត្រូវបានជំនុំជម្រះរួច មានចំនួន ១០២៥ សំណុំរឿង ស្មើនឹង ៩៥% នៃសំណុំរឿងថ្មីទាំងអស់ ក្នុងដំណាក់កាលជំនុំជម្រះ)។ ជាមួយនឹងលទ្ធផលនេះ គ.យ.ក.ស ក៏បានប្រកាសអំពីការជោគជ័យ នៃការអនុវត្តយុទ្ធនាការដល់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប ផងដែរ ។

ទន្ទឹមនេះដែរ សាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ក្រសួងយុត្តិធម៌ ដែលបានរៀបចំឯកសារជំនួយស្មារតីស្ដីពី យុទ្ធនាការ, សេចក្ដីណែនាំស្ដីពីគោលការណ៍ ដែលត្រូវអនុវត្តយុទ្ធនាការ និងបង្កើតគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស) និងក្រុមទី៣ នៃ គ.យ.ក.ស ដែលបានចង្អុលបង្ហាញ លើកទឹកចិត្ត ជួយជ្រោមជ្រែង និងដោះស្រាយនូវបញ្ហាប្រឈមនានា ព្រមទាំងសូមថ្លែងអំណរគុណដល់ គណៈកម្មការឯកភាពខេត្ត ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីលេខាធិការដ្ឋានរដ្ឋបាល មន្ត្រីនគរបាលយុត្តិធម៌ មន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងបណ្ដាស្ថាប័ន និងអង្គភាពពាក់ព័ន្ធផ្សេងទៀត ដែលបានចូលរួមយ៉ាងសកម្មប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការជម្រុញការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូង និងអយ្យការអមសាលាដំបូងទាំងមូល។

បន្ថែមពីនេះទៀត សាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តសៀមរាប សូមបន្តប្ដេជ្ញាចិត្តយ៉ាងមោះមុតថា នឹងខិតខំប្រឹងប្រែងអនុវត្ត តួនាទី ភារកិច្ច ប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបានជោគជ័យលើការងារថ្មីៗបន្ថែមទៀត ដោយប្រកាន់ខ្ជាប់នូវអភិរក្សក្រមការងារក្នុងយុទ្ធនាការគឺ «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»៕

អត្ថបទទាក់ទង