ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ២នាក់ លើជនជាតិខ្មែរដែលទើបត្រឡប់មកពីប្រទេសអ៉ីរ៉ាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ កីឡា - សុខភាព 53
ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ២នាក់ លើជនជាតិខ្មែរដែលទើបត្រឡប់មកពីប្រទេសអ៉ីរ៉ាក់ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ២នាក់ លើជនជាតិខ្មែរដែលទើបត្រឡប់មកពីប្រទេសអ៉ីរ៉ាក់

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២០ បានចេញសេចក្តីប្រកាសព័ត៌មាន ប្រកាសពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន២នាក់ លើជនជាតិខ្មែរ ដែលទើបត្រឡប់មកពីប្រទេសអ៉ីរ៉ាក់។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ-១៩ គឺជាបុរសជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ (ជាស្វាមី) និងស្ត្រីជនជាតិខ្មែរ អាយុ ៣២ឆ្នាំ (ជាភរិយា និងមានកូន អាយុ០៣ឆ្នាំ) មានអាសយដ្ឋានស្នាក់នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានធ្វើដំណើរមកពីប្រទេសអឺរ៉ាក់ ឆ្លងកាត់ទីក្រុងដូហា បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។

លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលជាស្វាមី និងភរិយាទាំងពីរនាក់ គឺ វិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយបច្ចុប្បន្នអ្នកជំងឺទាំងពីរនាក់នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត។

សូមកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើសរុបមានចំនួន ១០៨នាក់ (ស្រី៣៤នាក់ កុមារ ០៣នាក់ និងទារក០១នាក់) ដែលក្នុងចំនួននេះ មានបុរសជាតិខ្មែរអាយុ ៣៣ឆ្នាំ និង ស្ត្រីជនជាតិខ្មែរអាយុ ៣២ឆ្នាំដែលរកឃើញកូវីដ-១៩ផងដែរ។ រីឯអ្នក ដំណើរចំនួន១០៦នាក់ ដែលមានលទ្ធផលធ្វើតេស្តអវិជ្ជមានវីរុសវីដ-១៩នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ សណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញ និងមណ្ឌលកងទ័ពអាកាស។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៨៥នាក់ (ស្ត្រី ៥៨នាក់ និងបុរស២២៧នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៨០នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន០៥នាក់៕

អត្ថបទទាក់ទង