ខ្មែរប៉ុស្ដិ៍ Close

ធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់កម្ចី ១២៧​,៨ លានដុល្លារ ដើម្បីជួយពង្រីក បណ្តាញបញ្ជូនថាមពលអគ្គិសនីនៅកម្ពុជា

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 18
ធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់កម្ចី ១២៧​,៨ លានដុល្លារ ដើម្បីជួយពង្រីក បណ្តាញបញ្ជូនថាមពលអគ្គិសនីនៅកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់កម្ចី ១២៧​,៨ លានដុល្លារ ដើម្បីជួយពង្រីក បណ្តាញបញ្ជូនថាមពលអគ្គិសនីនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​អនុម័ត​ផ្តល់ប្រាក់កម្ចី ១២៧,៨ លានដុល្លារអាម៉េរិក ដើម្បីគាំទ្រការកសាងបណ្តាញបញ្ជូន និងអនុស្ថានីយអគ្គិសនី​ ក្នុងការជួយឱ្យរាជធានី​ភ្នំពេញ និងខេត្ត ៣ ផ្សេងទៀតនៃប្រទេសកម្ពុជាទទួលបានការផ្គត់ផ្គង់អគ្គិសនីប្រកប​ដោយ​ស្ថិរភាព និងអាចទុកចិត្តបាន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់​ធនាគារអភិវឌ្ឍន៍អាស៊ី។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា គម្រោងនេះ​ ក៏នឹងសាកល្បងប្រព័ន្ធផ្ទុកថាមពល​ដើរដោយអាគុយខ្នាតធំដំបូងបង្អស់នៅក្នុង​ប្រទេសកម្ពុជាដោយប្រើថវិកាចំនួន៦.៧ លានដុល្លារ។ ក្នុងនោះរាប់បញ្ចូលទាំង៤,៧ លានដុល្លារពីមូលនិធិអាកាស​ធាតុជាយុទ្ធ​សាស្ត្រ​(StrategicClimateFund)​នៃការពង្រីកការអនុវត្តកម្មវិធីថាមពលកកើតឡើងវិញ​នៅ​ក្នុង​ប្រទេសដែលមានចំណូលទាប​ និង២លានដុល្លារពីមូលនិធិថាមពលស្អាត(Clean Energy Fund) នៃគម្រោងដៃគូហិរញ្ញប្បទានសម្រាប់ថាមពលស្អាត​ (Clean Energy Financing Partnership Facility)។ ចំពោះមូលនិធិទាំងពីរត្រូវបានគ្រប់គ្រង​ដោយធនាគារ​អភិវឌ្ឍន៍អាស៊ី។លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជា របស់ធនាគារ​អភិវឌ្ឍន៍​អាស៊ី បានមានប្រសាសន៍ថា គម្រោងបង្កើនប្រព័ន្ធបញ្ជូនចរន្តរួមជាមួយជំនួយ​ជាបន្តរបស់ធនាគារអភិវឌ្ឍន៍អាស៊ីដល់ប្រទេសកម្ពុជាក្នុងការរៀបចំផែនការបណ្តាញថាមពល បង្ហាញថាការផ្គត់ផ្គង់ថាមពលគ្រប់គ្រាន់​អាចទុកចិត្តបាននិងមាននិរន្តរភាពបរិស្ថាន​អាចត្រូវបានផ្តល់ជូនក្នុងតម្លៃសមរម្យដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយសមធម៌។ លោកស្រីបានបន្ដថា ​​ប្រព័ន្ធផ្ទុកថាមពលដោយអាគុយនឹងបង្ហាញពីរបៀបដែល​ការអភិវឌ្ឍ​ខ្នាតធំ ដើម្បីអនុវត្ត​ន៍​បច្ចេកវិទ្យាច្នៃប្រឌិតថ្មីអាចត្រូវបានប្រើដើម្បីដំណើរ​ការបណ្តាញ​អគ្គិ​សនី​ក្នុងប្រទេសកម្ពុជានាពេលអនាគត និងដើម្បីបង្កើតថាមពលកកើតឡើងវិញ​បន្ថែម​ទៀត។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់ការអភិវឌ្ឍវិស័យថាមពល​ជា​អាទិភាពរបស់ជាតិព្រោះថាការផ្គត់ផ្គង់​អគ្គិសនីកាន់តែរឹងមាំនឹងជួយ​ជំរុញផលិតភាព​សេដ្ឋ​កិច្ចនិងគុណភាពជីវិត។ ស្របពេលដែលកម្ពុជាមាន​ការរីកចម្រើនគួរឱ្យកត់សម្គាល់​ក្នុង​ការ​ពង្រីកការផលិតថាមពលតម្លៃទាបក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក​ហេដ្ឋារចនាសម្ព័ន្ធ​បញ្ជូន​ចរន្តដែលមានស្រាប់កំពុងឈានដល់ការប្រើប្រាស់អស់សមត្ថភាពហើយត្រូវការការពង្រីកនិងពង្រឹងបន្ថែមដើម្បីចៀសវាងការរំខានដល់ការផ្គត់ផ្គង់។

លោកស្រីបានបញ្ជាក់ថា “គម្រោងនេះនឹងជួយដល់ អគ្គិសនីកម្ពុជា (EDC) ដែល​ស្ថាប័នអគ្គិសនីជាតិរបស់ប្រទេសកម្ពុជាដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនចរន្តតាមរយៈការផ្តល់ហិរញ្ញប្បទានដល់ការសាងសង់បណ្តាញបញ្ជូន១១៥–២៣០គីឡូវ៉ាត់ចំនួន ៤ និង អនុស្ថានីយអគ្គិសនីចំនួន ១០ នៅរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង កំពង់ចាម និងតាកែវ”។ក្រៅពីនេះ គម្រោងផ្ទុកថាមពលដោយអាគុយ ​សាកល្បងដែលមានទីតាំងស្ថិត នៅ ក្បែរឧទ្យានថាមពល​ព្រះអាទិត្យមានកម្លាំង ១០០មេហ្គាវ៉ាត់ ដែលគាំទ្រដោយ ADB នឹង រួមបញ្ចូលនូវការបណ្តុះបណ្តាលបច្ចេកទេសផងដែរ។ ទន្តឹមនេះ រាជរដ្ឋាភិបាលគ្រោងនឹង​បង្កើន​សមត្ថភាពផលិត​ចរន្តអគ្គិសនី ថាមពលព្រះអាទិត្យដល់ ៤១៥ មេហ្គាវ៉ាត់នៅឆ្នាំ ២០២២ ពោលគឺកើនឡើងពី ១៥៥ មេហ្គាវ៉ាត់ក្នុងឆ្នាំ២០១៩។ ប្រព័ន្ធផ្ទុក​ថាមពល​ដោយ​អាគុយ​ ដែលគាំទ្រដោយគម្រោងនេះមានសមត្ថភាពសន្សំថាមពលអគ្គិសនី ១៦ មេហ្គាវ៉ាត់​ម៉ោងនិងផ្តល់លទ្ធភាពដើម្បីជួយរួមបញ្ចូលថាមពលកកើតឡើងវិញការបន្ថយការកកស្ទះការបញ្ជូនចរន្ត និងធ្វើតុល្យាការនៃការផ្គត់ផ្គង់និងតម្រូវការផងដែរ។

លោកស្រី​ Daniela Schmidt អ្នកឯកទេសផ្នែកថាមពលអគ្គិសនីរបស់ ADB បានឱ្យ​ដឹង​ថា​ គម្រោង តាមរយៈការផ្តល់ហិរញ្ញប្បទាននិងការកសាងហេដ្ឋារចនាសម្ព័ន្ធ​បញ្ជូន​ចរន្តចាំបាច់សម្រាប់ការផ្គត់ផ្គង់អគ្គិសនីប្រកបដោយនិរន្តរភាពនឹងជំរុញផលិតភាពសេដ្ឋកិច្ចរបស់កម្ពុជាសមត្ថភាពប្រកួតប្រជែង​​និងការធ្វើពិពិធកម្មនានាបង្កើតការងារនិងគាំទ្រ​ដល់ ការងើបឡើងវិញរបស់ប្រទេសពីវិបត្តិនៃការរាតត្បាតនៃ COVID-19។ លោកស្រីបាន​បន្ថែម ថា “គម្រោងនេះនឹងបង្កើតការងារដោយផ្ទាល់ចំនួន ១,៣០០ នៅក្នុងវិស័យសំណង់​ជាមួយ​នឹងការផ្តល់ជាប្រយោជន៍ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។ វាក៏នឹងគាំទ្រដល់កិច្ច​ខិតខំប្រឹងប្រែងរបស់អគ្គិសនីកម្ពុជាក្នុងការលើកកម្ពស់បរិយាប័ន្ននិងសមភាពយេនឌ័រនៅកន្លែងធ្វើការនិងលើកទឹកចិត្តឱ្យមានការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យថាមពល”។បើតាមរបាយការណ៍បានលើកឡើងថា ជំងឺរាតត្បាត​ COVID-19 គំរាមកំហែង​កាត់ បន្ថយកំណើន​សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែលមានអត្រាជាមធ្យម ៧,១ភាគរយ ជារៀង រាល់ឆ្នាំពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៩។ សេដ្ឋកិច្ចកម្ពុជាត្រូវ​បានព្យាករណ៍ថានឹងធ្លាក់ចុះ​ក្នុង​រង្វង់–៥,៥ភាគរយ នៅឆ្នាំ២០២០ ដែលអាចជំរុញប្រជាពលរដ្ឋប្រមាណ១,៣លាននាក់ បន្ថែម​ទៀត ឱ្យធ្លាក់ចូលក្នុងភាពក្រីក្រ។ជាមួយគ្នានេះដែរ រាជដ្ឋាភិបាលកំពុងអនុវត្តន៍​កម្ម​វិធីជំនួយ​ដើម្បី​កាត់បន្ថយផលប៉ះពាល់អវិជ្ជមានផ្នែកសង្គមនិងសេដ្ឋកិច្ច។

សូមបញ្ជាក់ផងដែរ ចាប់តាំងពីឆ្នាំ ១៩៩៤ មក​ ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់​ប្រាក់​កម្ចីនិងជំនួយឥតសំណងជិត ២០០ លានដុល្លារដល់វិស័យថាមពលរបស់ប្រទេស កម្ពុជា និងផ្តល់ជំនួយបច្ចេកទេសប្រមាណ ៦ លានដុល្លារ។ ថវិការបស់ធនាគារអភិវឌ្ឍន៍ អាស៊ីបានផ្តោតលើការពង្រីកបណ្តាញបញ្ជូននិងចែកចាយចរន្ត និងគាំទ្រដល់កំណែទម្រង់វិស័យអគ្គិសនីព្រមទាំងការកសាងសមត្ថភាពស្ថាប័ន។កាលពីឆ្នាំមុនធនាគារអភិវឌ្ឍន៍ អាស៊ីបានផ្តល់ ៧,៦៤ លានដុល្លារដើម្បីគាំទ្រដល់ការសាងសង់ឧទ្យានពន្លឺព្រះអាទិត្យ តាមរយៈ​ភាពជាដៃគូរវាងវិស័យសាធារណៈនិងឯកជនរួមជាមួយការបង្កើតផែនទី បង្ហាញ ផ្លូវសម្រាប់ការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យផងដែរ៕

អត្ថបទទាក់ទង