សម្តេចតេជោ ស្នើរដល់អាជ្ញាធរបង្កើនកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ដល់បងប្អូនប្រជាពលរដ្ឋ នារដូវបុណ្យភ្ជុំនេះ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ តារយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយនិងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋនិងទេសចរនៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ។
ជាមួយគ្នានោះ សម្តេចតេជោ ក៏ណែនាំដល់ បងប្អូនប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ–១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ទឹកអាល់កុល នឹងពាក់ម៉ាសក្នុងពេលចូលរួមពិធីដែលមានអ្នកចូលរួមច្រើន ដូចជាក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះជាដើម។សម្តេចតេជោនាយករដ្ឋមន្ត្រី បានជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នាកុំបីខាន។ សូមបញ្ជាក់ផងដែរថា ថ្ងៃទី៨ ខែកញ្ញា នេះ គឺជាថ្ងៃកាន់បិណ្ឌ៦ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរ ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។
ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែ កញ្ញាឆ្នាំ២០២០៕