ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នគ្រប់ពេល​ចំពោះជំងឺឆ្លងកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 28
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នគ្រប់ពេល​ចំពោះជំងឺឆ្លងកូវីដ-១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នគ្រប់ពេល​ចំពោះជំងឺឆ្លងកូវីដ-១៩

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ បន្តអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ត្រូវបន្តប្រុងប្រយ័ត្នគ្រប់ពេល​ចំពោះជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវ។

តាមរយៈផេកហ្វេសប៊ុកផ្លូវការ  លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរថា៖ សូមបងប្អូនជនរួមជាតិបន្តយកចិត្តទុកដាក់ថែរក្សាការពារសុខភាពកុំអោយឆ្លងរោគកូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគ ហើយត្រូវតែពាក់ម៉ាសជាប្រចាំ។ ជំងឺឆ្លងកូវីដ-១៩ មិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។ សូមកុំធ្វេសប្រហែស ឬមើលស្រាលជំងឺឆ្លងកូវីដ-១៩ អោយសោះ។ ចំពោះទីកន្លែងដែលមានចំនួនមនុស្សប្រមូលផ្តុំច្រើនដូចជាទីផ្សារ ផ្សារទំនើប ហាងទំនិញលក់ដូរតាមផ្លូវតូចធំ ភោជនីយដ្ឋាន ហាងកាហ្វេ ជាពិសេសគ្លីនិក និងមន្ទីរពេទ្យរដ្ឋនិងឯកជន គឺត្រូវមានជែល ទឹកអាល់កុល និងម៉ាស ដើម្បីអោយពលរដ្ឋនិងអតិថិជនប្រើប្រាស់កុំអោយឆ្លងរោគ។

លោកបានគូសបញ្ជាក់ទៀតថា ជំងឺឆ្លងកូវីដ-១៩ កំពុងធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ ក្នុងនោះក៏ប៉ះពាល់ដល់កម្ពុជាផងដែរ ហេីយក្នុងពេលនេះគឺបានធ្វើអោយពលរដ្ឋក្រីក្រជាង៦សែនគ្រួសារកំពុងប្រឈមនឹងកង្វះខាតស្បៀងអាហារ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមថា ថ្ងៃនេះលោកនឹងប្រកាសដាក់អោយប្រើប្រាស់ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩”៕

អត្ថបទទាក់ទង