ខ្មែរប៉ុស្ដិ៍ Close

កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ២នាក់បន្ថែមទៀត ជាអ្នកដែលទើបត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២០ កីឡា - សុខភាព 31
កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ២នាក់បន្ថែមទៀត ជាអ្នកដែលទើបត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ២នាក់បន្ថែមទៀត ជាអ្នកដែលទើបត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី

បើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃអាទិត្យ ទី ១៤ ខែមិថុនា ឆ្នាំ ២០២០ នេះ ក្រសួងបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន២ករណីបន្ថែមទៀត ដែលធ្វើអោយចំនួនអ្នកឆ្លងសរុបកើនដល់ ១២៨នាក់ ខណៈពេលដែលចំនួនអ្នកជាសះស្បើយមាន ១២៥នាក់ និងកំពុងសម្រាកព្យាបាលបន្តកើនដល់ ៣នាក់។

បើតាមក្រសួងសុខាភិបាល អ្នកដែលទើបឆ្លងថ្មីនោះ គឺជាបុរសជនជាតិខ្មែរ២នាក់ ម្នាក់អាយុ ២២ឆ្នាំ ​និងម្នាក់ទៀតអាយុ ២៩ឆ្នាំ រស់នៅឯខេត្តកំពង់ចាម ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីតាមជើងហោះហើរត្រង់មកកម្ពុជាកាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២០ និងរកឃើញមានផ្ទុកមេរោគកូវីដ១០នៅព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញ។ បច្ចុប្បន្ននេះ បុរសទាំងពីររូបនេះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៃរាជធានីភ្នំពេញ។

គួរកត់សម្គាល់ដែរថា ជើងហោះហើរនោះមានអ្នកដំណើរសរុបចំនួន ៤៦នាក់ (ស្រី ២៤នាក់) ហើយក្នុងចំណោមនោះមានជនជាតិខ្មែរចំនួន ៤២នាក់ (ស្រី ២៦នាក់) និងជនជាតិឥណ្ឌូណេស៊ីចំនួន ៤នាក់ (ស្រី២នាក់ ដែលក្នុងនោះមានកុមារីអាយុ ៤ឆ្នាំម្នាក់ផង)។

អ្នកទាំង ៤៤នាក់ដែលមានលទ្ធផលតេស្តអវិជ្ជមាន ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃនៅមណ្ឌលចត្តាឡីស័កជម្ពូវ័ន១ មណ្ឌលចត្តាឡីស័កនៅតាមបណ្ដាខេត្តដែលបុគ្គលរស់នៅ (សម្រាប់អ្នកដែលមិនមានលទ្ធភាពបង់ថ្លៃសណ្ឋាគារ) និងសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ (សម្រាប់អ្នកដែលជ្រើសរើសយកការបង់ថ្លៃសណ្ឋាគារ) សម្រាប់ធ្វើការតាមដានសុខភាពបន្ត។

សូមជម្រាបថា អ្នកដែលកំពុងសម្រាកព្យាបាលបន្តបច្ចុប្បន្នមានចំនួន ៣នាក់ ដែលរួមមានដូចជា៖

  • បុរសជនជាតិខ្មែរ ១នាក់ដែលបានវិលត្រឡប់ពីប្រទេសហ្វីលីពីន និងដែលបច្ចប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ
  • បុរសជនជាតិខ្មែរ អាយុ ២២ឆ្នាំ ១នាក់ រស់នៅខេត្តកំពង់ចាមដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី និងដែលបច្ចប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ
  • បុរសជនជាតិខ្មែរ អាយុ ២៩ឆ្នាំ ១នាក់ រស់នៅខេត្តកំពង់ចាមដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី និងដែលបច្ចប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ

សូមអាននូវសេចក្ដីជូនដំណឹងទាំងស្រុងរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង