ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរបើកដំណើរការឡើងវិញផ្ទះអ្នកជំងឺកូវីដ១៩ នៅខណ្ឌឫស្សីកែវ ក្រោយបិទបណ្ដោះអាសន្នធ្វើចត្តាឡីស័ក១៤ថ្ងៃ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 392
អាជ្ញាធរបើកដំណើរការឡើងវិញផ្ទះអ្នកជំងឺកូវីដ១៩ នៅខណ្ឌឫស្សីកែវ ក្រោយបិទបណ្ដោះអាសន្នធ្វើចត្តាឡីស័ក១៤ថ្ងៃ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ អាជ្ញាធរបើកដំណើរការឡើងវិញផ្ទះអ្នកជំងឺកូវីដ១៩ នៅខណ្ឌឫស្សីកែវ ក្រោយបិទបណ្ដោះអាសន្នធ្វើចត្តាឡីស័ក១៤ថ្ងៃ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

(ភ្នំពេញ)៖ លោក លីន ញ៉ក់ និងលោកស្រី សួស សូលីដា អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ និងជាអភិបាលរងខណ្ឌទាំងពីររូប បានដឹកនាំមន្ត្រីចុះបើកដំណើរការជាសាធារណៈឡើងវិញនូវផ្ទះឈ្មោះ ឡាយ គា មួយកន្លែង ក្នងចំណោម៤ទីតាំង ក្រោយពីអាជ្ញាធរ សហការជាមួយមន្ត្រីសុខាភិបាលរកឃើញឈ្មោះ ឡាយ គា នេះមានវិជ្ជមានកូវីដ១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហើយប្រកាសបិទឃ្លុំបេជាបណ្ដោះអាសន្ន ដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

ការសម្រេចបើកដំណើរការឡើងវិញនូវទីតាំងផ្ទះឈ្មោះ ឡាយ គា អ្នកជំងឺកូវីដ១៩ របស់គណៈកម្មការចំរុះ នៃរដ្ឋបាលខណ្ឌឫស្សីកែវ ដែលដឹកនាំដោយអភិបាលរងខណ្ឌទាំងពីររូបនេះ បានធ្វើឡើងតំណាងឲ្យលោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងមានការឯកភាព និងអនុញ្ញាតដោយលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ស្ថិតនៅក្រុមទី១ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១។

ជាមួយការបើកដំណើរការជាសាធារណៈឡើងវិញនូវផ្ទះឈ្មោះ ឡាយ គា អ្នកជំងឺកូវីដ១៩នេះ លោក លីន ញ៉ក់ អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ និងជាអភិបាលរងខណ្ឌ បានណែនាំប្រជាពលរដ្ឋ ឲ្យអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ ការពារ និង៣កុំ» រួមមាន៖ ពាក់ម៉ាស់, លាងដៃ, គម្លាតសុវត្ថិភាពសង្គម, គម្លាតសុវត្ថិភាពបុគ្គល (ចាប់ពី ១ម៉ែត្រកន្លះឡើងទៅ)។

ឯ «៣កុំ»គឺ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ហើយរកកន្លែងមានខ្យល់ចេញចូល, កុំទៅកន្លែងមានមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា, កុំចាប់ដៃគ្នា, កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម បើផ្តាសាយ ឬសង្ស័យមានជំងឺកូវីត-១៩ ដាច់ខាតកុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ និងត្រូវទាក់ទងទៅគ្រូពេទ្យភ្លាមៗ តាមវិធានការក្រសួងសុខាភិបាល ហើយក៏ជាសារដឹកនាំផ្ដាំផ្ញើដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

សូមជម្រាបថា សម្រាប់ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានទីតាំងចត្តាឡីស័កចំនួន០៤កន្លែង ដូចខាងក្រោម៖

១៖ សង្កាត់ទួលសង្កែទី២ មាន០២គឺ៖ ផ្ទះ សួស តូនី ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ និង Ho Ming Jie ផ្ទះលេខ 103 ភូមិពោងពាយ សង្កាត់ទួលសង្កែទី២
២៖ សង្កាត់ឫស្សីកែវ គឺផ្ទះ គិន កូលាប ផ្ទះ១១៣២ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ
៣៖ និងដោយឡែក សង្កាត់គីឡូម៉ែត្រលេខ៦ គឺផ្ទះ ឡាយ គា ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦ គឺត្រូវបានបើកឲ្យដំណើរការជាសាធារណៈឡើងវិញហើយ ក្រោយពីបិទបណ្ដោះអាសន្ន ដើម្បីធ្វើចត្តាឡីស័ក១៤ថ្ងៃ ពាក់ព័ន្ធ (ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ)៕

បញ្ចេញមតិ

អត្ថបទទាក់ទង