ចំនួនអ្នកឆ្លងកូវីដ-១៩នៅរុស្ស៊ីកើនលើស ៣០ម៉ឺនករណីហើយ ប៉ុន្តែអត្រាស្លាប់មានតិចបំផុត
ចំនួននៃអ្នកឆ្លងកូវីដ-១៩សរុបនៅប្រទេសរុស្ស៊ី បានកើនលើសចំនួន ៣០ម៉ឺនករណីហើយ ដែលធ្វើអោយរុស្ស៊ីជាប់តំណែងជាប្រទេសទី២ក្នុងលោកដែលមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេបន្ទាប់ពីសហរដ្ឋអាមេរិក ។
នៅថ្ងៃពុធទី ២០ ខែឧសភា ឆ្នាំ២០២០ នេះ ចំនួនអ្នកឆ្លងកូវីដ-១៩ថ្មីនៅរុស្ស៊ីមាន 8,764 ករណី ដែលធ្វើអោយចំនួនអ្នកឆ្លងសរុបកើនដល់ 308,705 ករណីហើយ ។
លោកស្រីវេជ្ជបណ្ឌិត Melita Vujnovich ប្រធានតំណាងអង្គការសុខភាពពិភពលោកប្រចាំរុស្ស៊ីជឿជាក់ថា ស្ថានភាពនៅក្នុងប្រទេសរុស្ស៊ីបានឈានចូលដល់ដំណាក់កាលថេរនៃការឆ្លងរីករាលដាលហើយ ។
មានតែសហរដ្ឋអាមេរិកមួយប៉ុណ្ណោះដែលមានអ្នកឆ្លងច្រើនជាងប្រទេសនេះ ឯអត្រានៃអ្នកស្លាប់នៅរុស្ស៊ីវិញ មានតិចតួចមិនគួរអោយជឿ ។ រដ្ឋាភិបាលរុស្ស៊ីបានការពារនូវវិធីសាស្ត្រក្នុងការរាប់អ្នកស្លាប់ដោយសារជម្ងឺកូវីដ-១៩នេះ និងថាការរាប់របស់ខ្លួនសុក្រិតជាងនៅបណ្ដាប្រទេសមួយចំនួនទៅទៀត ។
គួរបញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ រុស្ស៊ីមានអ្នកស្លាប់ថ្មីដោយសារជម្ងឺកូវីដ-១៩ចំនួន 135 នាក់ ដែលធ្វើអោយអ្នកស្លាប់សរុបកើនដល់ 2,972 នាក់ ៕