ខ្មែរប៉ុស្ដិ៍ Close

ប្រទេសមួយចំនួននៅអឺរ៉ុបបានចាប់ផ្ដើមបន្ធូរបន្ថយការបិទខ្ទប់ប្រទេសនៅថ្ងៃចន្ទម្សិលមិញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 34

ប្រទេសអ៊ីតាលីបានបើកអោយដំណើរការរង្គសាល ភោជនីយដ្ឋាន និងហាងកាហ្វេឡើងវិញ ហើយព្រះវិហារ St Peter’s basilica នៅបុរីវ៉ាទីកង់ក៏បានបើកអោយភ្ញៀវទេសចរណ៍ចូលទស្សនាវិញផងដែរ ចំណែកឯទីក្រុង Venice ដងព្រែកសម្រាប់ការជិះទូកកំសាន្តបានបើកឡើងវិញផងដែរ ។ អ៊ីតាលីជាប្រទេសទីមួយនៅអឺរ៉ុបដែលបានសម្រេចបិទប្រទេសទាំងស្រុងតាំងពីជាង២ខែមុន ។ ប្រទេសនេះមានអ្នកស្លាប់ដោយសារ Covid-19 ចំនួនជាង 32,000នាក់ ឯសេដ្ឋកិច្ចវិញបានធ្លាក់ចុះប្រមាណ 10% ។

ចំណែកឯអេស្ប៉ាញវិញនឹងបើកទទួលភ្ញៀវទេសចរណ៍ឡើងវិញនៅចុងខែមិថុនាខាងមុខ ។ ប្រទេសប៉ូឡូញបានបើកអោយភោជនីយដ្ឋានដំណើរការឡើងវិញដែលជាផ្នែកមួយនៃការបន្ធូរបន្ថយវិធានការបិទខ្ទប់នៅដំណាកកាលទី៣របស់ខ្លួន។

ប្រទេសក្រិកអនុញ្ញាតអោយអ្នកទេសចរណ៍អាចទៅលេងកោះធំៗទាំងពីររបស់ខ្លួនគឺកោះ Crete និងកោះ Evia ដែលផ្សារទំនើប និងសួនសត្វត្រូវបើកឡើងវិញ ។ ឯសកម្មភាពកីឡាវិញ ក្រិកអនុញ្ញាតអោយបើកសម្រាប់តែមនុស្សដែលមានអាយុ 13 ឆ្នាំឡើងតែប៉ុណ្ណោះ ។ អ្នកដំណើរលើរថយន្តក្រុង និងរទេះភ្លើងត្រូវតែពាក់ម៉ាសជាចាំបាច់ ។

ឯអេស្ប៉ាញវិញ 3/4 នៃផ្ទៃប្រទេសកំពុងតែបន្តទៅរកការវិវឌ្ឍទៅកាន់ដំណាក់កាលទី២នៃការបន្ធូរបន្ថយការបិទខ្ទប់ ។ មនុស្សរាប់លាននាក់អាចជួបជុំគ្នាជាក្រុមតូចៗដល់ ១០នាក់ ហើយអាចញ៉ាំអាហារជាមួយគ្នានៅតាមភោជនីយដ្ឋាន ឬហាងកាហ្វេបាន ។ នៅទីក្រុង Valencia ឆ្នេរសមុទ្របានបើកអោយមានមនុស្សមកកំសាន្តឡើងវិញ ដោយគេឃើញអ្នកបម្រើម្ហូបអាហារប្រកបដោយម៉ាស់បានរៀបចំតុនៅលើឆ្នេរខ្សាច់ ។

តំបន់ Madrid និងតំបន់ទីប្រជុំជន Barcelona នៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃអ្វីដែលរដ្ឋាភិបាលបានហៅថា “ការផ្លាស់ប្តូរឆ្ពោះទៅរកភាពប្រក្រតីថ្មី” ។

ចំណែកប្រទេស អៀឡង់ វិញ បានអនុញ្ញាតអោយអាជីវកម្មខ្នាតខ្លះៗដូចជា មជ្ឈមណ្ឌលថែសួន ហាងលក់គ្រឿងបម្លាស់ ហាងជួសជុលកង់ និងហាងលក់គ្រឿងសំណង់ ចាប់ផ្ដើមដំណើរការឡើងវិញ ហើយអនុញ្ញាតអោយមនុស្សជួបជុំគ្នាបានត្រឹម ៤នាក់ ដោយគោរពវិធានគម្លាតសង្គម ៕

អត្ថបទទាក់ទង