ដើម្បីសម្រេចផែនការធំរបស់ខ្លួន បរទេសខ្លះបានជះលុយឱ្យសង្គមស៊ីវិល ដើម្បីបំផ្លាញកម្ពុជា!
ប្រជាពលរដ្ឋកម្ពុជា កាន់តែដឹងច្បាស់អំពីមុខមាត់ និងចិត្តគំនិតពិតរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលនៅលើបបូរមាត់អួតអាងថា ខ្លួនស្រឡាញ់ជាតិ និងប្រជាជន មានចិត្តជួយខ្មែរដោយស្មោះត្រង់ ប៉ុន្តែតាមពិតពោរពេញទៅដោយល្បិចកល ផែនការដ៏ខ្មៅកខ្វក់ ធ្វើសកម្មភាពបម្រើឱ្យផលប្រយោជន៍បរទេស បំផ្លាញជាតិ និងប្រឆាំងផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ។ សកម្មភាពរបស់ពួកគេត្រូវបានបង្ហាញកាន់តែច្បាស់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ នៅពេលដែលចលនានៃការតវ៉ា និងទាមទារក្នុងចំណោមប្រជាជន ប្រជាកសិករមួយចំនួនតូច នៅក្នុងខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកោះកុង និងរាជធានីភ្នំពេញ លើបញ្ហាដីធ្លី បានកើតឡើងព្រមគ្នា និងក្នុងគោលបំណងតែមួយ ប្រៀបបាននឹងហ្វូងស្រមោចចេញពីរូងក្នុងគោលដៅដើម្បីសាកល្បងកម្លាំងអាជ្ញាធរនៅមុនពេលបោះឆ្នោត។ អង្គការមួយចំនួនដែលត្រូវបានបកស្បែកមុខក្នុងអត្ថបទ «ស្រមោលបដិវត្តន៍ពណ៌» រួមមាន សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ដឹកនាំដោយឈ្មោះ ថេង សាវឿន វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) ដឹកនាំដោយឈ្មោះ តឹក វណ្ណារ៉ា រួមនឹងអង្គការសិទ្ធិមនុស្សផ្សេងទៀត ត្រូវបានគេដឹងថាស្ថិតនៅក្នុងការជួយសម្របសម្រួលក្នុងកិច្ចការងារនេះ ដើម្បីបំបះបំបោរប្រជាជន ក្នុងវិស័យដីធ្លី ដីកសិកម្ម បរិស្ថាន និងធនធានធម្មជាតិ ក្នុងបំណងបម្រើផលប្រយោជន៍នយោបាយក្រុមប្រឆាំង ដោយមានការគាំទ្រថវិកាពីអង្គការ IDI (Inclusive Development International) របស់សហរដ្ឋអាមេរិក។
ទោះបីជាក្រុមមេដឹកនាំអង្គការទាំងនេះ ចេញមកបដិសេធថាមិនមានការជាប់ពាក់ព័ន្ធនឹងផែនការចិញ្ចឹមទំនាស់នៅកម្ពុជា ក្នុងក្របខណ្ឌនៃផែនការបដិវត្តន៍ពណ៌ ដើម្បីផ្តល់ឱកាសឱ្យក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់ វាយបក និងកៀងគរកម្លាំង និងញុះញង់ឱ្យមានការបះបោរប្រឆាំងនឹងរដ្ឋអំណាច ប៉ុន្តែភស្តុតាងជាច្រើន ត្រូវបានរកឃើញពីសកម្មភាពនៃការបំផ្លាញជាតិរបស់ពួកគេ ក្រោមរូបភាពការពារសិទ្ធិ ការពារសិទ្ធិមនុស្ស និងធ្វើឱ្យកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ។ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្លែងក្លាយ ដែលពួកគេប្រើប្រាស់សង្គមស៊ីវិលដើម្បីអនុវត្តដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងការញុះញង់ និងបង្កបង្កើតចលាចលណាមួយដើម្បីបម្រើឱ្យផែនការផ្លាស់ប្តូរ ដែលពួកគេបានដាក់ចុះ ដោយភ្ជាប់ជាមួយកញ្ចប់ថវិកាផងដែរ។ ក្រុមសង្គមស៊ីវិលនេះ បានអនុវត្តសកម្មភាពប្រភេទតូចៗ ក្នុងការពង្រឹងការតស៊ូមតិ និងខ្សឹបប្រាប់ប្រជាពលរដ្ឋកុំឱ្យស្តាប់អាជ្ញាធរ និងត្រូវចេះប្រឆាំងនឹងអាជ្ញាធរ។ សកម្មភាពទាំងអស់នោះតូច ប៉ុន្តែបានបម្រើឱ្យគោលដៅរួមធំមួយរបស់ម្ចាស់ជំនួយរបស់ខ្លួន ក្នុងការផ្លាស់ប្តូររបបដឹកនាំដែលពួកគេមិនពេញចិត្ត ឬមិនស្ថិតនៅក្រោមឥទ្ធិពលរបស់ពួកគេ ក្រោមរូបភាពនៃការពង្រឹងការអនុវត្តសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
សម្ព័ន្ធសហគមន៍កសិករកម្ពុជាដឹកនាំដោយឈ្មោះ ថេង សាវឿន ត្រូវបានគេដឹងថាស្ថិតនៅក្រោមការគ្រប់គ្រងរបស់វេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) មានទំនាក់ទំនងនឹងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) របស់លោក វន ពៅ ដែលធ្លាប់ត្រូវបានចាប់ខ្លួននៅក្នុងបាតុកម្មញុះញង់បង្កចលាចលសង្គម នៅស្ទឹងមានជ័យ នៅដើមឆ្នាំ ២០១៤កន្លងទៅ ក្នុងក្របខ័ណ្ឌនៃផែនការបដិវត្តន៍ពណ៌ ដឹកនាំអនុវត្តផ្ទាល់ដោយគណបក្សសង្គ្រោះជាតិ ក្រោយការបោះឆ្នោតជ្រើសតាងតំណាងរាស្ត្រអាណត្តិទី៥ ហើយ។ ជាមួយគ្នានេះ អង្គការនេះបានអនុវត្តបន្តនូវទិសដៅរបស់ អង្គការ NGO Forum ដឹកនាំដោយ តឹក វណ្ណារ៉ា លើបញ្ហាដីធ្លី បញ្ហាដីកសិកម្ម ផលប៉ះពាល់ពីវិស័យបរិស្ថាន និងធនធានធម្មជាតិ ដោយពួកគេនឹងនៅពីក្រោយ ដើម្បីជម្រុញការតវ៉ាទាមទាររបស់ប្រជាពលរដ្ឋឱ្យបានខ្លាំងក្លាបំផុតនៅមុនពេលបោះឆ្នោត នាខែកក្កដា ឆ្នាំ២០១៨ខាងមុខ។ តាមឯកសារដែលទទួលបាន ក្នុងរយៈពេលពីឆ្នាំ២០១២ ដល់ឆ្នាំ ២០១៧ ប្រធានអង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា ថេង សាវឿន ដែលជាអ្នកកាន់គណនីរបស់អង្គការនេះដោយផ្ទាល់ បានទទួលការផ្ទេរសាច់ប្រាក់ចំនួន ២១លើក សរុបជាទឹកប្រាក់ចំនួនជាង ៣០ម៉ឺនដុល្លារអាមេរិក មកពីអង្គការ Danmission របស់ប្រទេសដាណឺម៉ាក់ Diakonia របស់ប្រទេសស៊ុយអែត និងសហរដ្ឋអាមេរិក Folkekirkens Nodhjelp របស់ប្រទេសដាណឺម៉ាក់ Misjondlliansen របស់ប្រទេសន័រវែស Stichting Xminy របស់ប្រទេសហូឡង់ និង Global Greengrants Fund របស់សហរដ្ឋអាមេរិក។ យោងតាមប្រភពព័ត៌មានស្និទ្ធនឹងអង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា អង្គការនេះក៏ជាផ្នែកមួយស្ថិតនៅក្នុងរចនាសម្ព័ន្ធនៃចលនាបដិវត្តពណ៌នៅកម្ពុជាផងដែរ តាមរយៈសកម្មភាព «បដិវត្តន៍កសិករ ឬបដិវត្ដន៍បៃតង» ដែលពួកគេបានធ្វើកន្លងទៅ។
តាមប្រភពព័ត៌មាន អង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា បច្ចុប្បន្នបានទទួលការគាំទ្រថវិកាពីអង្គការ GIZ របស់អាឡឺម៉ង់ និងអង្គការ APRN (Asia Pacific Review Network) ដែលផ្តល់ការបណ្តុះបណ្តាល ដោយមិនចំហជាច្រើនលើកនៅក្នុងប្រទេស ដើម្បីត្រៀមធ្វើសកម្មភាពផ្សេងៗ។ តាមប្រភពព័ត៌មាន អង្គការនេះកំពុងមានសកម្មភាពនៅក្នុង ខេត្តកណ្តាល ព្រះវិហារ ស្វាយរៀង និងខេត្តព្រះសីហនុ ហើយពិសេស ក៏មានពាក់ពន្ធ័នឹងព្រឹត្តិការណ៍នៃការញុះញង់ឱ្យប្រជាពលរដ្ឋដណ្តើមកាន់កាប់ដីដោយខុសច្បាប់នៅស្រុកស្នួល ខេត្តក្រចេះ កាលពីខែមីនា ឆ្នាំ២០១៨ រហូតដល់មានការប្រឌិតព័ត៌មាន ក្នុងគោលបំណងនយោបាយ និងបង្កចលាចល ថាមានការបាញ់សម្លាប់មនុស្ស ៦នាក់ និងរបួសជាង ៤០នាក់ទៀតផង ក្នុងចេតនាបង្កចលាចលសង្គម និងបង្កការខឹងសម្បារនឹងអាជ្ញាធររាជរដ្ឋាភិបាល ងាយស្រួលពួកគេបំផ្ទុះកំហឹងប្រជាពលរដ្ឋ។ ក្រុមសង្គមស៊ីវិលនានាដែលធ្វើការងារលើបញ្ហាសិទ្ធិមនុស្ស សិទ្ធិលំនៅដ្ឋាន សិទ្ធិកាន់កាប់ដីធ្លីជាដើម បាននិងកំពុងតែត្រៀមសកម្មភាពរបស់ខ្លួននានា ដើម្បីប្រើជាលេសញុះញង់ប្រជាពលរដ្ឋដែលជាសមាជិករបស់ខ្លួន តតាំងជាមួយអាជ្ញាធរ នៅពេលណាមួយចាំបាច់ដើម្បីគោលដៅ រំខាន បង្ខូច និងបំផ្លាញការបោះឆ្នោតដែលកម្ពុជាត្រៀមរៀបចំនាខែកក្កដា ឆ្នាំ២០១៨ ក្នុងករណីខ្មោចបក្សសង្គ្រោះជាតិមិនអាចរស់រានវិញបាន និងគ្មានវត្តមានក្នុងការបោះឆ្នោត។
ក្រៅពីធ្វើការងារជាសម្ងាត់អនុវត្តផែនការបដិវត្តន៍កសិករ ឬបដិវត្តន៍បៃតងនៅក្នុងវិស័យកសិកម្ម អង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា នៅដើមខែកុម្ភៈ ឆ្នាំ២០១៧ បានសហការជាមួយអង្គការសង្គមស៊ីវិលចំនួន ៣៨ ដើម្បីបង្កើតមូលនិធិមួយឈ្មោះថា «បន្ទប់ស្ថានការណ៍បោះឆ្នោត» ដោយបានរៀបចំផែនការសកម្មភាពនានា ដើម្បីតាមដានលើការបោះឆ្នោត និងធ្វើរបាយការណ៍បែបអវិជ្ជមាន ដើម្បីសម្អុយកេរ្តិ៍ឈ្មោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចោទប្រកាន់អំពីភាពមិនប្រក្រតីនានាជុំវិញការបោះឆ្នោត លើគណបក្សប្រជាជនកម្ពុជា ដែលតែងតែទទួលបានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ ដើម្បីសម្រេចកិច្ចការនេះ អង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា ក៏បានចូលរួមក្នុងការជ្រើសរើសអ្នកសង្កេតការណ៍ ដែលចេញពីក្នុងចំណោមសមាជិករបស់ខ្លួន។ តាមរបាយការណ៍ទទួលបាន កាលពីបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ បន្ទប់ស្ថានការណ៍ដែលមានបណ្តុំអង្គការចំនួន ៣៨ ដឹកនាំដោយអង្គការខុមហ្វ្រែល និងនិកហ្វិក ដែលត្រូវបានក្រសួងមហាផ្ទៃបញ្ជាឱ្យបិទ នៅថ្ងៃទី៤ ខែកក្កដា ដោយសារតែខុសច្បាប់ បានប្រើប្រាស់អ្នកសង្កេតការណ៍ចំនួន ២២ ៣៥០នាក់ ដែលក្នុងម្នាក់ៗទទួលបានទឹកប្រាក់ចំនួន ២២ ដុល្លារសហរដ្ឋអាមេរិក។ សម្រាប់អ្នកសង្កេតការណ៍ ២២ ៣៥០នាក់ ពួកគេត្រូវចំណាយថវិកាចំនួនជាង កន្លះលានដុល្លារ។ ដោយប្រើប្រាស់រូបភាពនៃការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យ ដើម្បីផ្លាស់ប្តូររបប និងរាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីលើកបន្តុបក្រុមអ្នកនយោបាយប្រឆាំងដែលតែងតែលក់ឧត្តមគតិជាតិ បម្រើផលប្រយោជន៍បរទេស និងយកអធិបតេយ្យភាពជាតិដាក់ក្រោមបាតជើងបរទេស ចៅហ្វាយនាយបរទេសពួកគេ មិនញញើតនឹងជះលុយចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីបង្កបង្កើតបញ្ហាទាំងឡាយក្នុងចេតនាធ្វើវិច្ឆេទកម្មនយោបាយប្រឆាំងនឹងកម្ពុជានោះឡើយ។
បើពិនិត្យត្រឡប់ទៅក្រោយវិញនូវសកម្មភាពរបស់បក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួនពិតជាគួរឱ្យញាក់សាច់។ ញាក់សាច់ដោយបានឃើញពីសកម្មភាពទុច្ចរិត ផែនការអាក្រក់ដែលជនជាតិខ្មែរមួយចំនួន ធ្វើជាប្រធានអង្គការសមាគមទទួលលុយបរទេសមកធ្វើសកម្មភាពបំផ្លាញជាតិរបស់ខ្លួន ដោយមិនអាណិតអាសូរជាតិ និងប្រជាជន បន្តិចណាសោះឡើយ។ ពួកគេពិតជាការសប្បាយរីករាយនឹងទទួលយកជំនួយថវិកា ដែលពោរពេញដោយភាពពិសពុល ក្នុងគោលបំណងផ្លាស់ប្តូររបបដឹកនាំ និងលើកបន្តុបក្រុមអ្នកនយោបាយអង្ករកំប៉ុងមួយចំនួន ដែលពួកគេយល់ថាអាចបង្វិលបានគ្រប់ពេល និងយល់ថាបស្ចឹមប្រទេស ដែលធ្លាប់បានទម្លាក់គ្រាប់បែកបំផ្លិចបំផ្លាញខ្មែរ និងបានផ្តល់ការគាំទ្រនយោបាយ និងសម្ភារៈយោធា ក្រោយពីខ្មែរក្រហមត្រូវបានផ្តួលរំលំ គឺជាម្ចាស់ដ៏ល្អរបស់ខ្លួន និងរបស់កម្ពុជា។ ពួកគេបានចាត់ទុកបរទេសមួយចំនួន ជាម៉ែឪរបស់ខ្លួន មិនមែនប្រជាជនកម្ពុជាឡើយ។
ប៉ុន្តែកម្ពុជាពិតជាសំណាង ដែលរាជរដ្ឋាភិបាលបានចាត់វិធានការទាន់ពេលវេលា បង្ក្រាប និងទប់ស្កាត់អង្គការចាត់តាំងផ្នែកនយោបាយរបស់បដិវត្តន៍ពណ៌ ព្រមទាំងបានចាប់ខ្លួនមេខ្លោងកាត់ទោសតាមច្បាប់។ ហើយមេខ្លោងខ្លះកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់ និងអ្នកខ្លះទៀតកំពុងតែប្រឈមនឹងច្បាប់។ ប្រសិនបើផែនការបដិវត្តន៍ពណ៌របស់បក្សប្រឆាំង និងចៅហ្វាយនាយបរទេសរបស់ពួកគេ ទទួលបានជោគជ័យនៅក្នុងផែនការនៅក្រោយការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ ម៉្លេះកម្ពុជានៅពេលនេះ មិនដឹងជាក្លាយជាអ្វីឡើយ ព្រោះបទពិសោធនៃបដិវត្តន៍ពណ៌នៅស៊ីរី និងលីប៊ី សុទ្ធតែបង្ហាញថា ក្រោយការផ្លាស់ប្តូរតាមបែបមិនលទ្ធិប្រជាធិបតេយ្យ ប្រទេសជាតិត្រូវធ្លាក់ក្នុងសង្គ្រាម ជីវិតមនុស្សត្រូវបានសម្លាប់ជារៀងរាល់ថ្ងៃ ហើយប្រជាពលរដ្ឋរស់នៅក្នុងឈាម និងទឹកភ្នែក។ ហេតុដូច្នេះ បានជាមានភាពចាំបាច់ត្រូវចាត់វិធានការផ្លូវច្បាប់នានាដើម្បីទប់ស្កាត់ និងបង្ក្រាបចលនាបដិវត្តន៍ពណ៌ និងកម្ទេចចោលនូវអង្គការចាត់តាំងផ្នែកនយោបាយបដិវត្តន៍ពណ៌ទាំងឡាយ ឱ្យបានទាន់ពេលវេលា ជៀសវាងកុំឱ្យក្រុមជនក្បត់ជាតិបំផ្លាញកម្ពុជា បានដូចពីអតីតកាល៕
ដោយ ពល ពានរិន្ទ
បន្ទាយមានជ័យ, ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០១៨