ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «សម្រែកសារិកាក្នុងទ្រុង ស្រែកព្រួយបារម្ភពី សេរីភាពចាបនៅលើចុងឈើ»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 56
លិខិតមិត្តអ្នកអាន៖  «សម្រែកសារិកាក្នុងទ្រុង ស្រែកព្រួយបារម្ភពី សេរីភាពចាបនៅលើចុងឈើ» លិខិតមិត្តអ្នកអាន៖ «សម្រែកសារិកាក្នុងទ្រុង ស្រែកព្រួយបារម្ភពី សេរីភាពចាបនៅលើចុងឈើ»

ក្នុងខណៈដែល ពិភពលោកកំពុងប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាជាមួយនឹង COVID-19 ដែលជាសត្រូវរួមរបស់មនុស្សជាតិនៅលើផែនដី មានបណ្តាញផ្សាយព័ត៌មានក្នុងស្រុកនិងក្រៅប្រទេសកម្ពុជា មួយចំនួនដែលស៊ីឈ្នួល បម្រើបរទេសក៏ដូចជាក្រុមដែលអះអាងតាំងខ្លួនថា ជាអ្នកវិភាគឯករាជ្យ បាននាំគ្នានិយាយរិះគន់ វាយប្រហាររដ្ឋាភិបាល លោក ហ៊ុន សែនថា បាន យកបញ្ហា COVID-19 ដើម្បីបំបិទសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជា។

ពួកគេបានចាត់ទុកវិធានការប្រឆាំងព័ត៌មានក្លែងក្លាយនិងវិធានការធ្វើចត្តាឡីស័ក ឬក៏ការរឹតបន្តឹងសេរីភាពជួបជុំខ្លះៗ នៅកម្ពុជាថាជាការធ្វើឲ្យប៉ះពាល់ដល់សេរីភាពសារព័ត៌មាន ឬក៏ប៉ះពាល់ដល់សិទ្ធិបញ្ចេញមតិ។

ប៉ុន្តែ ពួកគេភ្លេចគិតថា វិធានការខ្លះៗដែលរដ្ឋាភិបាលភ្នំពេញបានដាក់ចេញកាលពីពេលកន្លងទៅនេះ គឺវាតិចតួចនិងស្រាលណាស់បើប្រៀបធៀបទៅនឹងវិធានការក្នុងបណ្តាប្រទេសផ្សេងនៅអាស៊ីយើង ជាពិសេសនៅអឺរ៉ុប និងនៅសហរដ្ឋអាមេរិក។

កម្ពុជាមិនបានបិទប្រទេស ( Lock Down) ហើយក៏មិនបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននោះដែរ។ ពួកគេភ្លេចគិតថា វិធានការដ៏ទន់ភ្លន់និងបត់បែនចល័តស្របតាមកាលៈទេសៈ ដែលរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ពិតជាមានប្រសិទ្ធភាពខ្ពស់ណាស់។

រហូតមលទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងវិរុស COVID-19 ត្រឹមតែ ១២២នាក់ និងបានជាសះស្បើយរហូតដល់ ១២០នាក់ ពោលគឺជិតអស់ទៅហើយ។ អ្វីដែលគួរអោយកត់សម្គាល់មួយទៀតក្នុងរយៈពេលជាងពីរសប្តាហ៍ចុងក្រោយនេះ គឺកម្ពុជាមិនបានរកឃើញអ្នកឆ្លងថ្មីណាម្នាក់ឡើយហើយក៏មិនទាន់អ្នកណាម្នាក់បានស្លាប់ដោយសារវីរុសដ៏កាចសាហាវនេះដែរ។

ទាំងអស់នេះគឺជាលទ្ធផល ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសក៏ដូចជាអង្គការសុខភាពពិភពលោកបាននិងកំពុងអបអរសាទរ ហើយវាក៏បានបង្ហាញអំពីភាពត្រឹមត្រូវនិងប្រសិទ្ធភាពខ្ពស់នៃការងារដឹកនាំចាត់ចែងរបស់រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន និងក្រសួងសុខាភិបាលកម្ពុជា ធៀបនឹងបណ្តាប្រទេសជឿនលឿននៅលើលោក។

យើងក៏អាចនិយាយបានដែរថា រលកទី១នៃ COVID-19 ត្រូវបានកម្ពុជាគ្រប់គ្រងបានដោយជោគជ័យ ខណៈពេលដែលប្រទេសជាច្រើនក្នុងតំបន់និងក្នុងពិភពលោកកំពុងបន្តរងការវាយប្រហារពេញទំហឹងពី មេរោគដ៏ប្រល័យនេះ ដែលបានឆ្លងដល់មនុស្សជាង៣លាននាក់ និងបានសម្លាប់មនុស្សជាង ២២ ម៉ឺននាក់ហើយនៅជុំវិញពិភពលោក។

អ្វីដែលគួរឲ្យអស់ សំណើចបំផុតនោះគឺក្រុមមនុស្សអគតិនិងអមិត្តទាំងនោះបានចោទថា កម្ពុជាបានយកបញ្ហា COVID-19 ដើម្បីបំបិទសិទ្ធិសេរីភាពសារព័ត៌មាន ខណៈពេលដែលខ្លួនពួកគេកំពុងរស់នៅក្នុងផ្ទះមិនអាចចេញទៅណាបានឡើយរយៈពេលជាច្រើនសប្តាហ៍ឬច្រើនខែមកហើយនេះ។ បើនិយាយតាមបែបផ្សេងវិញ វាមិនខុសអ្វីពីសត្វសារិកាដែលកំពុងជាប់នៅក្នុងទ្រុង ហើយស្រែកថាព្រួយបារម្ភអំពីសិទ្ធិសេរីភាពសត្វចាបដែលកំពុងហោះហើរដោយសេរីនៅលើដើមឈើនោះឡើយ។

ពួកគេកំពុងរស់នៅក្នុងមហាប្រទេសមហាប្រជាធិបតេយ្យនិងមហាសិទ្ធិមនុស្ស តែបែរជាត្រូវបានគេបង្ខំឲ្យរស់នៅក្នុងផ្ទះមិនអាចចេញទៅណាបាន។ សិទ្ធិសេរីភាពរបស់ខ្លួនឯងដែលបានបាត់បង់ទាំងស្រុងមិនព្រមចេញមុខតវ៉ា តែបែរជាមកស្រែកខ្វាយខ្វល់ពីអ្នកសារព័ត៌មាននៅកម្ពុជា ដែលកំពុងដើរយកព័ត៌មានដោយសេរីទៅវិញ។ ប្រទេសដែលខ្លួនកំពុងរស់នៅមានមនុស្សឆ្លង COVID-19 រាប់លាន រាប់សែននាក់ និងស្លាប់រាប់ពាន់និងរាប់ម៉ឺននាក់ហើយ មិនគិតខ្វាយខ្វល់ តែបែរជាមកខ្វាយខ្វល់ចំពោះកម្ពុជា ដែលមានមនុស្សនៅសល់តែ២នាក់ចុងក្រោយប៉ុណ្ណោះកំពុងបន្តព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ ហើយមិនទាន់មានអ្នកណាម្នាក់ស្លាប់សោះដោយសារមេរោគនេះផងនោះ។

ពិតជាគួរឲ្យអនិច្ចាសត្វសារិកាជាប់ទ្រុងទាំងនោះជាពន់ពេកណាស់។ ប្រហែលជាម្ចាស់វាឲ្យស៊ីចំណីដែលមានជាតិគីមីច្រើនពេកហើយបានជាវង្វេងលែងដឹងខុសត្រូវបែបនេះ?

ម្យ៉ាងទៀត នៅពេលដែលអង្គការបរទេសមួយនោះបានបញ្ចុះចំណាត់ថ្នាក់សេរីភាពសារព័ត៌មានកម្ពុជាមួយលេខតាមការស្រមើស្រមៃរបស់ខ្លួនដោយគ្មានបានសិក្សាពីកម្ពុជាទាល់តែសោះនោះ ក្រុមត្រូវថ្នាំសណ្តំបែរជានាំគ្នាលើកមកនិយាយបន្តុះបង្អាប់កម្ពុជា ដោយមិនខ្ចីយកភ្នែកមើលប្រទេសមហាប្រជាធិបតេយ្យដែលពួកគេកំពុងរស់នៅថាមានស្ថានភាពបែបណា? អ្នកកាសែតត្រូវបានដាក់ឲ្យនៅតែក្នុងផ្ទះ, អ្នកកាសែតរងការប្រមាថ មាក់ងាយពីមេដឹកនាំ ឬអ្នកកាសែតត្រូវបានគេបណ្តេញចេញពីទីតាំងសន្និសីទកាសែត… ហេតុអ្វីពួកគេមិននាំគ្នានិយាយ? តើនេះមិនមែនមកពីត្រូវថ្នាំសណ្តំ មនោគមន៍វិជ្ជាបរទេស រហូតធ្វើឲ្យប្តូរធាតុជា មនុស្សទេឬ?

សរុបមកវិញ កម្ពុជាកំពុងបានសុខហើយ, កម្ពុជាគ្រប់គ្រង COVID-19 បានល្អហើយ, កម្ពុជាគ្មានអ្នកស្លាប់ដោយសារមេរោគនេះទេ ហើយប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអ្នកសារព័ត៌មានទាំងឡាយដែរក៏កំពុងមានសេរីភាពពេញលេញដោយមិនបានជាប់ទ្រុងដូចសារិកាឡើយ។

កម្ពុជាមិនបានទទួលរងផលប៉ះពាល់សេដ្ឋកិច្ចខ្លាំងដូចបណ្តាប្រទេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិកឡើយ។ សេដ្ឋកិច្ចសង្គមកម្ពុជាស្ថិតក្នុងស្ថានភាព ស្ទើរតែប្រក្រតីដោយមានការប៉ះពាល់តិចតួចប៉ុណ្ណោះ។ កម្ពុជាក៏មិនបាន ឲប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នដូចដែលបណ្តាញផ្សាយព័ត៌មានភូតកុហកមួយចំនួនលើកឡើងដើម្បីមួលបង្កាច់និងបំភិតបំភ័យនោះដែរ។

ដូច្នេះ សូមក្រុមសារិការជាប់ទ្រុងទាំងឡាយគួរគិតគូររកច្រកចេញពីទ្រុងល្អជាងមកឈឺឆ្អាលពីអ្នកដែលនៅក្រៅទ្រុង។ ក្រុមសារិកាជាប់ទ្រុងទាំងឡាយគួររកតែវិធីការពារជីវិតខ្លួនឯងឲ្យបានល្អកុំឲ្យឆ្លង COVID-19 ទៅ ប្រសើរជាងមកឈឺឆ្អាល់ពីគេដែលកំពុងរស់នៅដោយសុខសាន្ត។ ក្រុមសារិកាជាប់ទ្រុងទាំងឡាយក៍គួរគិតគូរពីភាពខ្ទេចខ្ទាំសេដ្ឋកិច្ចក្នុងប្រទេសដែលខ្លួនកំពុងរស់នៅប្រសើរជាងមកស្រែកខ្វល់ខ្វាយពីកម្ពុជាដែលដំណើរការសេដ្ឋកិច្ចសង្គមកំពុងវិលទៅរកភាពប្រក្រតីវិញជាបណ្តើរៗទៅហើយនោះ។ ក្រុមសារិកាជាប់ទ្រុងគួរគិតគូរពីអ្នកអត់ការងារធ្វើរាប់សិបលាននាក់ក្នុងប្រទេសដែលខ្លួនកំពុងរស់នៅ ហើយប្រហែលជាជិតដល់វេនខ្លួនហើយក៏មិនដឹង ប្រសើរជាងមកស្រែកព្រួយបារម្ភពីការងារនៅកម្ពុជាដែលរងផលប៉ះពាល់តិចតួចបំផុតនោះ ។

ទឹកចូលដល់ច្រមុះហើយ មិនគិត បែរជាមកគិតពីអ្នកដែលកំពុងនៅលើដីគោកទៅវិញ។ ពិតជាគួរឲ្យអនិច្ចាសត្វសារិកាជាប់ទ្រុងទាំងនោះមែន៕

ដោយ : អ្នកនយោបាយតុកាហ្វេ