ខ្មែរប៉ុស្ដិ៍ Close

ការអភិរក្សសំណង់ស្ថាបត្យកម្មលំនៅដ្ឋានខ្មែរក្នុងឧទ្យានអង្គរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 31
ការអភិរក្សសំណង់ស្ថាបត្យកម្មលំនៅដ្ឋានខ្មែរក្នុងឧទ្យានអង្គរ ការអភិរក្សសំណង់ស្ថាបត្យកម្មលំនៅដ្ឋានខ្មែរក្នុងឧទ្យានអង្គរ

ឧទ្យានអង្គរជាតំបន់បេតិកភណ្ឌពិភពលោក ដែលមានមនុស្សរស់នៅ ជាអ្នកស្រុកចាស់ និងជាអ្នកថែរក្សានូវទំនៀមទម្លាប់ប្រពៃណីក្នុងការរស់នៅរបស់ខ្លួនតាំងពីដូនតាមក។ ប្រជាពលរដ្ឋម្ចាស់ស្រុកទាំងនោះ ជាផ្នែកមួយដ៏សំខាន់នៃមរតកវប្បធម៌របស់អ្នកស្រុកអង្គរ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ផងដែរ។

ប្រជាពលរដ្ឋដែលជាម្ចាស់ស្រុក ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានសិទ្ធិទទួលបានការអនុញ្ញាតជាគោលការណ៍ក្នុងការសាងសង់លំនៅដ្ឋានរបស់ខ្លួន ក៏ដូចជាសំណង់ឧបសម្ពន្ធមួយចំនួនទៀតផងដែរ។

ក្រោយបានការអនុញ្ញាត មន្ត្រី-បុគ្គលិកជំនាញរបស់នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា បានចុះទៅដល់ទីតាំងសាងសង់ផ្ទាល់ ដើម្បីពិនិត្យតាមដាន និងផ្តល់នូវលក្ខណៈបច្ចេកទេសដោយពុំគិតប្រាក់ ហើយធ្វើយ៉ាងណាឱ្យសំណង់ទាំងនោះអនុលោមតាមលិខិតអនុញ្ញាត និងគោលការណ៍គ្រប់គ្រងសំណង់លំនៅដ្ឋានក្នុងឧទ្យានអង្គរ ដែលសំណង់ទាំងនោះជាសំណង់ស្រាល សង់ខ្ពស់ផុតពីដី ហើយក៏ជាសំណង់បែបប្រពៃណី តពីដូនតាខ្មែរមកដែរ ដែលបង្កឱ្យការរស់នៅសមស្របតាមលក្ខណៈអាកាសធាតុផង មុខរបរប្រចាំថ្ងៃផង និងជំនឿប្រពៃណីរបស់ខ្មែរយើងផង។

រយៈពេលមួយសប្តាហ៍មកនេះ អាជ្ញាធរជាតិអប្សរាបានចុះទៅពិនិត្យ និងជួយលក្ខណៈបច្ចេកទេសដល់ប្រជាពលរដ្ឋបានចំនួន ២០៤គ្រួសារ ដូចខាងក្រោម៖
១. ក្រុងសៀមរាប បានចំនួន៥៤គ្រួសារ
២. ស្រុកប្រាសាទបាគង បានចំនួន៥១គ្រួសារ
៣. ស្រុកបន្ទាយស្រី បានចំនួន៣៧គ្រួសារ
៤. ស្រុកពួក បានចំនួន២៧គ្រួសារ
៥. ស្រុកអង្គរធំ បានចំនួន៣៥គ្រួសារ

កិច្ចការទាំងនេះ បានធ្វើឱ្យចំនួនសំណង់ដែលមិនមែនជាផ្ទះខ្មែរ និងខុសពីគោលការណ៍បេតិកភណ្ឌ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃរបស់ឧទ្យានអង្គរ ត្រូវបានថយចុះ ហើយសំណង់បែបប្រពៃណីត្រូវបានលេចរូបរាងឡើងក្នុងឧទ្យានអង្គរជាបន្ត៕

អត្ថបទទាក់ទង