ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាជួសជុលនិងស្តារប្រព័ន្ធបង្ហូរទឹកចាស់នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្តឱ្យដំណើការឡើងវិញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 52

ក្នុងគោលបំណងសង្គ្រោះរចនាសម្ពន្ធស្ពានហាលខាងលិចប្រាសាទអង្គរវត្តកុំឱ្យថ្មងាយខូចពុកផុយដោយសារបញ្ហាទឹកដក់ ទឹកហូរច្រោះនារដូវវស្សា នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានជួសជុលនិងស្តារប្រព័ន្ធបង្ហូរទឹកចាស់នៅលើស្ពានហាលឱ្យដំណើការឡើងវិញ។ ប្រព័ន្ធបង្ហូរទឹកនេះត្រូវបានបារាំងរៀបចំឡើងនៅពេលជួសជុលស្ពានហាលកាលពីពេលកន្លងមក ប៉ុន្តែពុំបានបន្សល់ទុកនូវប្លង់បច្ចេកទេសលម្អិតទេ។

ដើម្បីអនុវត្តការងារស្តារប្រព័ន្ធឱ្យបានជោគជ័យ ក្រុមអ្នកបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹកបានប្រើប្រាស់ឧបករណ៍ទំនើបបែបវិទ្យាសាស្ត្រ Drain and Pipe Inspection Camera ដែលជាប្រភេទម៉ាស៊ីនកាមេរ៉ាខ្សែសម្រាប់ថតពិនិត្យបញ្ហាដែលកកស្ទះក្នុងប្រព័ន្ធបង្ហូរទឹកដោយមិនចាំបាច់ប្រើប្រាស់កម្លាំងមនុស្សជាអ្នកលើកដាក់ថ្មឡើយ។

បន្ទាប់ពីកំណត់បាននូវបញ្ហាដែលកើតមានខាងក្នុងហើយ ក្រុមអ្នកបច្ចេកទេសបានប្រើម៉ាស៊ីន Drain Cleaning Machin S-200 ដើម្បីខួងលាងសម្អាតរន្ធកកស្ទះទាំងនោះចេញ ដែលបំពង់ខួងអាចបត់បែនបានតាមសណ្ឋាននៃប្រព័ន្ធបង្ហូរទឹកចាស់ ហើយនៅពេលនេះប្រព័ន្ធដោះទឹកនៅលើផ្លូវដើរស្ពានហាលមុខប្រាសាទអង្គរវត្តខាងលិចមានដំណើរការឡើងវិញហើយដោយពុំមានដក់ទឹកទៀតទេ។

ក្រុមអ្នកបច្ចេកទេសអះអាងថា បញ្ហាសំខាន់ដែលធ្វើឱ្យេឹកមានការកកស្ទះគឺដោយសារមានកម្ទេចកម្ទីរ សំរាមប្លាស្ទិច និងដីបិទជិត។ ដូច្នេះដើម្បីឱ្យប្រព័ន្ធរំដោះទឹកអាចដំណើរការឡើងវិញ ក្រុមអ្នកបច្ចេកទេសបានសម្អាតរន្ធបង្ហូរទឹកសរុបទាំងអស់ចំនួន៧កន្លែង៕

អត្ថបទនិងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក

អត្ថបទទាក់ទង