ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល៖ អ្នកជំងឺ COVID-19 ចំនួន៥នាក់ កំពុងព្យាបាលមាននៅភ្នំពេញ២នាក់, ព្រះសីហនុម្នាក់, កំពង់ឆ្នាំងម្នាក់ និងបន្ទាយមានជ័យម្នាក់

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 24
ក្រសួងសុខាភិបាល៖ អ្នកជំងឺ COVID-19 ចំនួន៥នាក់ កំពុងព្យាបាលមាននៅភ្នំពេញ២នាក់, ព្រះសីហនុម្នាក់, កំពង់ឆ្នាំងម្នាក់ និងបន្ទាយមានជ័យម្នាក់ ក្រសួងសុខាភិបាល៖ អ្នកជំងឺ COVID-19 ចំនួន៥នាក់ កំពុងព្យាបាលមាននៅភ្នំពេញ២នាក់, ព្រះសីហនុម្នាក់, កំពង់ឆ្នាំងម្នាក់ និងបន្ទាយមានជ័យម្នាក់

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា រហូតមកដល់ថ្ងៃនេះ អ្នកកើតជំងឺ COVID-19 ចំនួន៥នាក់ដែលកំពុងសម្រាកព្យាបាលនេះ គឺមាននៅរាជធានីភ្នំពេញ២នាក់ និងតាមបណ្ដាខេត្តចំនួន៣នាក់។

បើតាមលោកស្រី ឱ វណ្ណឌីន អ្នកជំងឺ COVID-19 ក្រៅពីសម្រាកព្យាបាននៅរាជធានីភ្នំពេញ២នាក់ហើយនោះ គឺមាននៅខេត្តព្រះសីហនុម្នាក់, ខេត្តកំពង់ឆ្នាំងម្នាក់ និងខេត្តបន្ទាយមានជ័យម្នាក់។

សូមជម្រាបថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសពីជោគជ័យនៃការព្យាបាលអ្នកជំងឺ COVID-19 បានជាសះស្បើយថ្មីចំនួន៧នាក់បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១១៧នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺ COVID-19 ធ្លាក់ចុះមកត្រឹមចំនួន៥នាក់ នៃអ្នកឆ្លងសរុប១២២នាក់។

អ្នកជំងឺ COVID-19 ជាសះស្បើយ៧នាក់ ដែលក្រសួងសុខាភិបាលប្រកាសនៅថ្ងៃនេះ គឺមាន៥នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) ខណៈ២នាក់ទៀត មានម្នាក់នៅមន្ទីរពេទ្យចាក់អង្រែក្រោម និងម្នាក់ទៀតនៅមន្ទីរពេទ្យខេត្តសៀមរាប។

បើទោះបីជាមានអ្នកជំងឺកូវីដ ជាសះស្បើយកាន់តែច្រើន គ្មានអ្នកឆ្លងថ្មី ក៏មិនមែនមានន័យថា កម្ពុជារួចផុតពីគ្រោះថ្នាក់នោះទេ ស្ថានភាពនៅផុយស្រួយនៅឡើយ បើសិនជាបុគ្គលគ្រប់រូបភ្លេចខ្លួន អនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាល។ លោកស្រី ឱ វណ្ណឌីន ក៏បានព្រមានថា រលកនៃការចម្លងវីរុស COVID-19 ថ្មីអាចនឹងកើតមាននៅប្រទេសកម្ពុជាម្តងទៀត ប្រសិនបើប្រជាពលរដ្ឋខ្វះការប្រុងប្រយ័ត្ន។

លោកស្រីបន្តថា ប្រសិនបើយើងមិនបន្តអនុវត្តវិធានការការងារ ដែលយើងធ្លាប់ដាក់ចេញមក ជាពិសេសបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាទេនោះ យើងអាចនឹងគ្រោះថ្នាក់ដោយហេតុថា «យើងអាចភ្លេចវីរុសកូវីដ-១៩ ហើយវីរុសកូវីដ-១៩ មិនអាចភ្លេចយើងទេ»៕

អត្ថបទទាក់ទង