ខ្មែរប៉ុស្ដិ៍ Close

ទូតខ្មែរនៅកូរ៉េខាងត្បូង បង្ហាញវិធានការ ៥ចំណុចសំខាន់ៗ ជូនប្រជាពលរដ្ឋខ្មែរ ដើម្បីទប់ស្កាត់កុំឲ្យឆ្លង COVID-19

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 44
ទូតខ្មែរនៅកូរ៉េខាងត្បូង បង្ហាញវិធានការ ៥ចំណុចសំខាន់ៗ ជូនប្រជាពលរដ្ឋខ្មែរ ដើម្បីទប់ស្កាត់កុំឲ្យឆ្លង COVID-19 ទូតខ្មែរនៅកូរ៉េខាងត្បូង បង្ហាញវិធានការ ៥ចំណុចសំខាន់ៗ ជូនប្រជាពលរដ្ឋខ្មែរ ដើម្បីទប់ស្កាត់កុំឲ្យឆ្លង COVID-19

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណៈរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានផ្ដល់ការណែនាំ៥ចំណុចសំខាន់ៗ ដល់ពលករ និងនិស្សិតខ្មែរដែលកំពុងធ្វើការ និងរស់នៅទីនោះ ដើម្បីទប់ស្កាត់កុំឲ្យឆ្លងវីរុសកូរ៉ូណាថ្មី ឬ Covid-19 ដែលកំពុងរីករាលដាល។

លោកបានសង្កត់ធ្ងន់ច្បាស់ៗថា រហូតមកដល់ពេលនេះ គ្មានប្រជាជជនខ្មែរណាម្នាក់ បានឆ្លងមេរោគនេះនៅឡើយ។

វិធានការណែនាំទាំង ៥ចំណុច ដើម្បីឆ្លើយតបចំពោះការរីករាលដាល នៃមេរោគកូរ៉ូណា ស្ថានទូតបានសហការជាមួយភាគីកូរ៉េ និងបណ្ដាសមាគម-មូលនិធិខ្មែរ ដូចខាងក្រោម៖

* បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ នៅកូរ៉េ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងស្នើរាយការណ៍អំពីករណីការឆ្លងមេរោគនៃមកស្ថានទូតជាបន្ទាន់

* បានសហការជាមួយបណ្ដាទូតនៃ ASEAM Committee in Seoul ចេញកំណត់ទូតទៅក្រសួងការបរទេស ដើម្បីក្ដាប់ព័ត៌មាន និងវិធានការដែលភាគីម្ចាស់ផ្ទះបានដាក់ចេញ សម្រាប់ផ្សព្វផ្សាយបន្ដទៅសហគមន៍ខ្មែរ

* បង្កើតជាក្រុមតាមបណ្ដាញទំនាក់ទំនងសង្គម (Kakao Talk) ជាមួយបណ្ដាសមាគម មូលនិធិ និងមជ្ឈមណ្ឌលគាំពារពលករបរទេស ដើម្បីប្រមូលព័ត៌មាន និងតាមដានពីវឌ្ឍនភាព នៃការរីករាលដាលនៃមេរោគ និងដើម្បីផ្សព្វផ្សាយអំពីវិធានការការពារពីជំងឺនេះ

* បានទំនាក់ទំនងទៅកាន់សហគមន៍ខ្មែរ ដូចជាពលករ ស្ដ្រីរៀបការ និងនិស្សិតមួយចំនួន ជាពិសេសនៅទីក្រុងថេហ្គូ ដែលបច្ចុប្បន្នទីក្រុងនេះត្រូវបានដាក់ក្រោមការឃ្លាំមើលជាពិសេស និងហាមឃាត់មិនឲ្យមានការចេញចូលដោយសេរី

* បានចាត់ក្រុមការងារប្រតិកម្មរហ័ស ធ្វើការបកស្រាយទៅលើគណនី និងទំព័របណ្ដាញសង្គមមួយចំនួន ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត មានចរិកបង្កចលាចល ក្នុងគោលបំណងបម្រើមហិច្ឆិតានយោបាយរបស់ខ្លួន។

សូមជម្រាបថា អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានបញ្ជាក់ពីការរកឃើញករណីឆ្លង COVID-19 ចំនួន ៧០ករណីបន្ថែមទៀតនាល្ងាចថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេសមួយនេះ បានកើនឡើងដល់ ៨៣៣ករណី ក្នុងនោះ ០៧នាក់បានបាត់បង់ជីវិត។ ប្រការបានធ្វើឲ្យប្រទេសកូរ៉េខាងត្បូង ជាប្រទេសដែលមានអ្នកកើតជំងឺ COVID-19 ច្រើនជាងគេនៅក្រៅពីទឹកដីចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងថ្ងៃចន្ទនេះប៉ុណ្ណោះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានរាយការណ៍អំពីករណីឆ្លងថ្មីនៃមេរោគ COVID-19 ដល់ទៅពីរលើក។ លើកទីមួយគេបានរាយកាណ៍ថា មានករណីឆ្លងថ្មីៗរហូតដល់ ១៦១ករណី ហើយនៅល្ងាចថ្ងៃចន្ទនេះ សេចក្តីរាយការណ៍បន្ថែមបានឲ្យដឹងទៀតថា មានការឆ្លង COVID-19 ត្រូវបានរកឃើញសុរប ៧០ករណីថ្មីបន្ថែមទៀត។ ប្រការនេះបានធ្វើឲ្យតួលេខអ្នកឆ្លងសរុបសម្រាប់ថ្ងៃចន្ទនេះ មានរហូតដល់ ២៣១ករណីដែលជាអត្រាឆ្លងខ្ពស់ជាងគេបំផុត បើគិតក្នុងពេលបច្ចុប្បន្ន។

គួរជម្រាបថា នៅក្នុងចំណោមករណីឆ្លង COVID-19 ថ្មីៗ ១៦១ករណីដែលត្រូវបានប្រកាសលើកទី ១ មាន ១១៥ករណីជាមនុស្សដែលធ្លាប់មានទំនាក់ទំនង ទៅនឹងព្រះវិហារគ្រិស្តសាសនាមួយកន្លែង នៅទីក្រុងដេគូ (Daegu) ដែលស្ថិតនៅចំងាយ ៣០០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល បន្ទាប់ពីមានស្ត្រីវ័យ ៦១ឆ្នាំ ដែលត្រូវបានគេស្គាល់ថា «អ្នកជំងឺ COVID-19 ទី ៣១ របស់កូរ៉េខាងត្បូង» បានចូលរួមពិធីបុណ្យនៅវិហារនោះ៕

អត្ថបទទាក់ទង