លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ អំពាវនាវដល់កងកម្លាំង អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់ ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩
លោកឧបនាយករដ្ឋមន្រ្តី ទៀបាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអំពាវដល់ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប ចូលរួមឱ្យបានម៉ឺងម៉ាត់ក្នុងការអនុវត្តបទបញ្ជារបស់ រាជរដ្ឋាភិបាល អំពីការដាក់កំហិត ការធ្វើដំណើរចេញចូលនិងឆ្លងកាត់ រាជធានីភ្នំពេញ ឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ដើម្បីការពារការរីករាលដាលនៃមេរោគ COVID-19 ។
តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ លោក ទៀ បាញ់ បានថ្លែងថា «សូមកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាបងប្អូន ប្រជាពលរដ្ឋគ្រប់រូប ចូលរួមឱ្យបានម៉ឺងម៉ាត់ ក្នុងការអនុវត្តបទបញ្ជារបស់ រាជរដ្ឋាភិបាល អំពីការដាក់កំហិត ការធ្វើដំណើរចេញចូល និងឆ្លងកាត់រាជធានីភ្នំពេញ ការឆ្លងកាត់ពីស្រុកមួយ ទៅស្រុកមួយ និងការធ្វើដំណើរពីខេត្តទៅខេត្តមួយទៀត ដើម្បីការពារការរីករាលដាលនៃមេរោគ COVID-19»។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ បានចេញបទបញ្ជា ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ចាប់ពីថ្ងៃទី៩ មេសា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ខាងមុខ ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយហាមឃាត់ការធ្វើដំណើរនៅផ្ទៃក្នុងប្រទេស រួមមាន ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល រាជធានីភ្នំពេញ (ដោយមិនប៉ះពាល់ដល់ការធ្វើដំណើរ ផ្ទៃក្នុងរាជធានីភ្នំពេញ នោះទេ) ការធ្វើ ដំណើរឆ្លងកាត់ពីស្រុកមួយ ទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយទៀត៕