ប្រមុខការពារជាតិឱ្យគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រចងក្រងទុកជាឯកសារប្រវត្តិសាស្ត្រនូវបណ្តាឈ្មោះកោះទាំងឡាយ
ប្រមុខការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានសំណូមពរដល់ក្រុមការងារបច្ចេកទេស គណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ត្រូវចងក្រងទុកជាឯកសារប្រវត្តិសាស្ត្រនូវបណ្តាឈ្មោះកោះទាំងឡាយដែលបានផ្ទៀងផ្ទាត់ និងបានរាប់ចំនួនកោះរួច ហើយដោយត្រូវថតរូបទុក និងដាក់ឈ្មោះ ជាភាសាខ្មែរ និងបរទេសដែលយើងបានធ្លាប់ហៅតាំងពីពេលមុនៗរហូតមកដល់បច្ចុប្បន្ន។
ការសំណូមពររបស់ប្រមុខការពារជាតិបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អំពីសមិទ្ធផលការងារប្រចាំឆ្នាំ២០២០- ២០២១ តាមវីដឺអូ ZOOM នៅថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០២១។
ចំណែកឧត្តមសេនីយ៍ឯក សួន សំណាង សមាជិកប្រចាំការ គណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អគ្គលេខាធិការរង និងជាប្រធានក្រុមការងារបច្ចេកទេស គណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានបង្ហាញជូនកិច្ចប្រជុំស្ដីពីសមិទ្ធផលការងារឆ្នាំ២០២០-២០២១ របស់គណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដែលក្នុងនោះរួមមាន ការផ្ទៀងផ្ទាត់ និងរាប់ចំនួនកោះ ដែលបានបញ្ចប់ទាំងស្រុង ដោយមានការឯកភាព និងចុះហត្ថលេខា ដោយអភិបាលនៃគណៈអភិបាលខេត្តទាំង៤ ជាមួយនឹងប្រធានក្រុមការងារបច្ចេកទេស គណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ការងារជំនាញផ្នែកមុជទឹក ការហ្វឹកហ្វឺន ការជួយសង្គ្រោះ ការរួមចំណែកក្នុងការស្រាវជ្រាវ និងគាំពារបរិស្ថាន និងការពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយដៃគូជាតិ និងអន្តរជាតិ។
របាយការណ៍ក៏បានបង្ហាញពីលទ្ធផលនៃការសាងសង់ស្នាក់ការ និងផែ នៅកោះពោធិ៍ក្នុងខេត្តកែប ដែលបានបញ្ចប់ជាស្ថាពរសំណង់អគារទីបញ្ជាការជួរមុខថ្មី (កោះព្រាប) ដែលសាងសង់សម្រេចបាន ៨០% និងការចូលរួម បង្រ្កាបបទល្មើសនេសាទបទល្មើសគ្រឿងញៀន ការតាមស្វែងរកនាវាលួចដឹកប្រេងឆៅ អិម ធី ស្តូវ៉ូឡូ (MT Stovolos ) និងការពារសុវត្ថិភាពនៅកន្លែងបូមប្រេង និងនាវាផលិតកម្ម៕
ដោយ៖ ពលជ័យ