ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសេដ្ឋកិច្ចដំណើរគម្រោងផ្តល់ឥណទានការប្រាក់ទាប សម្រាប់​សហគ្រាស​ធុនតូច និងមធ្យម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 22

គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស ធុនតូច និង​មធ្យម បាន​ដាក់​ឲ្យ​ដំណើរ​ការ កាល​ពីថ្ងៃទី​៣ ខែ​មេសា​ម្សិលមិញ ក្នុង​គោល​បំណង​ផ្តល់​ឥណទាន មាន​ការ​ប្រាក់ទាប ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា។ នេះ​បើ​តាម​ក្រសួង​សេដ្ឋកិច្ច​។ គម្រោង​ហិរញ្ញប្បទាន​នេះ មាន​ទំហំ​ទឹក​ប្រាក់​១០០​លាន​ដុល្លារ។

គម្រោង​សហហិរញ្ញប្បទាន នឹង​ផ្តល់​ឥណទាន សម្រាប់​សហគ្រាស​ធុនតូច និង​មធ្យម ក្នុង​វិស័យ​អាទិភាព ដូច​ជា​ផ្នែក​កម្មន្តសាល និង​សិប្បកម្ម សម្រាប់​ជំនួស​ឲ្យ​ការ​នាំចូល​បម្រើ​សេចក្តី​ត្រូវ​ការ​ក្នុង​ស្រុក ឬ​បម្រើ​ជា​ធាតុ​ចូល​នៅ​ក្នុង​ការ​ផលិត​របស់​ក្រុម​ហ៊ុន​ធំៗ ជា​ដើម​។

ក្រសួង​សេដ្ឋកិច្ច​ក្នុង​សេចក្តី​ប្រកាស​កាល​ពីថ្ងៃទី៣ ខែ​មេសា បញ្ជាក់​ទៀត​ថា មូល​និធិ​ក្រោម​គម្រោង​នេះ​ មាន​ទំហំទឹក​ប្រាក់ ១០០​លាន​ដុល្លារ ដែល​ជា​ការ​ផ្តល់​សហហិរញ្ញប្បទាន​បដិភាគ​ស្មើគ្នា​រវាង​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ​និង​គ្រឹះ​ស្ថានធនាគារ និង​មីក្រូ​ហិរញ្ញវត្ថុ​(គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​)។

សហ​គ្រាស​ធុនតូច និង​មធ្យម ដែល​មាន​តម្រូវ​ការ​ឥណទាន អាច​ដាក់​ពាក្យ​ស្នើ​សុំ​ឥណទាន ក្រោម​គម្រោង​សហហិរញ្ញប្បទាន​នេះ នៅ​តាម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូល​រួម ណា​មួយ ដោយ​គោរព​តាម​លក្ខខណ្ឌ​របស់​គម្រោង​សហ​ហិរញ្ញប្បទាន និង​លក្ខខណ្ឌ​ផ្តល់​ឥណ​ទាន​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុចូល​រួម​នីមួយៗ។ បើ​តាម​ក្រសួង​សេដ្ឋកិច្ច​ដដែល សហ​គ្រាស​ធុនតូច និង​មធ្យម​អាច​ទទួល​បាន​ឥណទាន​សម្រាប់​ប្រើ​ជា​ទុន​បង្វិល​ ច្រើន​បំផុត​២០​ម៉ឺន​ដុល្លារ​អាមេរិក និង​ឥណទាន​សម្រាប់​ជា​ចំណាយ​មូលធន​ច្រើន​បំផុត​៣០​ម៉ឺន​ដុល្លារ​។

https://www.facebook.com/ministry.economy.finance/posts/2837653306330789

ការ​ដាក់​ឲ្យ​ដំណើរ​ការ​គម្រោង សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុនតូច និង​មធ្យម ត្រូវ​បាន​ធ្វើ​ឡើង​ខណៈ​កម្ពុជា​កំពុង​តែ​ប្រឈម​នឹង​ជំងឺ​រាតត្បាត​កូវីដ​១៩ ដូច​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​លើ​ពិភព​លោក​ ដែលបណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​។

លោក ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន EMC និង​ជា​អ្នក​វិភាគ​សេដ្ឋកិច្ច បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា នេះ​គឺ​ជា​វិធី​មួយ ដើម្បី​ជំរុញ​ការ​ទម្លាក់​ទុន​ទៅ​ដល់​សហគ្រាស​ធុនតូច និង​មធ្យម តាម​រយៈ​ការ​ផ្តល់​ ការ​ប្រាក់​ទាប ហើយ​ជា​ធម្មតា​នៅ​ពេល​អត្រាការប្រាក់​ទាប​នោះ​បង្កើន​ការ​ទាក់​ទាញ​។ បន្តែ​ក្នុង​ស្ថានភាព​បែប​នេះ ភាគ​ច្រើន​អ្នក​ខ្ចី​​គឺ​មិនមែន​យក​ទៅ​ពង្រីក​អាជីវកម្ម​ទេ តែ​ខ្ចី​​យក​ទៅ​ទប់ទល់ ដើម្បី​ឲ្យ​អាជីវកម្ម​មាន​ដំណើរ​ការ​៕ RFI

អត្ថបទទាក់ទង