គម្រោងចំនួន ២ ជាប់ជ័យលាភី នៃការប្រកួតកសាងគម្រោងសហគ្រិនភាព និងនវានុវត្តន៍ «Techno Innovation Challenge Cambodia 2021»
យុវជន១៧ក្រុម ដែលមាននិស្សិតប្រមាណ ៩៣នាក់ មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ១៧ខុសៗគ្នា បានចូលរួមប្រកួតនៅវគ្គផ្តាច់ព្រាត់ នៃកម្មវិធីប្រកួតកសាងគម្រោងសហគ្រិនភាព និងនវានុវត្តន៍ «Techno Innovation Challenge Cambodia 2021» ដែលរៀបចំកាលពីចុងមីនាកន្លងទៅនេះ ដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមគម្រោង CNEUF ជំនួយរបស់ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ។
ដោយសារស្ថានភាពសុខាភិបាលមិនអំណោយផល ក្រុមប្រកួតទាំងឡាយត្រូវការពារគម្រោងរបស់ខ្លួនពីចម្ងាយ និងការផ្សាយបន្តផ្តាល់លើ ZOOM នៅចំពោះគណៈកម្មការចម្រុះដែលសុទ្ធតែជាអ្នកជំនាញៗ ។ ក្រុមនីមួយៗបានបង្ហាញវីដេអូ ធ្វើបទបង្ហាញគម្រោងរបស់ខ្លួនដោយសង្កត់ធ្ងន់លើគំនិតផ្តួចផ្តើម គោលបំណង ប្រភពហិរញ្ញវត្ថុ និងផែនការទីផ្សាររបស់ខ្លួន ដើម្បីនាំទៅដល់ការបន្តនិរន្តភាពនៃគម្រោងរបស់ខ្លួន។
យុវជនទាំង១៧ក្រុមនេះបានឆ្លងកាត់តាំងពីការចាប់ផ្តើមពីដំបូង ដែលមាននិស្សិត៥៦ក្រុម មកពីគ្រឹះស្ថានឧត្តមសិក្សាប្រមាណជិត ២០គ្រឹះស្ថាន បានចូលរួមប្រកួត ។ ការជម្រុះបានឆ្លងកាត់ជាច្រើនដំណាក់កាលរយៈពេល៤សប្តាហ៍ រាប់ចាប់តាំងពីការការពារគំនិត ការបណ្តុះបណ្តាលលើបច្ចេកទេសពាណិជ្ជកម្ម ការសម្ដែងមតិនៅចំពោះសាធារណៈ និងការផលិតវីដេអូ ។
ក្រោយពីបានការពារគម្រោងរៀងៗខ្លួនគ្រប់ក្រុមអស់ថេរវេលា៥ម៉ោង គណៈកម្មការមេប្រយោគបានធ្វើការប្រកាសលទ្ធផលគឺ ជ័យលាភីចំនួន៣ក្រុម និង៣ក្រុមទទួលបានរង្វាន់លើកទឹកចិត្ត ។ ជ័យលាភីទាំង៣ក្រុមនេះ មានគម្រោង « SugaPad Somnol និង Yourspace » ទទួលបានរង្វាន់លេខ១ ចំនួនទឹកប្រាក់ ២ ០០០ដុល្លារ លេខ២ ចំនួន១ ៥០០ដុល្លារ និងលេខ៣ ចំនួន១ ០០០ដុល្លារ ។
គំរោង« SugaPad » ទាក់ទងនឹងវិស័យសុខាភិបាល និងបរិស្ថាន គឺជាការផលិតសំឡីអនាម័យដែលផលិតឡើងដោយកាកអំពៅ ជាវត្ថុធាតុដើមងាយស្រួលស្វែងរកនៅទូទាំងប្រទេស និងជាផលិតផលងាយរលាយក្រោយការប្រើប្រាស់ ។ គោលបំណងនៃគម្រោងនេះ គឺជួយលើកទឹកចិត្តស្ត្រីឱ្យប្រើប្រាស់សំឡីប្រភេទនេះដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីក និងកាត់បន្ថយសំរាមដែលជាសារធាតុរឹងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
សំរាប់គម្រោង « Somnol » ទាក់ទងនឹងវិស័យកសិកម្ម និងបច្ចេកវិទ្យាចំណីអាហារ ។ សំណល់គឺជាគម្រោងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការប្រើប្រាស់ឡើងវិញនៃកាកសំណល់ចំណីអាហារស្ងួតសម្រាប់ការចិញ្ចឹមមាន់ និងជួយស្វែងរកទីផ្សារសំរាប់កសិករ ដែលជួបបញ្ហាលំបាកលើផ្នែកសុខាភិបាល បរិស្ថាន និងសេដ្ឋកិច្ច ។
ចំណែកឯគម្រោង « Yourspace » វិញទាក់ទងនឹងការអភិវឌ្ឍកម្មវិធីប្រើប្រាស់តាមទូរស័ព្ទចល័ត ដែលប្រើសម្រាប់បង្ហាញទីតាំងទំនេរសម្រាប់អ្នកប្រើប្រាស់តាមតម្រូវការរបស់ខ្លួនឬប្រើប្រាស់សម្រាប់ជាចំណតរថយន្ត ដើម្បីឱ្យម្ចាស់ទីតាំងទទួលបានប្រាក់ចំណូលពីទីតាំងរបស់ខ្លួនដែលមិនប្រើប្រាស់ ។
យុវជន៣ក្រុមទៀតទទួលបានរង្វាន់លើកទឹកចិត្តចំនួន៥០០ដុល្លារ ។ ក្រុមទាំង៣នេះក៏អាចទទួលបានសិទ្ធិដូចជ័យលាភីទាំង៣ក្រុមក្នុងការប្រើប្រាស់ទីតាំងសហការងារនៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក៏ដូចជាចូលរួមក្នុងកម្មវិធីភ្ញាស់គម្រោងរយៈពេលជាង៣ខែ ដើម្បីសម្រេចឱ្យបានក្នុងការកសាងគម្រោងរបស់ខ្លួន ឆ្ពោះទៅការបង្កើតជាផលិតផលពិត និងអភិវឌ្ឍគំនិតពាណិជ្ជកម្មនៃគម្រោងទាំងឡាយរបស់ខ្លួនបញ្ចូលក្នុងទីផ្សារជាក់ស្តែង ។
កម្មវិធីនេះត្រូវបានគាំទ្រដោយក្រសួងអប់រំយុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការឧបត្ថម្ភថវិកាដោយ ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ក្នុងគម្រោង CNEUF និងសហការឧបត្ថម្ភថវិកាដោយ Khmer Enterprise – សហគ្រិនខ្មែរ Smart Axiata និងសហភាពអឺរ៉ុប ក្រោម គម្រោង FoodSTEM ។
Techno Innovation Challenge Cambodia 2021 គឺជាកម្មវិធីប្រកួតប្រជែងដែលមាននិស្សិតជាច្រើនមានសម្ថភាព និងជំនាញខុសៗគ្នារួមគ្នាបង្កើតជាក្រុម បង្កើតគំនិត កសាង និងបង្ហាញដំណោះស្រាយប្រកបដោយនុវានុវត្តភាព ។ គឺជាកម្មវិធីការប្រកួតប្រជែងការច្នៃប្រឌិត នៃការបង្កើតសមិទ្ធផល វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដែលមានភាពច្នៃប្រឌិតខ្ពស់ ។ កម្មវិធីនេះត្រូវបានធ្វើឡើងដើម្បីផ្តល់ឱកាស ជួយជំរុញ និងលើកទឹកចិត្តសម្រាប់និស្សិតកម្ពុជា ដែលមានគំនិតច្នៃប្រឌិត ភាពជាអ្នកដឹកនាំ សហគ្រិនភាព និងមានគោលបំណងក្នុងការដោះស្រាយបញ្ហាដែលបានកើតឡើងក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល ឱ្យបានចូលរួមក្នុងការប្រកួតប្រជែងយកជ័យលាភី និងអភិវឌ្ឍគម្រោងរបស់ខ្លួនឱ្យក្លាយជាអាជីវកម្មមួយពិតប្រាកដ ក្រោមការជួយជ្រោមជ្រែងពីកម្មវិធីទាំងផ្នែកបច្ចេកទេស ផ្នែកសហគ្រិនភាព និងផ្តល់ជូនដើមទុនមួយចំនួនផងដែរ http://cneuf.itc.edu.kh ៕