ខ្មែរប៉ុស្ដិ៍ Close

លោក ទៀ បាញ់ អនុញាតិ​ឲ្យ​ឯកអគ្គ​រដ្ឋ​ទូត​វិសាមញ្ញ ​និងពេញសមត្ថភាពសហព័ន្ធរុស្ស៊ី ចូលជួប​សំដែង​ការ​គួរ​សម ​និងជម្រាបលា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 38
លោក ទៀ បាញ់ អនុញាតិ​ឲ្យ​ឯកអគ្គ​រដ្ឋ​ទូត​វិសាមញ្ញ ​និងពេញសមត្ថភាពសហព័ន្ធរុស្ស៊ី ចូលជួប​សំដែង​ការ​គួរ​សម ​និងជម្រាបលា លោក ទៀ បាញ់ អនុញាតិ​ឲ្យ​ឯកអគ្គ​រដ្ឋ​ទូត​វិសាមញ្ញ ​និងពេញសមត្ថភាពសហព័ន្ធរុស្ស៊ី ចូលជួប​សំដែង​ការ​គួរ​សម ​និងជម្រាបលា

លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញាតិឲ្យលោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសហព័ន្ធរុស្ស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិការទូតរបស់ខ្លួននៅកម្ពុជា កាលពីរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ នៅបន្ទប់សវនាការសម្ដេចពិជ័យសេនា នាអាគារមិត្តភាព ទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងទីក្រុងភ្នំពេញ។

ក្នុងជំនួបនាឱកាសនោះ លោក Dmitry Tsvetkov បានសម្ដែងនូវអំណរគុណចំពោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមនិងថ្នាក់ដឹកនាំក្នុងក្រសួងការពារជាតិ ដែលបានផ្ដល់ឱកាសឲ្យរូបលោក ដែលជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិការទូត បានចូលជួបសំដែងការគួរសម និងជម្រាបលាក្នុងឱកាសនេះ។ លោក Dmitry Tsvetkov បានសម្ដែងនូវអំណរគុណជាអនេកចំពោះ លោក ទៀ បាញ់ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងគ្រប់បណ្ដាស្ថាប័នដែលពាក់ព័ន្ធ ដែលក្នុងរយៈពេលនៃការបំពេញបេសកកម្មការទូតរបស់ឯកឧត្តម នៅកម្ពុជា កងយោធពលខេមរភូមិន្ទ បានរួមសហប្រតិបត្តិការ បង្កគ្រប់លក្ខណៈសម្បត្តិ ងាយស្រួលគ្រប់បែបយ៉ាងដល់រូបឯកឧត្តម រួមនឹងសហការី ក្នុងការបំពេញបេសកកម្មការទូត ក្នុងការរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អ រវៀងរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី និងរាជរដ្ឋាភិបាលកម្ពុជា ពិសេសកងយោធពលខេមរភូមិន្ទ នៅកម្ពុជា រហូតទទួលបានជោគជ័យក្រោយពេលបញ្ចប់អាណត្តិការទូតនេះ។

លោកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី បានលើកឡើងអំពីកង្វល់របស់ប្រជាជន នៅទូទាំងពិភពលោក អំពីការរីករាយ នៃជំងឺផ្លូវដង្ហើម វីរុសកូរ៉ូណា (Covid 19) ដែលបាននិងកំពុងរីករាលដាលយ៉ាងខ្លាំង នៅគ្រប់បណ្តាប្រទេស ក្នុងតំបន់អាស៊ី អឺរ៉ុប អាហ្វ្រិច អាមេរិច និងតំបន់មួយចំនួននៅលើពិភពលោក ដែលមានអ្នកឆ្លង និងអ្នកស្លាប់ កើនឡើងជារៀងរាល់ថ្ងៃ។

លោក ទៀ បាញ់ បានបញ្ជាក់ថា លោកសូមចូលរួមអបអរសាទរចំពោះភាពជោគជ័យ នៃការបំពេញការងារ ការទូតរបស់លោក Dmitry Tsvetkov នៅកម្ពុជា និងស្វាគមន៍ជានិច្ច ចំពោះគ្រប់បេសកកម្មការទូត របស់បណ្ដាប្រទេសជាមិត្តមកកាន់ប្រទេសកម្ពុជា។ លោក បញ្ជាក់ទៀតថា កន្លងមក រដ្ឋាភិបាល កងទ័ពប្រទេសយើងទាំងពីរ កម្ពុជា សហព័ន្ធរុស្ស៊ី តែងតែរួមគ្នាបង្កើននូវកិច្ចសហប្រតិបត្តិការ ជាមួយគ្នា បានយ៉ាងល្អប្រសើរ ចាប់តាំងពីថ្នាក់ដឹកនាំកំពូល រហូតដល់ថ្នាក់ក្រោម។

លោក ទៀ បាញ់ បានសំដែងនូវក្តីសង្ឃឹមយ៉ាងមុតមាំ នៅពេលដែលឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសហព័ន្ធរុស្ស៊ី បានបញ្ចប់អាណត្តិរបស់ខ្លួននៅកម្ពុជា ហើយរដ្ឋាភិបាលសហព័ន្ធរុស្សី នឹងដាក់ជំនួស នៅឯងអគ្គរដ្ឋទូតថ្មី សម្រាប់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នឹងបន្តការងារដែលនៅសេសសល់ និងបំពេញការងារថ្មីៗថែមទៀតកាន់តែល្អប្រសើរ ក្នុងការពង្រឹងពង្រីកចំណងទាក់ទង ការរឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការទំនាក់ទំនងកាន់តែល្អថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងកងយោធពលខេមរភូមិន្ទ។

ជំនួសមុខឱ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ លោក ទៀ បាញ់ ក៏បានសម្ដែងនូវអំណរគុណចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជន នៃសហព័ន្ធរុស្ស៊ី ដែលជានិច្ចជាកាលតែងតែបានផ្ដល់នូវការគាំទ្រ ក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជា ពិសេសជួយដល់ការបណ្ដុះបណ្ដាលធនធានមនុស្សលើគ្រប់ជំនាញ ដល់កងយោធពលខេមរភូមិន្ទ ឲ្យមានធនធានមនុស្សពិតប្រាកដក្នុងការចូលរួមពង្រឹងវិស័យការពារជាតិ របស់កម្ពុជាឱ្យកាន់ប្រសើរ។

ពាក់ព័ន្ធដល់វិធានការទប់ស្កាត់ការរីករាលដាលមេរោគផ្លូវដង្ហើម(COVID-19) លោក ទៀ បាញ់ បានគូស បញ្ជាក់ពីតួនាទីរបស់កងយោធពលខេមរភូមិន្ទ ដែលជាកម្លាំងស្រួច បានត្រៀមខ្លួនជាស្រេច ក្នុងការអន្តរាគមន៍ជួយសង្គ្រោះតាមសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ពិសេសក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ លោក សង្ឃឹមយ៉ាងមុតមាំថា ក្រោយពីឯកអគ្គរដ្ឋទូតចាស់បញ្ចប់អាណត្តិ ហើយឯកអគ្គរដ្ឋទូតថ្មី របស់សហព័ន្ធរុស្ស៊ី នឹងបន្តខិតខំប្រឹងប្រែងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ទំនាក់ទំនង នៃការរឹតចំណងសាមគ្គីភាព មិត្តភាព រវាងប្រទេសយើងទាំងពីរ កម្ពុជា សហព័ន្ធរុស្សី ឲ្យកាន់តែល្អថែមទៀត។

លោក Dmitry Tsvetkov ក៏បានជម្រាបជូនលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែរថា៖ ថ្វីត្បិតតែលោក បញ្ចប់អាណត្តិការទូតនៅកម្ពុជា ក៏ពិតមែន ប៉ុន្តែរដ្ឋាភិបាលសហព័ន្ធរុស្សី ក៍នឹងចាប់បញ្ជូនឯកអគ្គរដ្ឋទូតថ្មី ដើម្បីបន្តការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទំនាក់ទំនង នៃការរឹតចំណងសាមគ្គីភាព មិត្តភាព រវាងប្រទេសយើងទាំងពីរ បន្ទាប់ពីឯកឧត្តមបញ្ចប់បេសកកម្មកាទូតនៅកម្ពុជា ហើយធ្វើមាតុភូមិនិវត្តន៍ទៅកាន់សហព័ន្ធរុស្ស៊ី ដើម្បីបន្តការងារថ្មី។ ក្នុងការមកបំពេញបេសកកម្មកាទូតបន្ត របស់ឯកអគ្គរដ្ឋទូតថ្មីនៅកម្ពុជា បន្តពីរូបលោក សហព័ន្ធរុស្សី នៅមានកម្មវិធីជាច្រើនដែលនឹងត្រូវអញ្ជើញដល់ថ្នាក់ដឹកនាំរបស់កងយោធពលខេមរភូមិន្ទ ដើម្បីទៅចូលរួមក្នុងកម្មវិធីទាំងនោះ។

ជាការឆ្លើយតប លោក​ ទៀ បាញ់ បានទទួលយកនូវសំណើរបស់ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សី ដើម្បីពិចារណា និងរកនៅពេលវេលាសមគួរណាមួយដើម្បីចូលរួមផងដែរ៕

អត្ថបទទាក់ទង