ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩៖ តើគួរឱ្យប្រជាជនទូទៅនាំគ្នាពាក់ម៉ាស់ គ្រប់គ្នា ឬយ៉ាងណា?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២០ នគរគំនិត 33
កូវីដ-១៩៖ តើគួរឱ្យប្រជាជនទូទៅនាំគ្នាពាក់ម៉ាស់ គ្រប់គ្នា ឬយ៉ាងណា? កូវីដ-១៩៖ តើគួរឱ្យប្រជាជនទូទៅនាំគ្នាពាក់ម៉ាស់ គ្រប់គ្នា ឬយ៉ាងណា?

នៅ​ក្នុងពេល​ដែល​ការរីករាលដាល​នៃ​កូវីដ​ចេះតែ​កើនឡើង​យ៉ាងលឿន​ដោយ​គ្មាន​ថមថយ អ្នកជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក​កំពុងតែ​នាំគ្នា​ពិចារណា​មើល​ឡើងវិញ​អំពី​រឿង​ពាក់ម៉ាស់។ តើ​គេ​គួរ​ឱ្យ​ប្រជាជន​ទូទៅ​នាំគ្នាពាក់ម៉ាស់ ឬ​ក៏​ឱ្យ​តែ​អ្នក​ឈឺពាក់ ហើយ​អ្នកផ្សេងទៀត​មិនចាំបាច់ ដូចអ្វី​ដែល​អង្គការ​សុខភាព​ពិភពលោក​ណែនាំ​រហូត​មក​ទល់​នឹង​ពេលនេះ ? គេដឹង​ថា ការពាក់ម៉ាស់​នេះ​អាច​ជួយ​ទប់ស្កាត់​អ្នក​ផ្ទុក​កូវីដ-១៩​មិន​ឱ្យ​ឆ្លងទៅគេ ក៏ប៉ុន្តែ សំណួរ​ចោទឡើងថា តើ​ការ​ពាក់ម៉ាស់​នេះ​អាច​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា ក្នុងការ​ជួយ​ទប់ស្កាត់​អ្នក​ជា​មិន​ឱ្យ​ឆ្លង​ពី​អ្នកឈឺ ?

តើមាន​សេចក្តីសម្រេ​ចចិត្ត​ថ្មី​​ឱ្យ​មនុស្ស​គ្រប់គ្នា​គួរ​តែ​ពាក់​ម៉ាស់​ជា​ទូទៅ​ឬនៅ​?​

មិនទាន់​មាន​ការ​បញ្ជាក់ថ្មីទេ ប៉ុន្តែ​ពេល​នេះ អង្គការ​សុខភាព​ពិភលោក ទាំង​ប្រទេសមួយ​ចំនួន​​នៅ​អឺរ៉ុប​ ហើយ​ក៏ដូច​ជា​នៅសហរដ្ឋ​អាមេរិកដែរ ​គេកំពុងតែ​ជជែក​ដេញដោល​គ្នាសម្បើមណាស់​ ក្នុងរង្វង់​អ្នក​ជំនាញ​ ពីប្រសិទ្ធភាព​របស់​ម៉ាស់​ និងថាតើ​គួរ​ពាក់​ម៉ាស់​គ្រប់គ្នា​ជាទូទៅ​ឬយ៉ាងណា​។ ​ប្រសិន​បើ​មានការ​​សម្រេចចិត្ត​ថ្មី ថាត្រូវតែ​​ពាក់​ម៉ាស់​ជាទូទៅ គ្រប់គ្នា​តែម្តង គឺ​ជា​ចំណោទ​បញ្ហា​ធ្ងន់ណាស់​ ​ព្រោះ​នាំឱ្យ​ម៉ាស់អស់ ដាច់ពី​​ស្តុក​ ដែលពេល​​នេះ​ស្ទើរតែ​គ្រប់ប្រទេស​​គ្រប់​កន្លែង កំពុងតែ​ខ្វះ​ខាត​ស្រាប់។ ហេតុ​នេះហើយជាក្តីបារម្ភមួយ​ដែរ​ ទើប​អង្គការសុខភាពពិភលោក និង​រដ្ឋាភិបាល​បារាំង​ជាដើម បាន​បន្ត​ឱ្យ​អាទិភាព​ចំពោះ​តែ​អ្នក​ជំងឺ​និងក្រុម​​គ្រូពេទ្យ​ ជាអ្នក​ប្រយុទ្ធ​ជួរមុខ ​ពាក់​សិន។​

ម្យ៉ាងទៀត អ្នក​ជំនាញ​ខ្លះ យល់ថា ការ​ដែល​មនុស្ស​ពាក់​ម៉ាស់ ​គ្រប់ៗ​គ្នានិង​ជាទូទៅ នោះ ​វាអាច​នាំឱ្យ​កើត​មាន​ប្រតិកម្ម​អ្វីទៀត កើតឡើង ​ក៏​អាច​ថា​បាន។

ទោះយ៉ាងនេះក្តី​ អ្នកវិទ្យាសាស្ត្រចិនជាន់ខ្ពស់ បណ្ឌិត​ George Gao ជា​អគ្គនាយកមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺរបស់ចិន បាន​លើកឡើង​នៅពេល​ថ្មីៗនេះ ថា «​​នៅ​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប គឺ​ជាការ​ខុស​ឆ្គង​ធំណាស់​ដែល​ពលរដ្ឋ​​មិន​ពាក់​ម៉ាក់​ការពារ។ មេរោគកូរ៉ូណាថ្មីនេះ ចម្លង​ពី​មនុស្ស​ទៅមនុស្ស ដោយសារផ្លូវ​ដង្ហើម ​​តំណក់ទឹកមាត់ ឬទឹក​សំបោរ។ ​​តំណក់ទឹកមាត់ឬទឹក​សំបោរ ដើរតួនាទីសំខាន់​ណាស់ ក្នុងការ​ចម្លងមេរោគកូវីដ​១៩​​នេះ​។ ដូច្នេះ ម៉ាស់​ សំខាន់​ខ្លាំងណាស់​! ព្រោះថា គ្រាន់តែ​ការ​និយាយគ្នា​ធម្មតា ក៏អាច​​ខ្ទាតទឹកមាត់ និងអាច​ឆ្លង​គ្នា​បាន​ដែរ​។​»

តាមការសិក្សាថ្មីមួយ​​​របស់​អាមេរិក និងដែល​ចុះផ្សាយ​ដោយ​សារព័ត៌មាន​ BBC នៅថ្ងៃទី​២មេសា​ បង្ហាញថា ការ​ក្អក អាច​មាន​លទ្ធភាព​ចម្លង​រោគ ចម្ងាយ​​បរិវេណប្រមាណ​៦ម៉ែត្រ ហើយ​ការ​កណ្តាស់វិញ ៨ម៉ែត្រ​ឯណោះ។ ដូច្នេះ​ការពាក់​ម៉ាស់​ការពារ ជារឿង​សំខាន់។​

បណ្តាប្រទេស​នៅអាស៊ីជាទូទៅ​ មាន​ចំនួន​ឆ្លង​កើន​តិច​ ដោយសារតែ​គេ​បាន​ពាក់ម៉ាស់​ច្រើន និង​ស្ទើរ​គ្រប់​គ្នា។ តើ​ត្រឹមត្រូវ​ទេ​?

បណ្តាញ​ព័ត៌មាន​បច្ចិមលោក គេ​បាន​លើកឡើង​​ថា​ពលរដ្ឋ​នៅអាស៊ី នៅ​ចិន​ ហុងកុង តៃវ៉ាន់​ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី ជាដើម គឺ​ហាក់​ប្រតិកម្មលឿនណាស់ ក្នុងការ​យក​ចិត្តទុកដាក់​ ពាក់ម៉ាស់ស្ទើរគ្រប់​ៗ​គ្នា​ ដែល​ខុស​ពីទម្លាប់របស់​​ប្រជាជន​នៅអឺរ៉ុប​និងនៅ​សហរដ្ឋអាមេរិក​។

ទីភ្នាក់ងារ​ព័ត៌មាន​​បារាំង​​AFP ​បាន​កត់​សម្គាល់​ថា ​នៅ​ហុងកុង​និងតៃ​វ៉ាន់ជាដើម មិនសូវ​កើន​ឡើង​ចំនួន​អ្នក​ឆ្លង​ច្រើនទេ​ ក៏ព្រោះតែ​មានវិធានការ​ពាក់​ម៉ាក់​គ្រប់​គ្នា និងជា​ទូទៅ។​ ទន្ទឹមនឹងនេះ តាមការកត់សម្គាល់របស់សារព័ត៌មាន​ CNN, តៃវ៉ាន ដែលមានប្រជាជនជា ២៣លាននាក់ និងដែលមានចម្ងាយតែជាង១០០គីឡូម៉ែត្រ​ប៉ុណ្ណោះ​ចិនដីគោក តែតាមរបាយការណ៍ផ្លូវការ គិតមកត្រឹមថ្ងៃទី៣១ខែមីនា គឺ តៃវ៉ាន់ មានអ្នកឆ្លងជំងឺកូវីដ​១៩ តែចំនួនជាង៣០០នាក់ និងស្លាប់តែ៥នាក់ប៉ុណ្ណោះ។ នេះក៏ទំនង​ជា​ ម៉ាស់ អាច​ជួយ​កាត់បន្ថយ​ចំនួន​ឆ្លង​ បាន​មួយ​ផ្នែក​ដែរ នៅតៃវ៉ាន។​

នៅជប៉ុនវិញ ពលរដ្ឋ​ជប៉ុន​ឱ្យ​សារៈ​សំខាន់​ណាស់ ចំពោះ​ម៉ាស់។ ម៉ាស់​ក៏​ស្ទើរតែ​អស់​ពីស្តុក​ដែរ​នៅ​ប្រទេសយក្សសេដ្ឋកិច្ច​​អាស៊ី​មួយ​នេះ។ ដើម្បីទប់​ទល់​ស្ថានការណ៍​បន្ទាន់ រដ្ឋាភិបាលជប៉ុន ​​បាន​ឱ្យ​រោងចក្រ​ផលិត​ម៉ាស់​ធ្វើ​ពី​កំណត់ (ក្រណាត់)​ ហើយ​នាយករដ្ឋមន្ត្រី Shinzo Abe ថ្លែង​នៅថ្ងៃព្រសហ្បតិ៍ ទី​២មេសា ថាចង់​ជូន​ម៉ាស់​ចំនួន​ពីរ​ក្នុង​មួយ​គ្រួសារ​ សម្រាប់​ពលរដ្ឋ​ជប៉ុន​ ប្រមាណ​៥០លានផ្ទះ ​នៅទូទាំងប្រទេស។

ម៉ាស់​មាន​ច្រើន​ប្រភេទ​ណាស់ តើ​ម៉ាស់មួយ​ណា​មាន​ប្រសិទ្ធភាព​ពិតប្រាកដ​?

ម៉ាស់មាន​ច្រើន​សណ្ឋានណាស់ រួម​ទាំង​មាន​ម៉ាស់​ដែល​គេផលិត​ដោយ​ខ្លួន​ឯង​ទៅទៀត។ នៅ​ស្រុក​ខ្មែរ អ្នក​ខ្លះ​យកក្រមា យក​កំណាត់​ មក​កាត់​ ដេរ​ច្នៃ​ ធ្វើ​ជាម៉ាស់ សម្រាប់​ប្រើ​ខ្លួន​ឯង ឬ​​សម្រាប់​លក់​ដូរ​​។ គេ​មិនដឹង​ថាវាមានគុណសម្បត្តិ​កម្រិតណា​ ក្នុងការបង្ការមេរោគនោះទេ​។​ សូម្បីតែទូរទស្សន៍ ​BBC ក៏បញ្ជាក់ដែរ​ថា ម៉ាស់​ប្រភេទដេរច្នៃខ្លួន​ឯង​​នេះ មិនទាន់​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ប្រើ​នៅឡើយទេ ព្រោះ​គេ​មិន​ទាន់​អាច​ធានាបាន​​ថា​មាន​ប្រសិទ្ធភាពប៉ុណ្ណា បើ​ទោះបី​ជា​គេប្រើ​វា​បាន​ត្រឹមត្រូវក៏ដោយ​​ក្តី ។​

ដូចគ្នាដែរ ម៉ាស់​ដែល​គ្រូ​ពេទ្យ​ខាង​វះកាត់ ដូចដែ​ល​យើងធ្លាប់​ឃើញ ម៉ាស់​ស្តើងៗ ពណ៌ខៀវ បៃតង​ ពណ៌​ពងមាន់​ឬស ឬក៏ ម៉ាស់​ដែល​​គេពាក់​នៅពេល​រដូវ​រងា​ ពេល​ផ្តាសាយ ឬពេល​ allergies នៅរដូវ​ផ្ការីក ​ ពួក​ម៉ាស់​ប្រភេទ​នេះ ក៏ត្រូវ​គេ​នៅ​ចោទសួរ​ដែរពីគុណភាព​ ថាតើ​វាអាច​មាន​ប្រសិទ្ធភាព​​ទប់ទល់​​ការ​ចម្លង​កូវីដ​១៩តាម​ផ្លូវ​ដង្ហើម បាន​កម្រិតណា? នៅពេល​នេះ មិន​ទាន់​មាន​ការ​អះអាង​ជាក់​លាក់​ណាទេ ថាវា​​មានឬគ្មាន​ប្រសិទ្ធភាព​នោះ។​

ចំពោះ​ក្រុម​គ្រូពេទ្យនិង​បុគ្គលិកសុខាភិបាលធ្វើ​ការនៅក្នុង​មន្ទីរពេទ្យ​ អ្នក​ជំនាញ​បញ្ជាក់​ថា ពួ​កគេគួរ​​ត្រូវ​ម៉ាស់​ប្រភេទ FFP2 ឬ FFP3 និង​ប្រភេទ​ N95 ជាដើម​ ពី​ព្រោះថា ក្រុម​គ្រូ​ពេទ្យ​ទាំងនោះ ធ្វើ​ការព្យាបាល និងប៉ះពាល់​ស្និទ​ជាមួយ​អ្នក​ជំងឺកូវីដ​១៩​​ ហើយ​ដែល​អាច​​​ប្រឈម​មុខ​ខ្លាំង​ ក្នុង​ការ​ចម្លងមេរោគ។

យ៉ាងណាក៏ដោយ ការពាក់ម៉ាស់តែមួយ​មុខ មិនទាន់​គ្រប់​គ្រាន់ទេ។ គេត្រូវ​​​ការពារ​ភ្នែក និងលាងសម្អាត​ដៃ​ជា​ប្រចាំ ហើយ​ញឹកញយបំផុត​ ព្រមទាំង​ ត្រូវ​​រក្សាគម្លាតពីគ្នា ​ថែមទៀត​​​៕ RFI

អត្ថបទទាក់ទង