ស្ដេចល្បុក្កតោ ដែលធ្វើឲ្យពិភពលោកកាន់តែស្គាល់ក្បាច់គុនបុរាណខ្មែរ
ល្បុក្កតោជាក្បាច់គុនវប្បធម៌ខ្មែរដែលកំពុងតែមានភាពល្បីល្បាញទូទាំងប្រទេសកម្ពុជា និងពិភពលោក។ ក្រោយពីបានចុះផ្សាយពីក្បាច់គុនរាប់ពាន់ឆ្នាំរបស់ខ្មែរនេះជាញឹកញាប់ ឥឡូវ Sabay សូមបង្ហាញប្រវត្តិលោកគ្រូតាក្រមាមាស សាន គឹម ស៊ាន ដែលជាអ្នកចងក្រង ក្បាច់គុនដូនតានេះឲ្យរស់ឡើងវិញក្នុងសតវត្សទី២១នេះ។ មុនបានមកដល់សព្វថ្ងៃ តើជីវិតរបស់លោកតាក្រមាមាសរូបនេះបានលះបង់ និងឆ្លងកាត់ឧបសគ្គអ្វីខ្លះ?
លោកគ្រូតា សាន គឹមស៊ាន
ជីវិតគ្រួសារ
លោកតា សាន គឺមស៊ាន កើតថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៤៥ ក្នុងគ្រួសារមួយដែលមានលោកឪពុកឈ្មោះស៊ាន ស៊ៀ ជាអ្នកលក់កាហ្វេ គុយទាវ តាមកង់ និងម្ដាយឈ្មោះ យិន វ៉ាត់ (ហៅយាយពៀង) ជាមេផ្ទះ។ លោកមានបងប្អូនចំនួន១២នាក់ ហើយរូបលោកជាកូនពៅ ប៉ុន្តែជារឿងគួរឲ្យខ្លោចផ្សាបំផុតដែលបងប្អូនលោកបានបាត់បង់ជីវិតទាំងអស់ នៅសល់តែរូបលោកម្នាក់គត់ដែលមានសំណាងរស់រានមានជីវិតរហូតដល់សព្វថ្ងៃនេះ។ កាលពីកុមារភាព ជីវិតរបស់លោកពោរពេញដោយភាពឯកោ និងលំបាកវេទនាស្ទើរមិនអាចពណ៌នាបាន។
កម្រិតអប់រំ
លោកតាបានចូលរៀនសាលាបឋមសិក្សាអង្គអេង មុនចូលថ្នាក់អនុវិទ្យាល័យនៅសាលាព្រះស៊ីសុវត្ថិ។ ក្រោយមក លោកតាបានផ្លាស់ទៅសិក្សានៅសាលារៀនឯកជនសុវណ្ណភូមិវិញ។ ឆ្នាំ១៩៦៦ លោកបានប្រលងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិដោយជោគជ័យ។ ក្រោយពីបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ លោកតាបានចូលបម្រើការងារនៅក្នុងក្រុមភ្លេងរាជតម្រួតភិរម្យដែលជាក្រុមភ្លេងដង្ហែសម្ដេចព្រះវររាជបិតា នរោត្ដម សីហនុ រហូតដល់ឆ្នាំ១៩៧០។ ឆ្នាំនោះ លោកតាបានលាឈប់ពីការងារក្នុងក្រុមភ្លេងដោយសារតែរដ្ឋប្រហារទម្លាក់សម្ដេចពីរបបលន់ ណុល។ ក្រោយមកលោកតាក៏ភៀសខ្លួនទៅធ្វើជាទាហាននៅខេត្តកំពង់ស្ពឺ។
ជីវិតក្នុងសម័យប៉ុលពត១៩៧៥-១៩៧៩
លោកតាប្រាប់ Sabay ថា ក្នុងរបបដ៏ជូរចត់រកទីបំផុតគ្មានសម្រាប់ប្រជាជនទូទាំងប្រទេសពិតជាស្អប់របបដ៏យង់ឃ្នងនោះរួមទាំងលោកតាផង។ ឆ្នាំ១៩៧៥ លោកតាបានធ្វើដំណើរទៅខេត្តព្រៃវែងជាមួយភរិយាលោកយាយសាំង សិត។ ក្រោយមកទៀតលោកតាបានត្រឡប់ទៅខេត្តបាត់ដំបងដោយមានការប្រកាសជ្រើសរើសអ្នកច្រូតស្រូវ។ ពេលទៅដល់ខេត្តបាត់ដំបងលោកតាត្រូវបានគេបញ្ជូនទៅតំបន់៤ដែលជាតំបន់វាយមនុស្សចោលអស់ជាងមួយម៉ឺននាក់។ លោកតាចាំថា តំបន់នោះស្ថិតនៅភូមិព្រៃស្វាយ ។ គ្រាន់តែដល់បានប៉ុន្មានសប្ដាហ៍ លោកតាបានធ្លាក់ខ្លួនឈឺជាទម្ងន់ ភ្នែកមើលមិនឃើញ ដើរមិនរួច និងស្រកទម្ងន់នៅសល់តែស្បែកដណ្ដប់ឆ្អឹង។ ពេលដើរទៅណាម្ដងៗតែងតែកាន់ឈើច្រត់ ។
ជាសំណាងមួយក្នុងជីវិតលោកតាដែលមានពេទ្យចិនមើលថែដិតដល់ ខណៈដែលអ្នកផ្សេងត្រូវវាយសម្លាប់។ ក្រោយពីធ្លាក់ខ្លួនឈឺធ្ងន់ប្រមាណជា៤ខែ គ្រប់អ្នកជំងឺដែលឈឺធ្ងន់ទាំងអស់ត្រូវបានប្រកាសឲ្យយកទៅព្យាបាល។ ដូចបានកើតម្ដងទៀត លោកតាត្រូវបានគ្រូពេទ្យចិនព្យាបាលដោយម្ជុលវិទ្យាសាស្ត្រ។ បន្ទាប់ពីការចាក់ម្ជុលវិទ្យាសាស្ត្រដ៏មានប្រសិទ្ធភាពរបស់គ្រូពេទ្យចិននោះ លោកតាក៏ជាសះស្បើយអាចធ្វើការឲ្យអង្គការជាធម្មតាវិញ។
ឆ្នាំ១៩៧៩ នាពេលរបបដ៏កាចសាហាវនេះបានរលត់ លោកតាក៏បានធ្វើដំណើរត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ។ ពេលនោះលោកតាបានធ្វើការជាសន្តិសុខផ្សារទួលទំពូងក្រោយពីមានការណែនាំពីមិត្តភ័ក្ដិម្នាក់ឈ្មោះយស់ ផាន់។
ការហាត់ល្បុក្កតោ និង ក្បាច់គុនផ្សេងៗ
លោកតាសាន គឹមស៊ាន បានបញ្ជាក់ថា ត្រឹមតែអាយុ១៣ឆ្នាំ លោកតាបានចូលហាត់រៀនក្បាច់គុនល្បុក្កតោជាមួយលោកឃឹម ល័ក្ខដែលត្រូវជាពូចិញ្ចឹម។ លោកឃឹម ល័ក្ខ ត្រូវបានឪពុករបស់លោកតាយកមកចិញ្ចឹមតាំងពីតូច និងទុកដូចជាកូនបង្កើត។ លោកតាបានរំលឹកថា លោក ឃឹម ល័ក្ខ ជាបុគ្គលមួយរូបដែលហាត់ក្បាច់គុនល្បុក្កតោគ្មានគូប្រៀបកាលជំនាន់នោះ។ ឪពុកមាម្នាក់នេះមិនត្រឹមតែចេះក្បាច់គុនល្បុក្កតោរបស់ខ្មែរនេះទេ តែថែមទាំងជាគ្រូថ្នាំគង់ទៀតផង ពោលគឺកាប់មិនមុតដុតក៏មិនឆេះដែរ ពីព្រោះលោកតាបានឃើញផ្ទាល់ភ្នែក។ លោកតារូបនេះបានបន្តថា ការដែលនិយាយប្រាប់ក្មេងៗនៅជំនាន់នេះប្រហែលជាគេមិនជឿនោះទេ តែអ្វីៗជារឿងពិតនោះគឺលោកតាមឃើញផ្ទាល់នឹងភ្នែកពេលលោក ឃឹម ល័ក្ខបើកឲ្យគេកាប់ ។
ដល់អាយុបាន១៤ឆ្នាំលោកតា បានប្ដូរទៅហាត់គុនដំបងនៅព្រែកពោធិ៍ ស្រុកស្អាង ខេត្តកណ្ដាល ។ កាលនោះគ្រូដំបងជាជាងកាត់ដេរមិនមែនជាគ្រូបើកបង្ហាត់សិស្សទេ។ យោងលើនិស្ស័យរបស់លោកតាទើបលោកគ្រូជាងដេររូបនោះព្រមបង្ហាត់។ ថ្ងៃមួយលោកគ្រូរូបនោះបាននិយាយថា ៖«បើឯងវាយត្រូវគ្រូឈប់ហាត់ទៅចាត់ទុកថាចេះហើយ»។ ក្រោយពីសាកល្បងក្បាច់ដំបងបានជាងដប់នាទី លោកតាក្រមាមាសបានវាយត្រូវលោកគ្រូមួយដំបងតែមិនខ្លាំងទេគឺប្រើកម្លាំងទប់ហើយ ក្នុងនោះលោកតាស៊ានក៏ត្រូវលោកគ្រូវាយត្រូវដូចគ្នាដែរ។ បន្ទាប់ពីបែកពីលោកគ្រូជាជាងកាត់ដេរ លោកតាសាន គឹម ស៊ាន បានធ្វើដំណើរដល់ខេត្តព្រៃវែង។ កាលនោះអាយុ១៨ឆ្នាំ លោកតាបន្តហ្វឹកហាត់ក្បាច់គុនដំបងម្ដងទៀតជាពូសាច់ថ្លៃ និងជាគ្រូថ្នាំគង់ទៀងនៅទីនោះ តែលោកតាមិនត្រូវបានបង្រៀនខាងផ្សំថ្នាំគង់ទេគ្រាន់តែគ្រូនិយាយរឿងប្រាប់ប៉ុណ្ណោះ។
ឆ្នាំ១៩៧៩-១៩៨០ លោកតាបានលួចហ្វឹកហាត់ហាប់គីដូ។ ក្រោយពីការលួចហាត់ដែលមិនបើកចំហបែបនេះ ខណៈប្រទេសជាតិមិនទាន់មានសន្តិភាពពេញលេញនោះ លោកតាត្រូវបានគេចោទថា មិនមានចេតនាល្អ។ មើលទៅសភាពការណ៍បែបមិនស្រួលលោកតាព្រមទាំងគ្រួសារបានចាកចេញពីភ្នំពេញទៅជំរំ ខាយដាយជាប់ព្រំប្រទល់ខ្មែរ-សៀម ។
ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៨០ គ្រួសារលោកតាបានភៀសខ្លួនដល់រដ្ឋ តិចសាសន៍ សហរដ្ឋអាមេរិក តាមរយៈអង្គការ YMCA ដែលជាអ្នកធានាជនភៀសខ្លួន។ ពេលដល់អាមេរិកដំបូងគឺគ្មានកន្លែងស្នាក់នៅត្រឹមត្រូវឡើយ ដោយស្នាក់នៅក្រោលសេះ។ ការរស់នៅសហរដ្ឋអាមេរិកពិតជាលំបាកខ្លាំងនាពេលនោះ។ ក្រោយពីស្នាក់នៅអាមេរិកបានមួយរយៈលោកតាចង់បង្ហាត់ល្បុក្កតោដល់កូនសិស្សខ្មែរ និងសិស្សបរទេសនៅទីនោះ តែគេមិនអនុញ្ញាតឡើយ ដោយផ្អែកលើហេតុផលគ្មានសញ្ញាប័ត្រ។
ក្រោយមកទៀតលោកតាបានផ្ញើរូបថតឯកសារមួយចំនួនទៅកូរ៉េខាងត្បូងតាមរយៈប៉ុស្តិ៍ប្រៃសណីយ៍ដើម្បីសុំបង្ហាត់ក្បាច់ហាប់គីដូ។ ខាងកូរ៉េឃើញឯកសារលោកតា និងរូបថត ភាគីកូរ៉េក៏បញ្ជូនខ្សែក្រវាត់ខ្មៅ៤ជាន់មកជូនលោកតា។ លោកតាក៏បង្ហាត់ក្បាច់ហាប់គីដូរហូតដល់ឆ្នាំ១៩៩៥ ខណៈដែលល្បុក្កតោនៅទ្រឹងមិនដំណើរការសោះដោយសារគ្មានអ្នកគាំទ្រ។
ដោយចង់លើកស្ទួយក្បាច់គុនវប្បធម៌ល្បុក្កតោរបស់ខ្មែរ លោកបានរិះរកវិធីទាល់តែបាន។ ឆ្នាំ១៩៩៥ លោកតាបានចាកចេញពីគ្រួសារជាទីស្រលាញ់មកស្រុកខ្មែរតែម្នាក់ឯង។ មុនដំបូងមិនបានបើកបង្ហាត់គុនល្បុក្កតោទេ តែបើកដំណើរការសហព័ន្ធកីឡាហាប់គីដូដែលលោកតាជាប្រធាននៅឆ្នាំ១៩៩៥ -២០០១។ ក្នុងអំឡុងពេលនោះដែរ គឺជាពេលដែលលោកតាបានកំពុងតែស្រាវជ្រាវក្បាច់គុនល្បុក្កតោជាមួយលោកតាចាស់នៅតាមបណ្ដាខេត្តនានាទូទាំងប្រទេស។
ការសម្តែងនៅអង្គរសង្ក្រាន្ត
ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០០៤ ជោគជ័យថ្មីមួយត្រូវបានផុសឡើងដោយសហព័ន្ធកីឡាល្បុក្កតោបានលេចរូបរាងនៅក្នុងទីក្រុងភ្នំពេញ ។ លោកតាបានលាឈប់ពីប្រធានសហព័ន្ធកីឡាហាប់គីដូបែរមកកាន់ជាប្រធានសហព័ន្ធកីឡាល្បុក្កតោវិញរហូតដល់សព្វថ្ងៃ។
រហូតមកដល់ពេលនេះ លោកតាក្រមាមាស សាន គឹមស៊ានបានបណ្តុះបណ្តាលកីឡាករ កីឡាការិនីរាប់រយនាក់ដើម្បីជាអ្នកបន្តវេន។ រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ក្បាច់គុនល្បុក្កតោកាន់តែមានកេរ្តិ៍ឈ្មោះល្បី និងត្រូវបានយកទៅសម្តែងក្នុងព្រឹត្តិការណ៍ផ្លូវការធំៗរាប់ភ្លេច។ មិនត្រឹមតែប៉ុណ្ណោះសហគមន៍អន្តរជាតិក៏បានចាប់អារម្មណ៍ និងផ្សព្វផ្សាយគុនបុរាណខ្មែរនេះដែរ។ ក្រៅពីនេះ ក៏ក្បាច់គុនដ៏យូរលងនេះត្រូវបានដាក់បញ្ចូលទៅក្នុងខ្សែភាពយន្តជាច្រើនទៀតផង។ អ្វីដែលពិសេសទៀតនេះ លោកតា និងសហព័ន្ធបានចងក្រង និងបោះពុម្ពគម្ពីរក្បាច់គុនល្បុក្កតោដោយបានជោគជ័យ។
លោក សាន គឹមស៊ាន ពេលតែងតំាងជាអនុប្រធាន IBSSA
ជីវិតគ្រួសារ
បើនិយាយពីជីវិតអាពាហ៍ពិពាហ៍វិញ លោកតាក្រមាមាសបានប្រាប់ថា ៖«រឿងពិតគឺជារឿងពិត ខ្ញុំមិនលាក់លៀមទេ។ ខ្ញុំមានប្រពន្ធដល់ទៅ៤ឯណោះ។ ខ្ញុំពិតជាជឿជាក់លើវាសនាដែលតម្រូវឲ្យខ្ញុំទៅជាបែបហ្នឹង»។
ប្រពន្ធទី១ គឺលោកយាយសាំង សិត រស់នៅសហរដ្ឋអាមេរិក។ ចំណងដៃអាពាហ៍ពិពាហ៍រវាងលោកតា និងលោកយាយសិត បានកូនស្រី សាន ចិន្តា រស់នៅ និងធ្វើការនៅសហរដ្ឋអាមេរិក។ ក្នុងនោះលោកបានបង្ហើបឲ្យថាមានចៅរហូតដល់៨នាក់ និងចៅទួតពីរនាក់ហើយ។
ប្រពន្ធទី២អ្នកស្រី ជន សុគាង ទទួលមរណភាពក្នុងឆ្នាំ២០០៤ដោយសារតែជំងឺនៅសហរដ្ឋអាមេរិក។ រវាងលោកតានិងអ្នកស្រីសុគាងមិនទទួលបានកូនឡើយ។
ប្រពន្ធទី៣ អ្នកស្រី ណុប ភួង រស់នៅសហរដ្ឋអាមេរិក។ ជាមួយប្រពន្ធទី៣ លោកតាមានកូនប្រុសស្រី៣នាក់។ កូនទី១សាន ភួងបុប្ផា កូនទី២សាន ភួងដេបូរ៉ា និងកូនទី៣ សាន ស៊ានស្ទេវិន។ លោកតាបញ្ជាក់ថា កូនទាំង៣សុទ្ធតែមានការងារធ្វើអស់នៅសហរដ្ឋអាមេរិក។
ប្រពន្ធទី៤អ្នកស្រីអ៊ុក ពង្សបុប្ផា រស់នៅទីក្រុងភ្នំពេញជាមួយនឹងលោកតាសព្វថ្ងៃនេះ។ ការរស់នៅប្រកបដោយសុភមង្គលរវាងលោកតា និងអ្នកស្រីពង្ស បុប្ផា គឺបង្កើតបានចំណងស្នេហាមួយដ៏រឹងមាំសម្រាប់ជីវិតចុងក្រោយរបស់លោកតាដោយមានកូបប្រុសសំណព្វចិត្តម្នាក់។ កូនប្រុសសំណព្វចិត្តនោះគឺសាន អង្គរ រាជវ័ន្ន ដែលកំពុងរស់នៅជាមួយលោកតា និងអ្នកស្រី ពង្ស បុប្ផាក្នុងប្រទេសកម្ពុជា។
ស្នាដៃ
ធ្វើឲ្យល្បុក្កតោខ្មែររស់ឡើងវិញនិងមានប្រជាប្រិយភាពសម្រាប់ប្រជាជនកម្ពុជានិងពិភពលោក។ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១០ ក្បាច់គុនល្បុក្កតោខ្មែរជាប់លេខ២ក្នុងមហោស្រពក្បាច់គុនពិភពលោកនៅប្រទេសកូរ៉េខាងត្បូងដែលមាន១២ប្រទេសចូលរួម។
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០០៩ លោកតាបានព្រមព្រៀងបង្កើតសហព័ន្ធកីឡាល្បុក្កតោនៅប្រទេសបារាំង។
សៀវភៅល្បុក្កតោ
បានស្រាវជ្រាវ និងចងក្រងក្បាច់គុនល្បុក្កតោជាងមួយពាន់ក្បាច់ក្នុងចំណោមប្រមាណជាងមួយម៉ឺនក្បាច់រហូតបានបោះពុម្ពគម្ពីរក្បាច់គុនល្បុក្កតោ។
ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១០ លោកតា សាន គឹម ស៊ាន ត្រូវបានតែងតាំងជាអនុប្រធានរបស់សមាគមសេវាកម្មសន្តិសុខអង្គរក្សអន្តរ ជាតិ ជាភាសាអង់គ្លេស International Bodyguard Security and Service Association (IBSSA) និងជាគ្រូតាក្រមាមាសរបស់ IBSSA ។ គួរបញ្ជាក់ដែរថា IBBSA មានសមាជិកជាង១៣០ប្រទេស។
បំណងប្រាថ្នា
ឥឡូវនេះល្បុក្កតោបានពង្រីកខ្លួនរហូតដល់ទូទាំងប្រទេសក្នុងព្រះរាជាណាចក្រកម្ពុជា។ ការពង្រីកនេះមិនទាន់គ្រប់គ្រាន់ទេសម្រាប់លោកតាក្រមាមាសសាន គឹម ស៊ាន។ ជាមហិច្ឆតា លោកតាកំពុងតែខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីឲ្យល្បុក្កតោឲ្យទូលំទូលាយជាងនេះទៀត។
«…ពេលខ្ញុំស្លាប់ទៅ បើអាចទៅរួចព្រលឹងរបស់ខ្ញុំនឹងតាមកសាងកេរ្តិ៍ឈ្មោះក្បាច់ល្បុក្កតោ និងជ្រោមជ្រែងឲ្យល្បុក្កតោកាន់តែល្បីរន្ទឺពេញពិភពលោក»។ សម្តីលោកតាក្រមាមាស សាន គឹមស៊ាន៕
ការសម្តែងនៅអង្គរសង្ក្រាន្ត
ប្រភព៖ Sabay