ខ្មែរប៉ុស្ដិ៍ Close

ស្គាល់គាត់អត់?​​ស្ដេច​ល្បុក្កតោ​​ មនុស្សម្នាក់ដែល​ធ្វើ​ឲ្យ​​​ពិភព​លោក​ចាប់អារម្មណ៏​ក្បាច់​គុន​​​​​​បុរាណខ្មែរ​​​​​​​​

ដោយ៖ ភិន សុបញ្ញារិទ្ធ ​​ | ថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៨ កីឡា - សុខភាព 8
ស្គាល់គាត់អត់?​​ស្ដេច​ល្បុក្កតោ​​ មនុស្សម្នាក់ដែល​ធ្វើ​ឲ្យ​​​ពិភព​លោក​ចាប់អារម្មណ៏​ក្បាច់​គុន​​​​​​បុរាណខ្មែរ​​​​​​​​ ស្គាល់គាត់អត់?​​ស្ដេច​ល្បុក្កតោ​​ មនុស្សម្នាក់ដែល​ធ្វើ​ឲ្យ​​​ពិភព​លោក​ចាប់អារម្មណ៏​ក្បាច់​គុន​​​​​​បុរាណខ្មែរ​​​​​​​​

ល្បុក្កតោ​​ជា​ក្បាច់​គុន​​វប្បធម៌​ខ្មែរ​​ដែល​កំពុង​​តែ​មាន​ភាព​ល្បីល្បាញ​​ទូទាំង​ប្រទេស​កម្ពុជា​​ និង​​ពិភព​លោក។ ​ក្រោយ​ពី​បាន​ចុះ​ផ្សាយ​ពី​ក្បាច់គុន​​​​រាប់​ពាន់​ឆ្នាំ​របស់​ខ្មែរ​​​​នេះ​ជា​ញឹកញាប់​ ឥឡូវ​ខ្ញុំសូម​បង្ហាញ​ប្រវត្តិ​​លោក​គ្រូ​តា​ក្រមា​មាស សាន គឹម ស៊ាន ដែល​ជា​​អ្នក​ចង​ក្រង​ ក្បាច់​គុន​​ដូនតា​នេះ​​​​ឲ្យ​រស់​ឡើង​វិញ​ក្នុង​សតវត្ស​ទី​២១​នេះ​។ មុន​បាន​មក​ដល់​សព្វ​ថ្ងៃ​ តើ​ជីវិត​របស់​លោក​តា​ក្រមា​មាស​រូប​នេះ​​បាន​លះ​បង់​​ និង​​ឆ្លង​កាត់​ឧបសគ្គ​​អ្វី​ខ្លះ​?

លោក​គ្រូតា សាន គឹមស៊ាន
ជីវិត​គ្រួសារ​

លោក​តា​ សាន គឺមស៊ាន ​​​កើត​ថ្ងៃ​ទី​២៤ ខែ​មីនា​ ឆ្នាំ​១៩៤៥​ ​ក្នុង​គ្រួសារ​​មួយ​ដែល​មាន​លោក​​ឪពុក​​ឈ្មោះ​​ស៊ាន ស៊ៀ​ ​ជា​អ្នក​​លក់​​កាហ្វេ​ គុយទាវ​​ តាម​កង់​ និង​ម្ដាយ​ឈ្មោះ​ យិន វ៉ាត់ (ហៅ​យាយ​ពៀង)​ ជា​មេផ្ទះ​។ លោក​មាន​បង​ប្អូន​ចំនួន​១២​នាក់ ហើយ​រូប​លោក​ជា​កូន​ពៅ​ ប៉ុន្តែ​ជា​រឿង​គួរ​ឲ្យ​ខ្លោច​​ផ្សា​បំផុត​ដែល​​បង​ប្អូន​លោក​បាន​បាត់​បង់​ជីវិត​ទាំង​អស់ នៅ​សល់​តែ​រូប​លោក​ម្នាក់​គត់​ដែល​មាន​សំណាង​រស់​រាន​មាន​ជីវិត​​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ កាល​ពី​កុមារភាព ជីវិត​របស់​លោក​ពោរពេញ​​ដោយ​ភាព​ឯកោ​ និង​លំបាក​វេទនា​ស្ទើរ​មិន​អាច​ពណ៌នា​បាន​។

សារព័ត៌មាន​​ហុងកុង​ចេញផ្សាយ​ព័ត៌មានធំៗ​ បញ្ជាក់​ថា ក្បាច់គុន Muay Thai មាន​ដើម​កំណើត​មកពី​ខ្មែរ

កម្រិត​អប់រំ​

លោក​តា​​បាន​ចូល​រៀន​សាលា​បឋម​សិក្សា​អង្គ​អេង​​​​​​​​​​​ មុន​ចូល​ថ្នាក់​អនុវិទ្យាល័យ​នៅ​សាលា​ព្រះ​ស៊ីសុវត្ថិ​។ ក្រោយ​មក​ លោក​តា​បាន​ផ្លាស់​ទៅ​សិក្សា​នៅ​​សាលា​រៀន​ឯក​ជន​សុវណ្ណ​ភូមិ​វិញ​។ ​​ឆ្នាំ​១៩៦៦​ លោក​បាន​ប្រលង​បញ្ចប់​​ថ្នាក់​​មធ្យម​សិក្សា​ទុតិយ​ភូមិ​ដោយ​ជោគជ័យ។​ ​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​កម្រិត​វិទ្យាល័យ​ លោក​តា​បាន​ចូល​បម្រើ​ការងារ​​​នៅ​ក្នុង​ក្រុម​ភ្លេង​​រាជ​តម្រួត​ភិរម្យ​ដែល​ជា​ក្រុម​ភ្លេង​ដង្ហែ​សម្ដេច​ព្រះ​វររាជ​បិតា​ នរោត្ដម​ សីហនុ​​ រហូត​ដល់​ឆ្នាំ​១៩៧០​​។​​​ ​​ឆ្នាំ​​នោះ​​​ លោកតា​បាន​លា​ឈប់​ពី​ការងារ​​ក្នុង​ក្រុម​ភ្លេង​ដោយ​សារ​តែ​រដ្ឋប្រហារ​ទម្លាក់​សម្ដេច​ពី​របប​លន់ ណុល​​។​ ក្រោយ​មក​លោក​តា​ក៏​ភៀស​ខ្លួន​ទៅ​ធ្វើ​ជា​ទាហាន​នៅ​ខេត្ត​កំពង់​ស្ពឺ​។

​​មាន​សម្ដែង​ល្បុក្កតោ​ដ៏​ធំ​​មុខ​អង្គរ ថ្ងៃ​ប្រកាស​កីឡា​នេះ​ជា​សម្បត្តិ​​​បេតិកភណ្ឌ​ពិភព​លោក ​​
ជីវិត​ក្នុង​សម័យ​ប៉ុល​ពត​១៩៧៥-១៩៧៩

 

លោក​តា​​ប្រាប់​ ​ថា​ ក្នុង​របប​ដ៏​ជូរចត់​រក​ទី​បំផុត​គ្មាន​សម្រាប់​ប្រជាជន​​ទូទាំង​​ប្រទេស​ពិត​ជា​ស្អប់​​របប​ដ៏​យង់ឃ្នង​​​​នោះ​​រួម​ទាំង​លោក​តា​ផង​។​ ឆ្នាំ​១៩៧៥​ លោក​តា​​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ព្រៃ​វែង​​ជា​មួយ​​ភរិយា​​លោក​​យាយ​សាំង​ សិត។ ក្រោយ​មក​ទៀត​​​​លោក​តា​បាន​ត្រឡប់​ទៅ​ខេត្ត​បាត់​ដំបង​​ដោយ​មាន​ការ​ប្រកាស​ជ្រើសរើស​អ្នក​ច្រូត​ស្រូវ​។ ​​ពេល​ទៅ​ដល់​ខេត្ត​បាត់​ដំបង​លោក​តា​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​​​តំបន់​៤​​ដែល​ជា​តំបន់​​វាយ​មនុស្ស​ចោល​អស់​ជាង​មួយ​ម៉ឺន​នាក់​។​ ​លោក​​តា​ចាំ​ថា ​តំបន់​នោះ​ស្ថិត​នៅ​ភូមិ​ព្រៃ​ស្វាយ​ ។ គ្រាន់​តែ​​ដល់​បាន​ប៉ុន្មាន​សប្ដាហ៍​ លោក​តា​បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់​​ ភ្នែក​មើល​មិន​ឃើញ ដើរ​មិន​រួច​ និង​ស្រក​ទម្ងន់​​នៅ​សល់​តែ​ស្បែក​ដណ្ដប់​ឆ្អឹង។ ​ពេល​ដើរ​ទៅ​ណា​ម្ដងៗ​តែង​តែ​កាន់​ឈើ​ច្រត់​ ។

លោក​តា​​ប្រាប់​ ​ថា​ ក្នុង​របប​ដ៏​ជូរចត់​រក​ទី​បំផុត​គ្មាន​សម្រាប់​ប្រជាជន​​ទូទាំង​​ប្រទេស​ពិត​ជា​ស្អប់​​របប​ដ៏​យង់ឃ្នង​​​​នោះ​​រួម​ទាំង​លោក​តា​ផង​។​ ឆ្នាំ​១៩៧៥​ លោក​តា​​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ព្រៃ​វែង​​ជា​មួយ​​ភរិយា​​លោក​​យាយ​សាំង​ សិត។ ក្រោយ​មក​ទៀត​​​​លោក​តា​បាន​ត្រឡប់​ទៅ​ខេត្ត​បាត់​ដំបង​​ដោយ​មាន​ការ​ប្រកាស​ជ្រើសរើស​អ្នក​ច្រូត​ស្រូវ​។ ​​ពេល​ទៅ​ដល់​ខេត្ត​បាត់​ដំបង​លោក​តា​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​​​តំបន់​៤​​ដែល​ជា​តំបន់​​វាយ​មនុស្ស​ចោល​អស់​ជាង​មួយ​ម៉ឺន​នាក់​។​ ​លោក​​តា​ចាំ​ថា ​តំបន់​នោះ​ស្ថិត​នៅ​ភូមិ​ព្រៃ​ស្វាយ​ ។ គ្រាន់​តែ​​ដល់​បាន​ប៉ុន្មាន​សប្ដាហ៍​ លោក​តា​បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់​​ ភ្នែក​មើល​មិន​ឃើញ ដើរ​មិន​រួច​ និង​ស្រក​ទម្ងន់​​នៅ​សល់​តែ​ស្បែក​ដណ្ដប់​ឆ្អឹង។ ​ពេល​ដើរ​ទៅ​ណា​ម្ដងៗ​តែង​តែ​កាន់​ឈើ​ច្រត់​ ។

​ជា​សំណាង​មួយ​ក្នុង​ជីវិត​លោក​តា​ដែល​មាន​ពេទ្យ​ចិន​​មើល​ថែ​ដិតដល់ ​ខណៈ​ដែល​អ្នក​ផ្សេង​ត្រូវ​​វាយ​សម្លាប់​។ ​ក្រោយ​ពី​ធ្លាក់​ខ្លួន​ឈឺ​​​ធ្ងន់​ប្រមាណ​ជា​​៤​​ខែ​ ​គ្រប់​អ្នក​ជំងឺ​ដែល​ឈឺ​ធ្ងន់​ទាំង​អស់​ត្រូវ​បាន​​ប្រកាស​​ឲ្យ​យក​ទៅ​ព្យាបាល​។​ ​ដូច​បាន​កើត​ម្ដង​ទៀត ​លោកតា​ត្រូវ​បាន​គ្រូ​ពេទ្យ​ចិន​ព្យាបាល​ដោយ​ម្ជុល​វិទ្យាសាស្ត្រ​។​ ​បន្ទាប់​ពី​ការ​ចាក់​ម្ជុល​​វិទ្យា​សាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​របស់​គ្រូ​ពេទ្យ​ចិន​នោះ​ លោក​តា​ក៏​ជា​សះ​ស្បើយ​​អាច​ធ្វើ​ការ​ឲ្យ​អង្គការ​ជា​ធម្មតា​វិញ។

 

​ឆ្នាំ​១៩៧៩ ​​នា​ពេល​​របប​​ដ៏​កាច​សាហាវ​នេះ​​បាន​រលត់​ លោក​តា​ក៏​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​កាន់​​ទីក្រុង​ភ្នំ​ពេញ​វិញ​។​ ​ពេល​នោះ​លោក​តា​បាន​​ធ្វើ​ការ​​ជា​សន្តិសុខ​ផ្សា​រ​ទួល​ទំពូង​​ក្រោយ​ពី​​​មាន​​ការ​ណែនាំ​ពី​មិត្តភ័ក្ដិ​ម្នាក់​ឈ្មោះ​យស់ ផាន់​​។

ការ​ហាត់​ល្បុក្កតោ​ និង​ ក្បាច់​គុន​ផ្សេងៗ

លោក​តា​សាន​ គឹម​ស៊ាន​ បាន​បញ្ជាក់​ថា​ ត្រឹម​តែ​អាយុ​​១៣​ឆ្នាំ​​ លោក​តា​បាន​ចូល​ហាត់​រៀន​​ក្បាច់​គុន​ល្បុក្កតោ​ជា​មួយ​លោក​​ឃឹម ល័ក្ខ​ដែល​​ត្រូវ​​ជា​ពូ​ចិញ្ចឹម​។ ​លោក​ឃឹម ល័ក្ខ​ ត្រូវ​បាន​ឪពុក​របស់​លោក​តា​​យក​មក​ចិញ្ចឹម​តាំង​ពី​តូច​​ និង​ទុក​ដូច​ជា​កូន​បង្កើត។​ ​លោក​តា​បាន​រំលឹក​ថា ​​​លោក​ ឃឹម ល័ក្ខ​ ជា​បុគ្គល​មួយ​រូប​ដែល​ហាត់​ក្បាច់​គុន​ល្បុក្កតោ​គ្មាន​គូ​ប្រៀប​កាល​ជំនាន់​នោះ​។ ​​ឪពុក​មា​ម្នាក់​នេះ​​មិន​ត្រឹម​តែ​ចេះ​ក្បាច់​គុន​ល្បុក្កតោ​​​របស់​ខ្មែរ​នេះ​ទេ​ តែ​ថែម​ទាំង​ជា​គ្រូ​ថ្នាំ​គង់​ទៀត​ផង ​ពោល​គឺ​កាប់​មិន​មុត​ដុត​ក៏​មិន​ឆេះ​ដែរ​ ពី​ព្រោះ​លោក​តា​បាន​ឃើញ​ផ្ទាល់​​ភ្នែក​។ លោក​​តា​រូប​នេះ​បាន​​បន្ត​ថា​ ​ការ​ដែល​និយាយ​ប្រាប់​ក្មេងៗ​នៅ​ជំនាន់​នេះ​ប្រហែល​ជា​គេ​មិន​ជឿ​នោះ​​ទេ ​​តែ​អ្វី​ៗ​ជា​រឿង​ពិត​​​នោះ​គឺ​លោក​តាម​ឃើញ​ផ្ទាល់​នឹង​ភ្នែក​​ពេល​​លោក​ ឃឹម ល័ក្ខ​បើក​ឲ្យ​គេ​កាប់​ ។

 

ដល់​អាយុ​​បាន​១៤​ឆ្នាំ​លោក​តា​ ​បាន​ប្ដូរ​ទៅ​ហាត់​គុន​ដំបង​​នៅ​ព្រែកពោធិ៍​ ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​ ។ ​កាល​នោះ​គ្រូ​ដំបង​ជា​ជាង​កាត់​ដេរ​​មិន​មែន​ជា​​គ្រូ​បើក​បង្ហាត់​សិស្ស​ទេ។​​ ​យោង​លើ​និស្ស័យ​របស់​លោក​តា​ទើប​លោក​គ្រូ​ជាង​ដេរ​រូប​នោះ​ព្រម​បង្ហាត់។​ ​​ថ្ងៃ​មួយ​​​លោក​គ្រូ​​រូប​នោះ​បាន​និយាយ​ថា​​ ៖«បើ​ឯង​វាយ​ត្រូវ​​​គ្រូ​​ឈប់​ហាត់​ទៅ​ចាត់​ទុក​ថា​ចេះ​ហើយ»។ ​ក្រោយ​ពី​សាក​ល្បង​ក្បាច់​ដំបង​បាន​ជាង​ដប់​នាទី ​លោក​តា​ក្រមា​មាស​​បាន​វាយ​ត្រូវ​លោក​គ្រូ​មួយ​ដំបង​តែ​មិន​ខ្លាំង​ទេ​គឺ​ប្រើ​កម្លាំង​ទប់​​ហើយ​ ​ក្នុង​នោះ​លោក​តា​​ស៊ាន​ក៏​ត្រូវ​​លោក​គ្រូ​វាយ​ត្រូវ​ដូច​គ្នា​ដែរ​​។ ​បន្ទាប់​ពី​បែក​ពី​លោក​គ្រូ​ជា​ជាង​កាត់​ដេរ​ លោក​តា​​សាន គឹម​ ស៊ាន​ បាន​ធ្វើ​ដំណើរ​ដល់​ខេត្ត​ព្រៃ​វែង​។ ​កាល​នោះ​អាយុ​១៨ឆ្នាំ​ ​លោក​តា​បន្ត​ហ្វឹកហាត់​ក្បាច់​គុន​ដំបង​​ម្ដង​ទៀត​​ជា​​ពូ​សាច់​ថ្លៃ​ និង​ជា​គ្រូ​ថ្នាំ​គង់​ទៀង​​​នៅ​ទី​នោះ​​ តែ​លោក​តា​មិន​ត្រូវ​បាន​បង្រៀន​​​ខាង​ផ្សំ​ថ្នាំ​​គង់​ទេ​​គ្រាន់​តែ​គ្រូ​និយាយ​​​រឿង​ប្រាប់​ប៉ុណ្ណោះ​។

 

លោកតា​បង្ហាត់​សិស្ស
ឆ្នាំ​​១៩៧៩-១៩៨០​ លោក​តា​​បាន​លួច​ហ្វឹកហាត់​​​ហាប់គីដូ។ ក្រោយ​ពី​ការ​លួច​ហាត់​ដែល​មិន​បើក​ចំហ​បែប​នេះ​​ ខណៈ​​ប្រទេស​ជាតិ​មិន​ទាន់​មាន​សន្តិភាព​ពេញ​លេញ​នោះ​ លោក​តា​ត្រូវ​បាន​គេ​ចោទ​ថា​ ​មិន​មាន​ចេតនា​​ល្អ។ ​មើល​ទៅ​សភាពការណ៍​បែប​មិន​ស្រួល​លោក​តា​ព្រមទាំង​គ្រួសារ​​បាន​ចាក​ចេញ​ពី​ភ្នំ​ពេញ​ទៅ​​ជំរំ​ ខាយដាយ​​​ជាប់​ព្រំ​ប្រទល់​ខ្មែរ​-សៀម​ ។

ដំណឹង​ល្អ​! គម្ពីរ​គុន​ល្បុក្កតោ​៣​​ពាន់​ក្បាច់​ក្នុង​១​ក្បាល​តម្លៃ​៤​ម៉ឺន​រៀល​
​ថ្ងៃ​ទី​២៨ ខែ​កញ្ញា​​​ ឆ្នាំ​១៩៨០​ គ្រួសារ​លោក​តា​បាន​ភៀស​ខ្លួន​​​ដល់​​រដ្ឋ​ តិច​សាសន៍​ សហរដ្ឋ​អាមេរិក​ តាម​រយៈ​អង្គការ​ YMCA ​ដែល​ជា​អ្នក​ធានា​ជន​ភៀស​ខ្លួន​។ ​ពេល​ដល់​អាមេរិក​ដំបូង​​គឺ​គ្មាន​កន្លែង​ស្នាក់​នៅ​ត្រឹម​ត្រូវ​ឡើយ​​ ​​ដោយ​ស្នាក់​នៅ​​ក្រោល​សេះ​​។ ​​​ការ​រស់​នៅ​​សហរដ្ឋ​អាមេរិក​​ពិត​ជា​លំបាក​ខ្លាំង​នា​ពេល​នោះ​។ ​​ក្រោយ​ពី​ស្នាក់​នៅ​អាមេរិក​បាន​មួយ​រយៈ​លោក​តា​ចង់​បង្ហាត់​ល្បុក្កតោ​ដល់​កូន​សិស្ស​ខ្មែរ​ និង​សិស្ស​បរទេស​នៅ​​​ទី​នោះ​ តែ​គេ​មិន​អនុញ្ញាត​ឡើយ​ ដោយ​ផ្អែក​លើ​ហេតុ​ផល​គ្មាន​សញ្ញាប័ត្រ។ ​

​ក្រោយ​មក​ទៀត​លោក​តា​បាន​ផ្ញើ​រូប​ថត​ឯក​សារ​មួយ​ចំនួន​​​ទៅ​កូរ៉េ​ខាង​ត្បូង​តាម​រយៈ​ប៉ុស្តិ៍​ប្រៃ​សណីយ៍​​ដើម្បី​​សុំ​​បង្ហាត់​ក្បាច់​​ហាប់គីដូ។ ​ខាង​កូរ៉េ​ឃើញ​ឯកសារ​លោក​តា​ និង​រូប​ថត​ ​ភាគី​កូរ៉េ​ក៏​បញ្ជូន​ខ្សែ​ក្រវាត់​ខ្មៅ​៤​ជាន់​មក​​​ជូន​លោក​តា​។ ​លោក​តា​ក៏​បង្ហាត់​ក្បាច់​ហាប់គីដូ​រហូត​ដល់​ឆ្នាំ​១៩៩៥​ ខណៈ​ដែល​ល្បុក្កតោ​នៅ​ទ្រឹង​មិន​​ដំណើរ​ការ​សោះ​ដោយ​សារ​គ្មាន​អ្នក​គាំទ្រ​។

ដោយ​ចង់​លើក​ស្ទួយ​ក្បាច់​គុន​វប្បធម៌​ល្បុក្កតោ​​របស់​ខ្មែរ​​​​ លោក​បាន​រិះ​រក​វិធី​​​​ទាល់​តែ​បាន​។​ ​ឆ្នាំ​១៩៩៥​ ​លោក​តា​បាន​​ចាកចេញ​​ពី​គ្រួសារ​ជា​ទី​ស្រលាញ់​មក​ស្រុក​ខ្មែរ​តែ​ម្នាក់​ឯង​។​ មុន​ដំបូង​មិន​បាន​បើក​បង្ហាត់​គុន​ល្បុក្កតោ​ទេ​ តែ​​បើក​​ដំណើរ​ការ​សហព័ន្ធ​កីឡា​ហាប់គីដូ​ដែល​លោក​តា​ជា​ប្រធាន​​នៅ​ឆ្នាំ​១៩៩៥​ -២០០១​។​ ក្នុង​អំឡុង​ពេល​នោះ​ដែរ​ គឺ​ជា​ពេល​ដែល​លោក​តា​បាន​កំពុង​តែ​ស្រាវជ្រាវ​ក្បាច់​គុន​ល្បុក្កតោ​ជា​មួយ​លោក​តា​ចាស់​នៅ​តាម​បណ្ដា​ខេត្ត​នានា​ទូទាំង​ប្រទេស​។

ការ​សម្តែង​នៅ​អង្គរសង្ក្រាន្ត
ថ្ងៃ​ទី​២៤ ខែ​មេសា​ ឆ្នាំ​២០០៤​ ​ជោគជ័យ​ថ្មី​មួយ​​ត្រូវ​បាន​​ផុស​​ឡើង​ដោយ​​​សហព័ន្ធ​កីឡា​ល្បុក្កតោ​បាន​​លេច​រូប​រាង​​នៅ​ក្នុង​ទីក្រុង​ភ្នំ​ពេញ ។ ​លោក​តា​​​បាន​​លា​ឈប់​ពី​ប្រធាន​សហព័ន្ធ​កីឡា​ហាប់គីដូ​បែរ​មក​កាន់​ជា​ប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ​វិញ​​រហូត​ដល់​សព្វ​ថ្ងៃ​។

រហូត​មក​ដល់​ពេល​នេះ​ លោក​តា​ក្រមា​មាស សាន គឹមស៊ាន​​បាន​បណ្តុះបណ្តាល​កីឡាករ​ កីឡា​ការិនី​រាប់​រយ​នាក់​​ដើម្បី​​ជា​អ្នក​បន្ត​វេន។ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​ ក្បាច់​គុន​ល្បុក្កតោ​កាន់​តែ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ និង​​ត្រូវ​បាន​យក​ទៅ​សម្តែង​ក្នុង​ព្រឹត្តិការណ៍​ផ្លូវ​ការ​ធំ​ៗ​រាប់​ភ្លេច។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​សហគមន៍​អន្តរជាតិ​ក៏​បាន​ចាប់​អារម្មណ៍​ និង​ផ្សព្វផ្សាយ​គុន​បុរាណ​ខ្មែរ​នេះ​ដែរ។ ក្រៅ​ពី​នេះ​ ក៏​​ក្បាច់​គុន​ដ៏​យូរ​លង​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ខ្សែភាពយន្ត​ជា​ច្រើន​ទៀត​ផង។ អ្វី​ដែល​ពិសេស​ទៀត​នេះ ​លោក​តា និង​សហព័ន្ធ​បាន​ចង​ក្រង​ និង​​បោះ​ពុម្ព​គម្ពីរ​ក្បាច់​គុន​ល្បុក្កតោ​​ដោយ​បាន​​ជោគជ័យ។

លោក សាន គឹមស៊ាន ពេល​តែង​តំាង​ជា​អនុប្រធាន IBSSA
ជីវិត​​គ្រួសារ​

បើ​និយាយ​​ពី​ជីវិត​អាពាហ៍ពិពាហ៍​វិញ​ លោក​តា​ក្រមា​មាស​បាន​ប្រាប់​ថា​ ៖«រឿង​ពិត​គឺ​ជា​រឿង​ពិត​ ខ្ញុំ​មិន​​លាក់​លៀម​ទេ​។ ខ្ញុំ​មាន​ប្រពន្ធ​ដល់​ទៅ​​៤​ឯ​ណោះ​។ ខ្ញុំ​ពិត​ជា​ជឿជាក់​លើ​វាសនា​ដែល​តម្រូវ​ឲ្យ​ខ្ញុំ​ទៅ​ជា​បែប​ហ្នឹង​»។

ប្រពន្ធ​ទី​១​ គឺ​លោក​​យាយ​សាំង សិត​ ​រស់​នៅ​សហរដ្ឋ​អាមេរិក​។ ចំណង​ដៃ​អាពាហ៍ពិពាហ៍​រវាង​លោក​តា ​និង​លោក​យាយ​​សិត​​ បាន​​កូន​ស្រី​ សាន ចិន្តា​ រស់​នៅ​ និង​ធ្វើ​ការ​​នៅ​សហរដ្ឋ​អាមេរិក។ ក្នុង​នោះ​លោក​បាន​បង្ហើប​ឲ្យ​ថា​​​មាន​ចៅ​រហូត​ដល់​​៨​នាក់ ​និង​ចៅ​ទួត​ពីរ​នាក់​ហើយ។

ប្រពន្ធ​ទី២​​អ្នក​ស្រី​ ជន សុគាង​ ​ទទួល​មរណភាព​ក្នុង​ឆ្នាំ​២០០៤​​ដោយ​សារ​តែ​ជំងឺ​នៅ​សហរដ្ឋ​អាមេរិក​​​។ ​រវាង​លោក​តា​និង​អ្នក​​ស្រី​សុគាង​មិន​​ទទួល​បាន​​កូន​​​ឡើយ។

ប្រពន្ធ​ទី៣​ ​អ្នក​ស្រី​ ​ណុប ភួង​ ​រស់​នៅ​សហរដ្ឋ​អាមេរិក។ ​ជា​មួយ​​ប្រពន្ធ​ទី​៣​ លោក​តា​មាន​កូន​ប្រុស​ស្រី​​៣​នាក់​។ ​កូន​ទី១​​សាន ភួងបុប្ផា​ ​កូន​ទី២​សាន ភួងដេបូរ៉ា​ និង​​កូន​ទី​៣​ សាន ស៊ានស្ទេវិន។ ​​លោក​តា​បញ្ជាក់​ថា​ កូន​ទាំង​៣​សុទ្ធ​តែ​មាន​ការងារ​ធ្វើ​អស់​​នៅ​សហរដ្ឋ​អាមេរិក។

ប្រពន្ធ​ទី​៤​​អ្នក​ស្រី​អ៊ុក ពង្សបុប្ផា​ ​រស់​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ជា​មួយ​នឹង​លោក​តា​សព្វថ្ងៃ​នេះ​។ ការ​រស់នៅ​ប្រកប​ដោយ​សុភមង្គល​រវាង​​លោក​តា​ និង​អ្នក​ស្រី​ពង្ស បុប្ផា​ គឺ​​បង្កើត​បាន​ចំណង​​ស្នេហា​មួយ​ដ៏​រឹង​មាំ​​​សម្រាប់​ជីវិត​ចុង​ក្រោយ​របស់​លោក​តា​​​ដោយ​មាន​កូប​ប្រុស​សំណព្វ​ចិត្ត​ម្នាក់​។ ​កូន​ប្រុស​សំណព្វចិត្ត​នោះ​គឺ​សាន អង្គរ រាជវ័ន្ន ​​ដែល​​កំពុង​រស់​នៅ​​​ជា​មួយ​លោក​តា ​​​និង​អ្នក​ស្រី ​ពង្ស បុប្ផា​​​​​ក្នុង​ប្រទេស​កម្ពុជា​​។

 

ស្នាដៃ

ធ្វើ​ឲ្យ​ល្បុក្កតោ​ខ្មែរ​រស់​ឡើង​វិញ​និង​មាន​​​ប្រជា​ប្រិយភាព​សម្រាប់​ប្រជាជន​កម្ពុជា​និង​ពិភព​លោក។ នៅ​ថ្ងៃ​ទី​០៤ ​ខែ​តុលា​ ឆ្នាំ​២០១០ ​​​​​​​​​​ក្បាច់​គុន​ល្បុក្កតោ​ខ្មែរ​ជាប់​លេខ​២​ក្នុង​មហោស្រព​ក្បាច់​គុន​ពិភព​លោក​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ដែល​មាន​១២​ប្រទេស​ចូល​រួម​​។

នៅ​ថ្ងៃ​ទី​២៤​ ខែ​មេសា​ ឆ្នាំ​២០០៩​ លោក​តា​បាន​​ព្រមព្រៀង​បង្កើត​​សហព័ន្ធ​កីឡា​ល្បុក្កតោ​នៅ​ប្រទេស​បារាំង​។

សៀវភៅ​ល្បុក្កតោ
បាន​ស្រាវជ្រាវ​ និង​ចង​ក្រង​ក្បាច់​គុន​ល្បុក្កតោ​ជាង​មួយ​ពាន់​ក្បាច់​ក្នុង​ចំណោម​ប្រមាណ​ជាង​​មួយ​ម៉ឺន​ក្បាច់​រហូត​បាន​​​​បោះ​ពុម្ព​គម្ពីរ​ក្បាច់​គុន​ល្បុក្កតោ។

​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា​ ឆ្នាំ​២០១០ លោក​តា​ សាន គឹម ស៊ាន ត្រូវ​បាន​តែង​តាំង​ជា​អនុប្រធាន​​​របស់​​​សមាគម​សេវាកម្ម​សន្តិសុខ​​អង្គរក្ស​អន្តរ​ ជាតិ​ ជា​ភាសា​អង់គ្លេស International Bodyguard Security and Service Association​ (IBSSA)​​​ ​​និង​ជា​គ្រូ​តា​ក្រមា​មាស​របស់ IBSSA ​​។ ​គួរ​បញ្ជាក់​ដែរ​ថា​ IBBSA មាន​សមាជិក​ជាង​១៣០​ប្រទេស​។

 

បំណង​ប្រាថ្នា​

ឥឡូវ​នេះ​ល្បុក្កតោ​បាន​ពង្រីក​​ខ្លួន​រហូត​ដល់​ទូទាំង​​​ប្រទេស​​​ក្នុង​​ព្រះ​រាជាណាចក្រ​កម្ពុជា។ ​​​ការ​ពង្រីក​នេះ​មិន​ទាន់​គ្រប់គ្រាន់​ទេ​សម្រាប់​លោក​តា​ក្រមា​មាស​សាន​ គឹម ស៊ាន​។ ​ជា​មហិច្ឆតា​ លោក​តា​កំពុង​តែ​ខិត​ខំ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ដើម្បី​​ឲ្យ​​ល្បុក្កតោ​​ឲ្យ​ទូលំទូលាយ​ជាង​នេះ​ទៀត។

​«…ពេល​ខ្ញុំ​ស្លាប់​ទៅ​ បើ​អាច​ទៅ​រួច​ព្រលឹង​របស់​ខ្ញុំ​នឹង​តាម​​​កសាង​កេរ្តិ៍​ឈ្មោះ​​​ក្បាច់​ល្បុក្កតោ​ និង​ជ្រោមជ្រែង​​ឲ្យ​ល្បុក្កតោ​កាន់​តែ​ល្បី​រន្ទឺ​​ពេញ​ពិភព​លោក​»។ សម្តី​លោក​តា​ក្រមា​មាស សាន គឹមស៊ាន៕

 

 

 

 

 

 

 

 

 

 

អត្ថបទទាក់ទង