ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធ​ធ្វើកិច្ចការសំខាន់ចំនួន ៣ ដើម្បីប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 36
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធ​ធ្វើកិច្ចការសំខាន់ចំនួន ៣ ដើម្បីប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ-១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធ​ធ្វើកិច្ចការសំខាន់ចំនួន ៣ ដើម្បីប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ-១៩

នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្ត​ ប្រមាណជាង៤០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយ​ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ-១៩ (COVID-19) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា ក្នុងដំណាក់កាលទី២នេះយើងមានកិច្ចការសំខាន់៣ គឺ៖

ទី១- គឺត្រូវទប់ស្កាត់ការរីករាលដាលអ្នកមកពីក្រៅប្រទេស។ លោក បានបញ្ជាក់ថា ជនជាតិបរទេសទាំងអស់ដែលកើតជម្ងឺនេះនៅកម្ពុជាត្រូវបានទទួលការព្យាបាលដោយមិនគិតថ្លៃនោះទេ។ ជាមួយគ្នានេះផងដែរ កម្ពុជាមិនត្រូវការជម្លៀសនិស្សិតដែលកំពុងសិក្សានៅក្រៅប្រទេសឡើយ។ ត្រូវមានការគ្រប់គ្រងពលករដែលមកពីប្រទេសថៃ ត្រូវដាក់ពួកគាត់អោយនៅដាច់ដោយឡែកចំនួន១៤ថ្ងៃសិន។ កម្ពុជាក៏មិនអោយមានមន្ត្រីកម្ពុជាទៅប្រជុំនៅខាងក្រៅប្រទេសឡើយ ។ ក្នុងនោះលោកនាយករដ្ឋមន្ត្រី ក៏បានអោយអាជ្ញាធរកម្ពុជាត្រូវសហការជាមួយអាជ្ញាធរថៃក្នុងការធ្វើមាតុភូមិនិវត្តប្រកបដោយសុវត្តិភាពនៃពលករខ្មែរ។

ទី២- គឺការពារអ្នកឆ្លងកុំអោយឆ្លងទៅអ្នកដទៃ និងបន្តរកអ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺ ត្រូវយកគាត់មកដាក់ដោយឡែក មុនពេលដឹងលទ្ធផលនៃការធ្វើតេស្ត។ ត្រូវខិតខំផ្សព្វផ្សាយគ្រប់មធ្យោបាយពីវិធីបង្កាការពារជម្ងឺកូវីដ-១៩។ លោក បានបន្តថា រហូតមកដល់ពេលនេះ កន្លែងដែលអាចប្រឈមយើងបានបិទមួយចំនួនហើយ តែយើងមិនអាចបិទបានទេនៅកន្លែងសំខាន់ៗមួយចំនួនដូចជាផ្សារ រោងចក្រ ភោជនីយដ្ឋាន ហាងកាហ្វេ ពិធីបុណ្យចូលឆ្នាំនៅប្រារព្ធធ្វើដដែល តែហាមជួបជុំគ្នាច្រើន គឺឆ្នាំនេះកម្ពុជាមិនបានធ្វើព្រឹត្តិការណ៍សង្ក្រាន្តទេ តែសូមឲ្យបងប្អូនប្រជាពលរដ្ឋសប្បាយជាមួយក្រុមគ្រួសារនៅតាមផ្ទះ។

ទី៣- ត្រូវខិតខំព្យាបាលអ្នកជម្ងឺអោយជាសះស្បើយ។ ត្រូវរៀបចំបញ្ជើឈ្មោះអ្នកជម្ងឺអោយបានត្រឹមត្រូវ ទាំងអ្នកជម្ងឺបរទេស និងខ្មែរ។ ការបែងចែកទីតាំងសំរាប់ព្យាបាលអ្នកដែលបានឆ្លង ជម្ងឺ និងទីតាំងសម្រាប់អ្នកដែលសង្ស័យដែលត្រូវដាក់អោយនៅដាច់ដោយឡែក គឺយើងត្រូវយកចិត្តទុកដាក់សម្រាប់ពួកគាត់ដោយមានរៀបចំជាគ្រែ កន្ទេល មុង ភួយ ខ្នើយ ត្រឹមត្រូវ និងរៀបចំអាហារ៣ពេលអោយគាត់។ ចំពោះគ្រូពេទ្យដែលចេញប្រតិបត្តិការទាំងអស់ត្រូវបំពាក់សម្ភារអោយបានគ្រប់គ្រាន់ មុននឹងចេញប្រយុទ្ធ ហ្វឹកហាត់អោយបានច្បាស់លាស់ មិនត្រូវធ្វេសប្រហែសនោះទេ ត្រូវគិតពីសុខភាពខ្លួនឯង។ ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយដៃគ្រូអន្តរជាតិដូចជាអង្គការសុខភាពពិភពលោក ក្រុមគ្រូពេទ្យជំនាញមកពីប្រទេសចិន និងក្រុមប្រទេសផ្តល់ជំនួយមកយើង៕

អត្ថបទទាក់ទង