លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ជាថ្មីថា ប្រជាពលរដ្ឋទិញផ្ទះ និងខុនដូរតម្លៃក្រោម ៧ម៉ឺនដុល្លារ មិនជាប់ពន្ធប្រថាប់ត្រាទេ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចពិភពលោក និងតំបន់កំពុងប្រឈមនឹងការរំខានដោយជំងឺកូវីដ ១៩ (កូរ៉ូណា) គឺលោកសូមបញ្ជាក់ច្បាស់សារជាថ្មីជូនដល់បងប្អូនជនរួមជាតិទូទាំងប្រទេសអោយបានជ្រាបថា បើបងប្អូនទិញផ្ទះ ទិញខុនដូ ឬផ្ទះល្វែង ក្រោមតម្លៃ ៧ម៉ឺនដុល្លារ គឺមិនមានបង់ពន្ធប្រថាប់ត្រាទេ។ លោកបានថ្លែងដូចនេះក្នុងឱកាសដែលលោកនិងលោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាអញ្ជើញជាអធិបតីភាពរួមគ្នាសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ ដែលមានប្រវែង ១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា នេះជាឱកាសដ៏ល្អបំផុតសម្រាប់បងប្អូនប្រជាពលរដ្ឋដែលចង់បានផ្ទះសម្បែងរស់នៅក្នុងតម្លៃសមរម្យនៅក្នុងកាលៈទេសៈនេះ៕