ខ្មែរប៉ុស្ដិ៍ Close

លោក​ ទៀ ​បាញ់ ​ជួប​ពិភាក្សា​ការ​ងារ​ទ្វេ​ភាគី​ជា​មួយ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ សាធារណ​រដ្ឋ​តួក​គី​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 47
លោក​ ទៀ ​បាញ់ ​ជួប​ពិភាក្សា​ការ​ងារ​ទ្វេ​ភាគី​ជា​មួយ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ សាធារណ​រដ្ឋ​តួក​គី​ លោក​ ទៀ ​បាញ់ ​ជួប​ពិភាក្សា​ការ​ងារ​ទ្វេ​ភាគី​ជា​មួយ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ សាធារណ​រដ្ឋ​តួក​គី​

ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចជាមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋតួកគី នៅថ្ងៃទី៣០ ខែមករា ​ឆ្នាំ​២០២០​ គណៈប្រតិភូក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក ​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួង​ការ​ពារ​ជាតិ​ និងនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក អគ្គនាយក​ដ្ឋាន​​សម្ភារៈ​​​បច្ចេក​ទេស​ ក្រសួងការពារជាតិ ព្រមទាំងសមាជិកប្រតិភូ​ បានអញ្ជើញចូលជួប​​ពិភា​ក្សា​​ការ​ងារ​​ទ្វេភាគី​ ជាមួយលោក ហ៊ូលូ​ហ្ស៊ី ​អាកា​ (Hulusi AKAR) រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​សាធារណរដ្ឋ​តួកគី ​នៅ​រដ្ឋធានី​អង់​ការ៉ា។ ពេលអញ្ជើញដល់ក្រសួងការពារជាតិ​តួកគី ​លោក ទៀ បាញ់ ព្រម​ទាំង​​សមាជិក​​គណៈ​ប្រតិភូ​ទាំង​អស់​ ក៏​បាន​អញ្ជើញ​គោរព​ភ្លេង​ជាតិ​ នៃ​ប្រទេស​ទាំង​ពីរ​ និង​បានធ្វើពិធី​​ត្រួតពល​កងកិត្តិយស កងត្រែទ័ព នៃ​កង​ទ័ព​សាធារណរដ្ឋ​តួកគី​ផង​ដែរ​។

ក្នុង​ជំនួប​ទ្វេភាគីនា​ឱកាសនោះ លោក Hulusi AKAR រដ្ឋមន្ត្រីការពារជាតិតួកគី បានសម្ដែងការស្វាគមន៍ ​ចំពោះដំណើរទស្សនកិច្ច​របស់​គណៈប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ នៅសាធារណរដ្ឋតួកគី។ លោក​បាន​បញ្ជាក់​ថា​ ទោះបីជាប្រទេសទាំងពីរកម្ពុជា-តួកគី នៅឆ្ងាយពីគ្នាពិតមែន ក៏ប៉ុន្តែយើងអាចធ្វើទំនាក់​ទំនង​កិច្ចសហប្រតិបត្តិការ​ជា​មួយ​គ្នា​ នៅលើវិស័យជាច្រើន រវាងប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រីការពារជាតិតួកគី បានចាត់ទុកដំណើរទស្សនកិច្ចរបស់ លោក​ ទៀ បាញ់ នៅ​សាធារណរដ្ឋតួក​គី​ ពិត​ជា​មាន​សារៈសំខាន់ ពីព្រោះដំណើរទស្សនកិច្ចនេះ បានបង្កើតឱកាសមួយដ៏ល្អសម្រាប់​ឱ្យកងទ័ពទាំងពីរ បាន​ធ្វើ​ការ​ចែក​រំលែក​ចំណេះដឹង និង​បទពិសោធន៍ពីគ្នាទៅវិញទៅមក។ លោករដ្ឋមន្ត្រី ក៏បានលើកឡើង​ពី​ការ​ហ្វឹក​ហ្វឺនកងទ័ព តាមរយៈការផ្លាស់ប្ដូរការសិក្សាក្នុងបណ្ឌិតសភាយោធា ក៏ដូចជាការផ្លាស់ប្ដូរទៅវិញទៅ​មក​ យោធា​ចារ្យ​ តាម​វិស័យផ្សេងៗទៀត។ ឯកឧត្តម រដ្ឋមន្ត្រីបានសម្ដែងនូវជំនឿជឿជាក់ថា៖ យើងអាចចែក​រំលែក​បទ​ពិសោធន៍ ​ចំណេះ​ដឹង​ទាក់​ទង​ និងវិស័យការពារជាតិ និងធ្វើការងាររួមគ្នា ដើម្បីផលប្រយោជន៍ប្រទេស​ទាំង​ពីរ​ ក៏​ដូច​ជាដើ​ម្បី​បុព្វហេតុសន្តិភាព និងស្ថេរភាពក្នុង​តំបន់​ផង​ដែរ​។​

មានមតិឆ្លើយតបវិញ លោក ទៀ បាញ់ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់គណៈ​ប្រតិភូ​ការ​ពារ​ជាតិ​កម្ពុជា​ នៅ​ប្រទេស​តួក​គី​នេះ​ គឺ​ជា​លើក​ដំបូង ​ហើយក៏ជាការអនុវត្តនូវគោលការណ៍រ​បស់ប្រមុខ​រាជរដ្ឋា​ភិបាល​ ដែលបានផ្តល់​មក​ ក្នុង​ការ​ពង្រឹង និង​រៀបចំនូវទំនាក់ទំនង​កិច្ចសហប្រតិបត្តិការលើវិស័យ​យោធា​ កង​ទ័ព​ទាំង​ពី​រ​។ លៅកបានសំដែងនូវជំនឿជឿជាក់ថា ទោះបីជាមិនទាន់មាននូវវិស័យ​ជា​ច្រើន​ នៃកិច្ចសហប្រតិបត្តិការក្តី តែយើងបានសម្លឹងឃើញជាមួយនឹងការងារមួយចំនួនរួមមាន៖ ការ​បង្កើន​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស ​ឧស្សាហកម្ម​ និង​សម្ភារៈ​ផ្នែក​យោធា​ ដែល​មាន​ខ្លះកន្ល​ងមក​។ ​ការ​ផ្លាស់​ប្តូរ​ទស្សនៈ​យោបល់​ ជា​មួយនឹងការចែករំលែកព័ត៌មាន ភេវរកម្ម និងគោលនយោបាយ បទពិសោធន៍ទៅ​វិញ​ទៅ​មក​ តាមរយៈជំនាញ​នយោបាយ​ការ​ពារ​ជាតិ​ និង​អាចពិនិត្យពិគ្រោះគ្នា និងផ្តល់បទពិសោធន៍លើវិស័យ កង​ទ័ព​ជា​មួយ​នឹង​ការ​ធានា​ និង​គោល​ការ​ណ៍សង្គម​ ព្រម​ទាំង​បញ្ហាមួយចំនួនទៀត។

លោក​ ទៀ​ បាញ់​ បាន​បញ្ជាក់​បន្ថែម​ថា​ ដំណើរការអភិវឌ្ឍ​ក្រោម​ទង់​សុខ​សន្តិភា​ព និង​ឯកភាព​ជាតិ​ពេញ​លេញ​ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ធ្វើឲ្យ​កម្ពុជា​មាន​ការ​លើក​កម្ពស់​​នូវ​កំណែរ​ទម្រង់​នានា​គ្រប់​វិស័យ​ ទន្ទឹម​នេះវិ​ស័យ​កង​ទ័ព​ក៏​ត្រូវ​បាន​លើ​ក​កម្ពស់​សមត្ថភាព​ក្នុង​ការ​​កសាង​ខឿន​ការ​ពា​រជាតិ​ ហើយ​ក៏​បាន​រួមចំណែកក្នុងសន្តិភាព​ពិភពលោក ​តាម​រយៈការបញ្ជូន​កង​កម្លាំង​ទៅ​ចូល​រួម​ប្រតិបត្តិការ​រក្សា​សន្តិភាព​ របស់​អង្គការ​សហ​ប្រជាជាតិ​ ជា​បន្ត​បន្ទាប់​តាំង​ពី​ឆ្នាំ​២០០​៦ ម​កប្រកប​ដោយ​ជោគ​ជ័យ​ដ៍​ធំ​ធេង​។

ក្នុង​ឱកាស​អញ្ជើញ​បំពេញទស្សនកិច្ច​ជា​ផ្លូវ​ការ​ នៅសាធារណរដ្ឋតួកគី លោក ទៀ បាញ់ ព្រមទាំង​សមាជិកប្រតិភូអមដំណើរទាំងអស់ ក៏បានទៅដាក់កំរងផ្កា និងគោរពវិញ្ញាណក្ខន្ត័នៅវិមាន អិនីកាបៀ និង​ទស្សនា​សារមន្ទីរ អតាតៀក ស្ថិតនៅរដ្ឋធានីអង់ការ៉ា ផងដែរ ៕

អត្ថបទទាក់ទង