ខ្មែរប៉ុស្ដិ៍ Close

ចាប់ពីពេលនេះតទៅ ឆ្នេរអូរឈើទាល២ និងឆ្នេរអូត្រេះ នឹងក្លាយជាសម្បត្តិរួមរបស់ពលរដ្ឋខ្មែរទូទៅ ដែលអាចចូលកម្សាន្តដោយសេរី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 40

រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាស កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ថា ចាប់ពីម៉ោងនេះតទៅ ឆ្នេរអូរឈើទាល២ «អតីតឆ្នេរអារីស្តុន» និងឆ្នេរអូរត្រេះ នឹងត្រូវបានរៀបចំជាឆ្នេរសមុទ្រសាធារណៈ និងជាសម្បត្តិរួម របស់ប្រជាពលរដ្ឋខ្មែរទូទៅ ក៏ដូចជាភ្ញៀវទេសចរ ជាតិ និងអន្តរជាតិអាចមកកំសាន្តដោយសេរី ឥតមានការបង់ថ្លៃអ្វីឡើយ។ ឆ្នេរស្អាត អនាម័យបរិស្ថានល្អ មានផាសុកភាព។

រដ្ឋបាលខេត្តព្រះសីហនុ បន្តថា កន្លងមករដ្ឋបាលខេត្ត បានចេញលិខិតជូនដំណឹងលេខ៤៧៣/១៩ សជណ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងលក់ដូរ និងអាស្រ័យផល នៅលើឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ មានទីតាំងស្ថិតនៅភូមិ៤ និងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បន្ទាប់ពីទទួលបានបានសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុរួចមក ប្រជាពលរដ្ឋដែលកំពុងលក់ដូរនៅនៅលើឆ្នេរអូរឈើទាល បានចូលរួមសហការជាមួយអាជ្ញាធរ ដោយបានរុះរើតូប និងស្តង់លក់ដូរ របស់ខ្លួនសរុបទាំងអស់ មានចំនួន១២៦តូប ព្រមទាំងបានចូលរួមសម្អាតឆ្នេរខ្សាច់ឲ្យស្រស់ស្អាតឡើងវិញ។

ដោយឡែកចំពោះប្រជាពលរដ្ឋ ដែលលក់ដូរនៅលើឆ្នេរអូរត្រេះ១ មានចំនួន ១០៨តូបស្តង់ និងអូរត្រេះ២ មានចំនួន ៤៨តូបស្តង់ បានរុះរើរួចរាល់ជាស្ថាពរ។

រដ្ឋបាលខេត្តព្រះសីហនុ បានកោតសរសេីរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការយល់ដឹងអំពីប្រយោជន៍សាធារណៈ និងបានចូលរួមសហការក្នុងការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងកែលម្អ សោភ័ណភាពឆ្នេររបស់យើងឡើងវិញ។

សូមបញ្ជាក់ផងដែរថា សំណង់តូបស្តង់របស់បងប្អូនប្រជាពលរដ្ឋ ដែលបានសាងសង់នៅលើឆ្នេរអូរត្រេះភាគច្រើនជាសំណង់រឹងមាំ ដែលបានចាក់សាប បេតុងនៅលើឆ្នេរខ្សាច់ដោយផ្ទាល់ និងមានមួយចំនួនសង់ជាប់មាត់ទឹកតែម្តង ក្នុងនោះផងដែរ បន្ទាប់ពីធ្វើការរុះរើតូបស្តង់ទាំងនោះរួច គឺយើងប្រទះឃើញនូវលូស្តុកលាមក និងសំណល់ផ្ទះបាយ ចំនួន១៣៦លូ ដែលបានបង្កប់ក្នុងឆ្នេរខ្សាច់ផងដែរ។

ជាចុងក្រោយរដ្ឋបាលខេត្តសូមបញ្ជាក់ថា ការរុះរើតូបនិងស្តង់លក់ដូរនៅលេីឆ្នេរអូរឈេីទាលពីរ និងឆ្នេរអូរត្រេះនេះគឺមិនមែនយកដីទៅឱ្យក្រុមហ៊ុន ឬអង្គភាព អាជីវកម្មឯកជន ណាមួយធ្វើការវិនិយោគនោះឡើយ គឺដើម្បីរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងកែលម្អ សោភ័ណភាពឆ្នេររបស់យើងឡើងវិញ ដោយរក្សាទុកជាឆ្នេរ សាធារណៈ និងជាសម្បត្តិរួមរបស់ប្រជាពលរដ្ឋខ្មែរទូទៅ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចមកកំសាន្តដោយសេរី ឥតមានបង់ថ្លៃអ្វីឡេីយ។

សូមប្រជាពលរដ្ឋយើង មេត្តាចូលរួមសហការគាំទ្រ និងផ្តល់ជាកម្លាំងចិត្តដល់ក្រុមការងារ រដ្ឋបាលខេត្តព្រះសីហនុឲ្យដំណើរការរៀបចំណេះប្រព្រឹត្តទៅដោយជោគជ័យ៕

SWIFT NEWS