ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «ពេលឃើញរូបភាពសង្គ្រាម ទើបយើងយល់ពីតម្លៃសន្តិភាព!»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 36
លិខិតមិត្តអ្នកអាន៖  «ពេលឃើញរូបភាពសង្គ្រាម ទើបយើងយល់ពីតម្លៃសន្តិភាព!» លិខិតមិត្តអ្នកអាន៖ «ពេលឃើញរូបភាពសង្គ្រាម ទើបយើងយល់ពីតម្លៃសន្តិភាព!»

ប៉ុន្មានថ្ងៃចុងក្រោយនេះ ពេលជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឡើងកម្តៅខ្លាំងរហូតឈានដល់ការធ្វើឃាតមេទ័ពកំពូលរបស់អ៊ីរ៉ង់ពីសំណាក់ទាហានអាមេរិកក្រោមបញ្ជាពី ប្រធានាធិបតី ដូណាល់ ត្រាំ ដែលធ្វើឲ្យអ៊ីរ៉ង់សងសឹកវិញដោយការបាញ់គ្រាប់រ៉ូកែតចូល បន្ទាយទាហានអាមេរិកនៅអ៊ីរ៉ាក់ ប្រជាពលរដ្ឋខ្មែរបាននាំគ្នាផ្អើលចាប់អារម្មណ៍និងតាមដាន។ ក្នុងចំណោមព្រឹត្តិការណ៍ដែលកើតឡើង អ្វីដែលធ្វើឲ្យមហាជនខ្មែរទូទៅនឹកសង្វេគជាពន់ពេកនោះគឺ រូបភាពទាហានអាមេរិកលាប្រពន្ធកូនចេញទៅច្បាំង។ អ្នកខ្លះយំអោបប្រពន្ធ, អោបកូន និងអ្នកខ្លះទៀតប្រពន្ធកំពុងមានផ្ទៃពោះហើយប្តីត្រូវលា ចេញទៅច្បាំងមិនដឹងស្លាប់ឬរស់? ទិដ្ឋភាពដ៏សោកសៅ ទាំងនេះបានអង្រួនបេះដូងពលរដ្ឋខ្មែរឲ្យនឹកសង្វេគ អាណិតដល់ទាហ៊ាន និងក្រុមគ្រួសាររបស់ពួកគេជាពន់ពេកនៅពេលប្រទេសជាតិជួបនឹង ចម្បាំងរាំងជល់។ នេះនៅមិនទាន់និយាយដល់ទិដ្ឋភាពសង្គ្រាម ក្នុងសម័យបច្ចេកវិទ្យាទំនើបដែលសម្លាប់មនុស្សយ៉ាងសាហាវនិង បង្កវិនាសកម្មធំធេងគួរឲ្យរន្ធត់ នោះផងទេ…. ។

នៅពេលដែលរូបភាពទាំងនេះ បានបញ្ចាំងនិងផុសឡើងតាមកញ្ចក់ទូរទស្សន៍និងបណ្តាញសង្គម យើងនាំគ្នាកើតក្តីសង្វេគសោកសង្រេងជាពន់ពេកណាស់។ ហើយនេះជាសង្គ្រាមកើតនៅស្រុកគេផងដែលនៅ សែនឆ្ងាយពីកម្ពុជា។ ចុះឧបមាថា ប្រសិនបើសង្គ្រាមនេះកើតមាន នៅលើទឹកដីកម្ពុជាយើងវិញ តើយើងត្រូវសោកសង្រេងយ៉ាងណាដែរ? តើយើងនឹកអាណិតខ្លោចចិត្តដល់បងប្អូន កូនចៅ ប្រពន្ធកូនយើង យ៉ាងណា? ចំណុចត្រង់នេះហើយ ដែលខ្ញុំចង់រំលេចឲ្យឃើញថា “សន្តិភាពដែលយើងមានសព្វថ្ងៃនេះពិតជាមានតម្លៃខ្លាំងណាស់”។ ប៉ុន្តែ នៅពេលដែល យើងកំពុងរស់នៅក្នុងសុខ សន្តិភាព និងភាពសម្បូរសប្បាយ យើងអាចមិនសូវគិតពីតម្លៃនៃ សន្តិភាពនោះទេ។

ជាពិសសេខ្មែរមួយចំនួនដែល មាននិន្នាការនយោបាយប្រឆាំងផ្កាប់មុខបែរជានាំគ្នាសើចចំអក ឲ្យអ្នកនិយាយពីសន្តិភាពថែមទៀត។

ជាក់ស្តែង នៅដើមឆ្នាំ ២០២០ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារនយោបាយ មួយដ៏មានអត្ថន័យដល់ប្រជាពលរដ្ឋខ្មែរគឺពាក្យថា «អរគុណសន្តិភាព»

ពាក្យនេះក៏ត្រូវបានពលរដ្ឋខ្មែរ ស្ទើរពេញប្រទេសជាពិសេសអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាលើកមកនិយាយគ្រប់មាត់។ «អរគុណសន្តិភាព» ក៏ត្រូវបានគេយកទៅដាក់នៅ ពីមុខក្រសួង ស្ថាប័ន ក៏ដូចជា សាលារៀន វត្តអារាមនានាគ្រប់ទិសទី។ប៉ុន្តែ ក្រុមអ្នកមាន និន្នាការ នយោបាយប្រឆាំងជ្រុលនិយមខ្លះបែរជានាំគ្នាចំអក។ យ៉ាងណាក៏ដោយ នៅពេលដែលយើងឃើញទិដ្ឋភាពខ្លោចផ្សារនៃសង្គ្រាម បានផុសឡើងពួកគេក៏នាំគ្នាចែករម្លែកនិងសម្តែងក្តីសង្វេគ ស្រក់ទឹកភ្នែក គ្រប់គ្នា។

ជាការពិត ប្រទេសយើងមានសំណាងណាស់ គឺអាច និយាយបានថា មានសំណាងជាងបណ្តាប្រទេសជាច្រើនក្នុង លោក រាប់ទាំងបណ្តាប្រទេសជឿនលឿន មហាអំណាចធំៗ ទៅទៀតផងក៏ថាបាន។ ហេតុអ្វីបានជាខ្ញុំអាចហ៊ាន និយាយអះអាងយ៉ាងដូច្នេះ? ពីព្រោះប្រទេសយើងគ្មានសង្គ្រាម ហើយយើងកំពុងរស់នៅក្នុងសុខសន្តិភាពដែល ប្រជាពលរដ្ឋខ្មែរជាច្រើនស្ទើរតែ ភ្លេចអស់ទៅហើយនូវទិដ្ឋភាពខ្លោចផ្សារនៃសង្គ្រាមពីអតីតកាល ជាពិសេសយុវជនជំនាន់ក្រោយដែលកើតក្រោយសម័យសង្គ្រាម រឹតតែមិនស្គាល់ទាល់តែសោះនូវរូបភាពនិង រសជាតិនៃសង្គ្រាម។

បែរទៅមើលបណ្តាប្រទេសមួយចំនួនវិញ ពួកគេកំពុងតែទទួលរងនូវវិនាសកម្មដោយភ្លើងសង្គ្រាមដ៏គួរឲ្យរន្ធត់តក់ស្លុតរកទីបំផុតគ្មាន។ រូបភាពដែល យើងបានឃើញគ្រប់គ្នាប៉ុន្មានថ្ងៃចុងក្រោយនេះគឺជាឧទាហរណ៍ជាក់ស្តែង។ សូម្បីប្រទេសមហាអំណាចទី១ពិភពលោកដូចសហរដ្ឋអាមេរិកក៏ទាហានរបស់ ពួកគេក៏ដូចជាក្រុមគ្រួសារ មិនចង់ឃើញសង្គ្រាមកើតមានឡើយ ពីព្រោះបើមានសង្គ្រាម សេចក្តីស្លាប់ វិនាសប្រាស់ព្រាត់អាចកើតមានគ្រប់ពេលវេលា។ ចំណែករបររកស៊ី ឬការងារ
ផ្សេងៗ ក៏ទទួលរងផលប៉ះពាល់។

ដូច្នេះ ក្នុងខណៈដែលយើងកំពុងរស់នៅក្នុងសុខសន្តិភាព និងពុងទទួលបានផ្លែផ្កាពីសន្តិភាពយើងគួរគប្បីចេះស្រឡាញ់និងជួយរក្សាការពារសន្តិភាពនេះកុំឲ្យបាត់បង់ទៅវិញឲ្យសោះ។ ហើយ សូមកុំរង់ចាំដល់ពេលកើត សង្គ្រាមទើបនាំគ្នាផ្តល់តម្លៃដល់សន្តិភាព និងចង់បានសន្តិភាព ពីព្រោះនោះគឺជាការចង់បាន ដែលហួសពេលទៅហើយដូចពាក្យសុភាសិតខ្មែរបូរាណពោលថា «ពេលឃើញក្តារមឈូសទើបស្រក់ទឹកភ្នែក»

ការនិយាយជាញឹកញាប់ពីតម្លៃសន្តិភាពគឺជាការចាំបាច់បំផុតដើម្បីដាស់តឿនក្រើនរម្លឹកដល់ កូនខ្មែរគ្រប់រូបកុំឲ្យភ្លេចខ្លួនថាយើងបានធ្វើដំណើរចាកចេញពីសង្គ្រាមដោយលំបាក យ៉ាងណា? ប្រើពេលយូរ ប៉ុណ្ណា? និងត្រូវចំណាយជីវិត មនុស្សប៉ុន្មាននាក់? ចំណាយទ្រព្យសម្បត្តិ និងធនធានអស់ប៉ុន្មាន?

ក្នុងន័យនេះ យើងមិនត្រឹមតែ «អរគុណសន្តិភាព» ប៉ុណ្ណោះទេ ប៉ុន្តែ យើងក៏ត្រូវនឹកគុណដល់អ្នក ដែលបាននាំមកនូវសន្តិភាពអោយយើងផងដែរ។ ផ្ទុយទៅវិញ ការចំអកឡកឡឺយដល់សន្តិភាពគឺ ជាការប្រមាថ យ៉ាងធ្ងន់ធ្ងរដល់ជីវិតខ្លួនឯងនិងជីវិតកូនចៅរបស់ខ្លួនឯង ជាពិសេសជាការប្រមាថដល់អ្នក ដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុ សន្តិភាពនៅកម្ពុជា។

សរុបមកវិញ សន្តិភាពគឺជាវត្ថុដ៏ មានតម្លៃបំផុតមិនអាចកាត់ថ្លៃបានសម្រាប់កម្ពុជា។ យើងក៏ជឿជាក់ផងដែរថា គ្រប់ជាតិសាសន៍នៅលើលោក សុទ្ធតែប្រាថ្នាចង់បានសន្តិភាពគ្រប់ៗគ្នា។ ប៉ុន្តែ សេចក្តីប្រាថ្នាមួយនេះមិនមែនចេះតែសម្រេច បាននោះទេ។ ដូច្នេះ កម្ពុជាយើងមានសន្តិភាពក្នុងដៃហើយ តើយើងគួរបណ្តោយឲ្យវា បាត់បង់ទៅវិញដោយសារតែការ ប្រមាទដែរឬទេ? គឺមិនអាចជាដាច់ខាត។

ទិដ្ឋភាពសង្គ្រាមដែលបាន បង្ហាញចុងក្រោយនេះច្បាស់ជាធ្វើឲ្យយើងសង្វេគនិងផ្តល់តម្លៃកាន់តែខ្លាំងដល់សន្តិភាពដែល យើងកំពុងមាន។ សូមឲ្យក្តីសង្វេគនេះក្លាយជាស្មារតីថែរក្សាការពារសន្តិភាពនិងភាព សុខសានរបស់ខ្មែរតរៀងទៅ! អរគុណសន្តិភាព! និងអរគុណដល់អ្នកដែលបាននាំមកនូវសន្តិភាពដល់ប្រទេសដ៏កំសត់មួយនេះ៕

This photo released by the Iraqi Prime Minister Press Office shows a burning vehicle at the Baghdad International Airport following an airstrike in Baghdad, Iraq, early Friday, Jan. 3, 2020. The Pentagon said Thursday that the U.S. military has killed Gen. Qassem Soleimani, the head of Iran’s elite Quds Force, at the direction of President Donald Trump. (Iraqi Prime Minister Press Office via AP)

ដោយ: បញ្ញវន្តខ្មែរម្នាក់ ដែលធ្លាប់ហែលឆ្លងកាត់សង្គ្រាម

អត្ថបទទាក់ទង