លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ចេញនូវអនុសាសន៍ ៨ចំណុច ដើម្បីអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅល្ងាចថ្ងៃសៅរ៍ទី២១ ខែធ្នូ ឆ្នាំ ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទី២ នៅខេត្តកំពត បានគូសបញ្ជាក់ថា ដើម្បីអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនេះអោយកាន់តែមាននិរន្តភាពនោះ លោក ហ៊ុន សែន បានដាក់ចេញនូវអនុសាសន៍សំខាន់ៗ៨ចំណុច។
អនុសាសន៍សំខាន់ៗ ៨ចំណុចរួមមាន៖
១) ត្រូវរក្សាអោយបាននូវសន្តិភាព ស្ថេរភាពនយោបាយ។ បើគ្មានសន្តិភាពទេ គឺគ្មានការអភិវឌ្ឍនោះទេ, គ្មានសន្តិភាព ក៏មិនមានប្រជាធិបតេយ្យដែរ។ កម្ពុជាបានឆ្លងកាត់នូវសង្រ្គាមជាច្រើមកហើយ ដែលបានបំផ្លិចបំផ្លាញអ្វីៗទាំងអស់ធ្លាក់ដល់ចំណុចសូន្យ។
២) ត្រូវរក្សាឲ្យបាននូវសមុទ្របៃតង អោយនៅតែជាតារារះនាទិសនិរតីនៃខេត្តទាំង៤ជាប់មាត់សមុទ្រកម្ពុជា ដែលស្ថិតនៅក្នុងចំណោមឆ្នេរដ៏ស្អាតបំផុតលើសាកលលោក និងថែរក្សាព្រៃឈើ ថែរក្សាឆ្នេរសមុទ្រអោយបានគង់វង្ស និងបានស្នើអោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្ត្រីក្រសួងដែនដីចាត់វិធានការជាក់លាក់មិនអោយមានការចាក់ដីលុបឆ្នេរដោយគ្មានការអនុញាតនិងបង្ហូរទឹកស្អុយចូលទឹកសមុទ្រជាដាច់ខាត ដើម្បីធានាធ្វើយ៉ាងណាឲ្យសមុទ្ររបស់យើងនៅតែជាសមុទ្របៃតងជារៀងរហូត។
៣) ត្រូវខិតខំបន្តកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជាផ្លូវធ្វើដំណើរ បណ្តាញអគ្គិសនី និងព្រលានយន្តហោះ ដើម្បីបំរើវិស័យទេសចរណ៍អោយបានល្អប្រសើរ។
៤) ក្រសួងទេសចរណ៍ ក៏ដូចជាអាជ្ញាធរខេត្តដែលស្ថិត នៅជាប់ឆ្នេរសមុទ្រត្រូវត្រៀមខ្លួនធ្វើប្រធានកិច្ចប្រជុំក្លឹបឆ្នេរ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ២០២២ខា ងមុខនេះ។
៥) បន្តទប់ស្កាត់បទល្មើសផ្សេងៗ ដូចជាចោរកម្ម ការប្រើប្រាស់និងជួញដូរគ្រឿងញៀនជាដើម។
៦) ត្រូវបន្តជំរុញការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ជាពិសេសបង្កើនការដាំដុះបន្លែ និងចិញ្ចឹម សត្វតាមបែបធម្មជាតិ ដើម្បីផ្គត់ផ្គង់សេវាទេសចរណ៍ ធ្វើយ៉ាងណាជំរុញខ្សែសង្វាក់ផលិតផលខ្សែក្រវ៉ាត់ប៉ៃតងនៅតាមសណ្ឋាគារនានានៅទូទាំងប្រទេស។
៧) ត្រូវពង្រឹងការតភ្ជាប់ផ្លូវធ្វើដំណើរនានាឆ្ពោះមកកាន់តំបន់ឆ្នេរសមុទ្រយើងអោយបានច្រើន និងអោយបានល្អប្រសើរ។ នៅពេលខាងមុខ យើងនឹងទទួលបានផ្លូវជាតិ ៣ខ្សែដ៏ស្រស់ស្អាត រួមទាំងការអភិវឌ្ឍផ្លូវផ្សេងៗក្នុងខេត្តមួយចំនួនទៀត។
៨) ត្រូវបង្កើនការការពារនូវសុវត្ថិភាពភ្ញៀវទេសចរណ៍ដែលធ្វើដំណើរតាមផ្លូវទឹក ជាពិសេសត្រូវរៀចំពោងទឹកសុវត្ថិភាពដល់ភ្ញៀវ, ដឹកជញ្ជូនភ្ញៀវតាមកាណូតត្រូវធានាអោយមានសុវត្តិភាពខ្ពស់ជាប្រចាំ៕