ខ្មែរប៉ុស្ដិ៍ Close

អាមេរិក ផ្តល់ជំនួយឥតសំណង ១ ៥០០លានដុល្លារជួយដល់កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 35
អាមេរិក ផ្តល់ជំនួយឥតសំណង ១ ៥០០លានដុល្លារជួយដល់កម្ពុជា អាមេរិក ផ្តល់ជំនួយឥតសំណង ១ ៥០០លានដុល្លារជួយដល់កម្ពុជា

គិតចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ ២០១៩ នេះ រដ្ឋាភិបាលអាមេរិក បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណជា១៥០០លានដុល្លារ ដល់កម្ពុជាសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍នានា។
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងជំនួបជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអាមេរិកប្រចាំកម្ពុជា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាមេរិក បាននាំមកនូវលទ្ធផល ប្រកបដោយផ្លែផ្កា។

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានបន្តថា ចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ ២០១៩ នេះ សហរដ្ឋអាមេរិក បានផ្តល់ហិរញ្ញប្បទាន ឥតសំណងប្រមាណ១ ៥០០ លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា ដោយផ្តោតលើវិស័យ អប់រំសុខាភិបាល កសិកម្ម និងបរិស្ថាន។ លោកបានបន្តឲ្យដឹងទៀតថា សព្វថ្ងៃមានក្រុមហ៊ុនអាមេរិកជាច្រើនបានដាក់ទុនវិនិយោគ នៅកម្ពុជាជាបន្តបន្ទាប់ ខណៈទំហំពាណិជ្ជកម្មទ្វេភាគី បានបន្តកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។ ការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីនេះ បានរួមចំណែកបង្កើតការងារ និងផ្តល់ប្រាក់ចំណូលជាច្រើនដល់ប្រជាជនកម្ពុជា ។

ក្នុងឱកាសនោះ លោក Patrick Murphy បានថ្លែងថា រដ្ឋាភិបាលអាមេរិក នឹងបន្តជួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈការបន្តផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់កម្មវិធីសុខភាពសាធារណៈ ការអប់រំ កម្មវិធីកសិកម្ម បរិស្ថាន កម្មវិធីដោះមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ការផ្តល់ជំនួយបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្ស សំដៅរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា។ ជាមួយគ្នានេះ អាមេរិក នឹងបន្តជួយផងដែរ ដល់វិស័យឯកជននៅកម្ពុជាតាមរយៈកម្មវិធីលើកកម្ពស់អភិបាលកិច្ច និងការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរថែមទៀត៕