ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំ​ ភ្នំព្រះរាជទ្រព្យសង្ក្រាន្ដ ឆ្នាំ២០១៨ នៅភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ​ ក្នុងឱកាសឆ្នាំថ្មីខាងមុខ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 51
រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំ​ ភ្នំព្រះរាជទ្រព្យសង្ក្រាន្ដ ឆ្នាំ២០១៨ នៅភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ​ ក្នុងឱកាសឆ្នាំថ្មីខាងមុខ រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំ​ ភ្នំព្រះរាជទ្រព្យសង្ក្រាន្ដ ឆ្នាំ២០១៨ នៅភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ​ ក្នុងឱកាសឆ្នាំថ្មីខាងមុខ

នារសៀលថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨ នៅសាលាធម្មសភា (សាលាបុណ្យ) ជើងភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ថ្នាក់ដឹកនាំខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំពិធីភ្នំព្រះរាជទ្រព្យសង្ក្រាន្តអបអរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅស្រុកពញាឮ ខេត្តកណ្តាល ដែលដឹកនាំដោយ ឯ.ឧ នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯ.ឧ ម៉ៅ ភិរណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការដឹកនាំរួមដើម្បីរៀបចំពិធីភ្នំព្រះរាជទ្រព្យសង្គ្រាន្តឆ្នាំ២០១៨។

នៅក្នុងកិច្ចប្រជុំនោះក៏មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត, នាយក នាយករងរដ្ឋបាលលោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត, អភិបាល អភិបាលរងក្រុង ស្រុក និងលោក លោកស្រីសមាជិក សមាជិកានៃអនុគណៈកម្មការទាំង៧ ក្នុងគណៈកម្មការរៀបចំពិធីសង្គ្រាន្តភ្នំព្រះរាជទ្រព្យ,អាជ្ញាធរមូលដ្ឋានស្រុកពញាឮ គណៈកម្មការអាចារ្យវត្ត និងមន្ត្រីពាក់ព័ន្ធ សរុបប្រមាណជាង ១០០ នាក់។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បីតាមដាន និងត្រួតពិនិត្យនូវវឌ្ឍនភាពការងាររបស់អនុគណៈកម្មការទាំង៧ និងអ្នកពាក់ព័ន្ធ ដើម្បីត្រៀមឆ្ពោះទៅកាន់ពិធីភ្នំព្រះរាជទ្រព្យសង្គ្រាន្តឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃសៅរ៍១៤ រោច ខែចេត្រ ដល់ ថ្ងៃចន្ទ ២ កើត ខែពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤-១៦ ខែមេសា គ.ស.២០១៨ ខាងមុខ នៅភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ខេត្តកណ្តាល។

គួរបញ្ជាក់ដែរថា ពិធីបុណ្យភ្នំព្រះរាជទ្រព្យសង្ក្រាន្តឆ្នាំ២០១៨ ខេត្តកណ្តាល ប្រព្រឹត្តទៅក្នុងរយៈ ០៣ ថ្ងៃ ខាងមុខមានកម្មវិធីដូចជា៖ ការប្រកួតកីឡា (រត់ប្រណាំង, ប្រដាល់គុណខ្មែរ), ការលេងល្បែងប្រជាប្រិយខ្មែរ (ចោលឈូង បោះអង្គុញ លាក់កន្សែង ទាញព្រ័ត្រ ដណ្តើមស្លឹកឈើ លោតបាវ វាយក្អម ឡើងសសរ ស្វាដណ្តើមទី បៀមទឹកដាក់ដប លោតអន្ទាក់ដៃ លោតអន្ទាក់ខ្សែ ស្តេចចង់ ទូលក្អមប្រណាំង ល្បែងបីដកមួយ អមជាមួយការច្រៀងរាំលេងកម្សាន្តចង្វាក់ប្រពៃណីខ្មែរ), កម្មវិធីកិច្ចសាសនា (កម្មវិធីទទួលទេវតាឆ្នាំថ្មី, ការសម្តែងធម្មទេសនា, ពិធីរាប់បាត្រព្រះសង្ឃ, ពិធីស្រង់ព្រះ និងប្រោះព្រំលើករាសី), ការសម្តែងទស្សនីយភាពសិល្បៈ ល្ខោនបាសាក់ និងការប្រគុំតន្ត្រីសម័យ ។ល៕