ខ្មែរប៉ុស្ដិ៍ Close

លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបជាមួយគណៈប្រតិភូខេត្តសានតុង សាធារណរដ្ឋប្រជាមានិតចិន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 31
លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបជាមួយគណៈប្រតិភូខេត្តសានតុង សាធារណរដ្ឋប្រជាមានិតចិន លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបជាមួយគណៈប្រតិភូខេត្តសានតុង សាធារណរដ្ឋប្រជាមានិតចិន

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានទទួលជួបគណៈប្រតិភូខេត្តសានតុង ដឹកនាំដោយ លោក វ៉ាង ស៊ូជាន (WANG SHUJIAN) សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ នៃគណៈកម្មាធិការបក្សខេត្ត និងជាអភិបាលរងខេត្តសានតុង និងគណៈប្រតិភូអមដំណើរ ដែលរួមមានទាំងអគ្គនាយកនៃក្រុមហ៊ុនធំៗ មកពីខេត្តសានតុង ផងដែរ។

ជាកិច្ចចាប់ផ្ដើម លោករដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូខេត្តសានតុងថា កម្ពុជា និងចិន បានបង្កើតទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រ ក្នុងអំឡុងឆ្នាំ១៩៥៦ ហើយក៏មានការរីកចម្រើនជាបន្តបន្ទាប់ រហូតក្លាយទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ ស្របទៅនឹងក្របខណ្ឌតំបន់ ដែលប្រទេសចិន បានដាក់ចេញរួមមាន៖ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយ និងផ្លូវមួយ» «មូលនិធិផ្លូវសូត្រ» និង «ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធឤស៊ី» ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍបែប «ឈ្នះ-ឈ្នះ» រវាងប្រទេសក្នុងរង្វង់តំបន់ខ្សែក្រវាត់ និងផ្លូវសូត្រ។ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ប្រទេសចិនជាដៃគូពាណិជ្ជកម្ម និងវិនិយោគិនដ៏ចម្បងរបស់កម្ពុជា។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៨ មាន ចំនួន ៦ ០៤០ លានដុល្លារឤមេរិក កើនឡើងជាង ១៣,៨% បើធៀបនឹងឆ្នាំ២០១៧។ ក្នុងឆ្នាំ២០១៧ ទំហំវិនិយោគចិនសរុបនៅកម្ពុជា ឈរលំដាប់លេខ ១ ធៀបនឹងទំហំវិនិយោគទុនពីប្រទេសដទៃទៀត ដែលមានទំហំសរុបប្រមាណ ១ ៦៤៤ លានដុល្លារឤមេរិក។ លើសពីនេះ ប្រទេសយើងទាំងពីរ ក៏បានឯកភាពគ្នា ជំរុញទំហំពាណិជ្ជកម្មឱ្យកើនឡើងដល់ ៦ ០០០ លានដុល្លារឤមេរិក នៅឆ្នាំ២០២០។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានជម្រាបបន្ថែមថា កម្ពុជាមានសក្តានុពលខ្ពស់លើវិស័យកសិកម្មជាពិសេសលើកសិផលដូចជា ស្វាយ ចេក មៀន ដំឡូងមី និងស្រូវ ប៉ុន្តែកំពុងខ្វះខាតរោងចក្រកែច្នៃ និងវេចខ្ចប់។ នៅក្នុងន័យនេះ លោករដ្ឋមន្ត្រី បានស្នើសុំ លោក វ៉ាង ស៊ូជាន ឲ្យជួយកៀរគរវិនិយោគិនបន្ថែមទៀត មកវិនិយោគក្នុងវិស័យកែច្នៃផលិតផលកសិកម្មសម្រាប់នាំចេញ។

ជាកិច្ចឆ្លើយតប លោក វ៉ាង ស៊ូជាន បានជម្រាបជូនថា ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកបាននាំមកនូវក្រុមហ៊ុនមកពីខេត្តសានតុងចំនួន២០ ដើម្បីមកពិភាក្សាធុរកិច្ចជាមួយក្រុមហ៊ុនកម្ពុជា និងស្វែងយល់ពីកាលានុវត្តភាពសម្រាប់វិនិយោគនៅកម្ពុជា ក្នុងវិស័យដូចជា ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងកសិកម្ម។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ក្រុមហ៊ុនចំនួនពីរបានសម្រេចចិត្តវិនិយោគនៅកម្ពុជា គឺក្រុមហ៊ុន Guomei Linqor Group ដើម្បីសាងសង់រោងចក្រកែច្នៃកសិកម្មសរីរាង្គមួយ ដោយប្រើប្រាស់កាកសំណល់សំរាមក្នុងការផលិតជីសរីរាង្គ ការវេចខ្ចប់ លក់ជីសរីរាង្គ និងចែកចាយបន្លែសរីរាង្គ និងក្រុមហ៊ុន Fu Lai Chun Group ដើម្បីដំឡើងរថយន្ត។ ក្រុមហ៊ុន Guomei Linqor Group ក៏មានគម្រោងវិនិយោគលើរោងចក្រកែច្នៃដំឡូងមីជាម្សៅ ក្នុងលទ្ធភាពផលិត ១០០.០០០ តោន នៅខេត្តក្រចេះ។ លោក វ៉ាង ស៊ូជាន បានសម្ដែងការតាំងចិត្តថានឹងបន្តផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនមកពីខេត្តសានតុង មកវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនថែមទៀត ហើយបានធានាទិញផលិតផលទាំងនោះផងដែរ។

ក្រោយពីកម្មវិធីសំណេះសំណាល គណៈប្រតិភូខេត្តសានតុង បានផ្ដល់ជូននូវអំណោយទោចក្រយានចំនួន ២០គ្រឿងជូនក្រសួងពាណិជ្ជកម្ម សម្រាប់យកមកប្រើប្រាស់នៅក្រសួងពាណិជ្ជកម្ម៕

អត្ថបទទាក់ទង