ខ្មែរប៉ុស្ដិ៍ Close

លោក ទៀ បាញ់ ជួបពិភាក្សាការងារទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 33
លោក ទៀ បាញ់ ជួបពិភាក្សាការងារទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក ទៀ បាញ់ ជួបពិភាក្សាការងារទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី

ក្នុងឱកាសការអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM Retreat) និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក លើកទី៦ (6th ADMM-Plus) នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អមតំណើរដោយ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ បានចូលជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក PROBOVO SUBIANTO រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី។

នៅក្នុងជំនួបនោះ តាមរយៈលោក ទៀ បាញ់ លោក PROBOVO SUBIANTO រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី បានសំដែងការសាកសួរសុខទុក្ខចំពោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

មានមតិឆ្លើយតបវិញ លោក ទៀ បាញ់ បានសំដែងការអបអរសាទរចំពោះ លោក PROBOVO SUBIANTO ដែលបានទទួលមុខតំណែងជារដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី។
លោកបានបញ្ជាក់ថា៖ កម្ពុជា និងឥណ្ឌូណេស៊ី មានប្រពៃណី ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា តាំងពីយូរយាណាស់មកហើយ ហើយឥណ្ឌូណេស៊ីបានជួយស្វែងរកសន្តិភាពជូនប្រទេសកម្ពុជា ក្នុងកំឡុងសម័យអ៊ុនតាក់។ ចាប់តាំងពីពេលនោះមក ឥណ្ឌូណេស៊ីនៅតែបន្តកិច្ចសហប្រតិបត្តិការ និងជួយឧបត្ថម្ភដល់កម្ពុជាយ៉ាងច្រើន ក្នុងនោះលើផ្នែកវិស័យយោធា ឥណ្ឌូណេស៊ីបានជួយបណ្តុះបណ្តាល ហ្វឹកហ្វឺន ខ.ភ.ម ដល់កងពលតូចទ័ពពិសេសឆត្រ័យោងលេខ៩១១ និងបញ្ជាការដ្ឋានអង្គរក្សជាបន្តបន្ទាប់។

លោក ទៀ បាញ់ បានបន្តថា៖ នៅលើវេទិកាអន្តជាតិ កម្ពុជា និងឥណ្ឌូណេស៊ី បានធ្វើការផ្លាស់ទស្សនៈគ្នាទៅវិញទៅមក និងបានរិះរកវិធី ដើម្បីបំរើផលប្រយោជន៍រួម ហើយលោកសង្ឍឹមថា តាមរយៈកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន យើងនឹងបានពិភាក្សាគ្នា ជាមួយប្រទេសជាដៃគូរ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក។ ឆ្លៀតក្នុងឱកាសនោះលោក ទៀ បាញ់ ក៏បានអញ្ជើញ លោក PROBOVO SUBIANTO ដែលទើបបានទទួលមុខដំណែងជារដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី ទៅធ្វើទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។

ជាចុងក្រោយ លោក PROBOVO SUBIANTO បានបញ្ជាក់ថា កម្ពុជា និងឥណ្ឌូណេស៊ី មានទំនាក់ទំនងមិត្តភាពជាមួយគ្នាតាំងពីរយូរលុងណាស់មកហើយ។ លោករដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ីបានបញ្ជាក់ទៀតថា៖ នឹងបន្តជួយបណ្តុះបណ្តាលដល់កងទ័ពកម្ពុជា តាមសំណើរដែលអាចធ្វើទៅបាន៕

អត្ថបទទាក់ទង