លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកទឹកចិត្តដល់យុវជន យុវនារីទាំងអស់ ត្រៀមខ្លួនដើម្បីទទួលបានឱកាសការងារជាង ២ម៉ឺនកន្លែង
ចាប់ពីថ្ងៃទី០២-០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំ «ពិព័រណ៍ការងារ និងផលិតភាពជាតិប្រចាំឆ្នាំ២០១៩» នៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ នេះជាឱកាសដ៏ល្អបំផុតសម្រាប់យុវជនដែលបំរ៉ុងរកការងារធ្វើ។ ឱកាសការងារល្អៗគ្រប់ប្រភេទជាង ២ ម៉ឺនកន្លែង ពីក្រុមហ៊ុនធំៗជាង ១៥០ កំពុងរងចាំយុវជន យុវនារី ក៏ដូចជានិស្សិតរបស់យើង នៅក្នុងពិព័រណ៍ការងារប្រចាំឆ្នាំនេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីស្តីពីមុខរបរ និងការងារក្នុងគោលដៅធ្វើឲ្យប្រសើរឡើងនូវដំណើរការទីផ្សារការងារ កាត់បន្ថយភាពមិនស៊ីគ្នារវាងតម្រូវការ និងការងារ ,ផ្គត់ផ្គង់កម្លាំងពលកម្ម ,បង្កើនប្រសិទ្ធភាពទីផ្សារការងារ, អប់រំបណ្តុះបណ្តាលជំនាញ, និងការផ្តល់នូវព័ត៌មានទីផ្សារការងារជាដើម ដើម្បីទទួលបានការងារសមរម្យ, បង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាព និងឈានទៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ក្មួយៗយុវជន យុវនារីអាចត្រៀម CV និងរៀបចំខ្លួនដើម្បីដាក់ពាក្យ និងសម្ភាសន៍ភ្លាមៗនៅកន្លែងតែងម្តងនៅក្នុងពិព័ណ៍ការងារនោះ។ សូមជូនពរក្មួយៗយុវជនទទួលបានការងារធ្វើគ្រប់ៗគ្នា៕