ខ្មែរប៉ុស្ដិ៍ Close

កិច្ចសម្ភាសពិសេសសម្តេច ហ៊ុន សែន៖ «សម រង្ស៉ី ជាអ្នករុញខ្ញុំឲ្យគ្មានជម្រើសអ្វីក្រៅពីការទទួលយកការភ្នាល់ ដោយចៀសមិនផុត ដើម្បីសម្លាប់ជីវិតនយោបាយ កឹម សុខា»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 20

ខណៈការភ្នាល់ដាក់ជីវិតនយោបាយលោក កឹម សុខា រវាងសម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក សម រង្ស៊ី កំពុងពុះកញ្រ្ជោលយ៉ាងខ្លាំង ទាំងនៅក្នុង និងក្រៅប្រទេសនោះ, នៅថ្ងៃទី១០​ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បុរសខ្លាំងនៃកម្ពុជា បានថ្លែងតាមរយៈបណ្តាញព័ត៌មាន Fresh News ទៅកាន់មហាជនថា សម រង្ស៊ី ជាអ្នករុញសម្តេចផ្ទប់ជញ្ជាំងឲ្យគ្មានជម្រើសអ្វីក្រៅពីទទួលយកការភ្នាល់ដោយចៀសមិនផុត ដើម្បីសម្លាប់ជីវិតនយោបាយ កឹម សុខា ដែលជារឿងអគុណធម៌បំផុត ដូច្នេះទាំងលោក កឹម សុខា និងក្រុមគ្រួសារ ព្រមទាំងអ្នកគាំទ្រលោក កឹម សុខា ទាំងអស់ទាំងក្នុង និងក្រៅប្រទេស កុំភាន់ច្រឡំលើរឿងនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃសៅរ៍នេះឲ្យដឹងថា «ការដែលខ្ញុំសម្រេចភ្នាល់ជាមួយ សម រង្ស៊ី គឺគាត់បានរុញខ្ញុំឲ្យផ្ទប់ជញ្ជាំងដោយគ្មានជម្រើស ដើម្បីទទួលយកការភ្នាល់នេះដោយចៀសមិនផុត ដើម្បីសម្លាប់ជីវិតនយោបាយ កឹម សុខា បើមិនទទួលយកគេនឹងចោទថា ជាជនកំសាកញីបំផុត មិនអង់អាចក្លាហាន មិនហ៊ានទទួលយកការភ្នាល់ជាមួយគេ បើទោះបីដឹងយ៉ាងច្បាស់ថា ការយកជីវិតមនុស្ស (កឹម សុខា) មកភ្នាល់ជាល្បែងនេះជារឿងអគុណធម៌បំផុតក៏ដោយ ព្រោះ សម រង្ស៊ី ជាអ្នករៀបចំផែនការដ៏អាក្រក់មួយនេះ ដើម្បីសម្លាប់ជីវិតនយោបាយរបស់ កឹម សុខា»

នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះទៀតថា «ជីវិតលោក កឹម សុខា ត្រូវបានសម្លាប់ដោយ សម រង្ស៊ី នឹងឈានដល់ផែនការមួយ ជំហានទៀត នឹងសម្លាប់ខ្ញុំផងដែរ ដូច្នេះទាំងលោក កឹម សុខា និងក្រុមគ្រួសារ ព្រមទាំងអ្នកគាំទ្រលោក កឹម សុខា ទាំងអស់ សូមកុំភាន់ច្រឡំលើរឿងនេះ។ ករណីភ្នាល់នេះខ្ញុំមិនមែនជាអ្នកបបួលនោះទេ គឺ សម រង្ស៊ី ជាអ្នកបង្ខំខ្ញុំឲ្យទទួលយកការភ្នាល់ដោយចៀសមិនផុតជាដាច់ខាត»

បុរសខ្លាំងនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តាំដោយសំឡេងធ្ងន់ៗទៅកាន់ សម រង្ស៊ី តាមរយៈ Fresh News យ៉ាងដូច្នេះថា៖ «លោកឯងបានភ្នាល់ថា បើមិនដោះលែង កឹម សុខា លោកឯងត្រូវចូលខ្លួនមកដេកក្នុងគុក បើមិនអនុវត្តតាមការភ្នាល់នេះ លោកឯងនិងក្រុមគ្រួសារទាំងពូជ៧សន្តាន រួមទាំងមនុស្សជំនិតរបស់អ្នកឯងយ៉ាងតិច១០០នាក់ ត្រូវស្លាប់យ៉ាងតៃហោងជាទីបំផុតដោយរន្ទះបាញ់ ឬស្លាប់ដោយគ្រប់ប្រភេទនៃការស្លាប់របស់មនុស្ស រួមមានឡានបុក ធរណីស្រូប..។.ល។ ហើយបើខ្ញុំមិនអនុវត្តតាម ការភ្នាល់វិញទេ សូមឲ្យស្លាប់តៃហោងដូចការភ្នាល់ជាមួយលោកឯងដែរ»

សូមជំរាបថា នៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៨នេះ លោក សម រង្ស៊ី បានប្រកាសតាមរយៈ Facebook របស់ខ្លួនដោយបបួលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ភ្នាល់គ្នាលើករណីការដោះលែងលោក កឹម សុខា ហើយការភ្នាល់នេះ «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ, សម្តេចតេជោ នឹងចុះចេញពីតំណែង តែបើមិនមានការដោះលែងទេ នោះ សម រង្ស៊ី នឹងត្រូវចូលឲ្យចាប់ខ្លួន»

ភ្លាមៗឆ្លើយតបនឹងការបបួលភ្នាល់របស់លោក សម រង្ស៊ី នៅព្រលប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ដដែលនោះ សម្តេចតេជោ ហ៊ុន សែន មេដឹកនាំដែលមិនចេះរួញរាទាំង សមរភូមិសង្គ្រាម និងនយោបាយនោះ បានប្រកាសទទួលយកការភ្នាល់នេះតាមរយៈបណ្តាញព័ត៌មាន Fresh News ដោយសម្តេចបានសម្រេចភ្នាល់តាមការបបួលរបស់លោក សម រង្ស៊ី។ សម្តេចតេជោ បានកំណត់ថា ប្រសិន សម រង្ស៊ី ចាញ់ត្រូវចូលឲ្យចាប់ខ្លួនភ្លាមៗតែម្តង បន្ទាប់ពីបញ្ចប់ការភ្នាល់៕

ប្រភព៖ Fresh News