ខ្មែរប៉ុស្ដិ៍ Close

សហភាពអន្តរសភា( IPU)លុបឈ្មោះ ទណ្ឌិត សម រង្ស៉ី ចេញពីបញ្ជីអ្នកឡើងថ្លែងសុន្ទរកថា នៅមហាសន្និបាតលើកទី១៤១ តាមសំណើកម្ពុជា

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 47
សហភាពអន្តរសភា( IPU)លុបឈ្មោះ ទណ្ឌិត សម រង្ស៉ី ចេញពីបញ្ជីអ្នកឡើងថ្លែងសុន្ទរកថា នៅមហាសន្និបាតលើកទី១៤១ តាមសំណើកម្ពុជា សហភាពអន្តរសភា( IPU)លុបឈ្មោះ ទណ្ឌិត សម រង្ស៉ី ចេញពីបញ្ជីអ្នកឡើងថ្លែងសុន្ទរកថា នៅមហាសន្និបាតលើកទី១៤១ តាមសំណើកម្ពុជា

ទណ្ឌិត សម រង្ស៉ី មេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ ត្រូវបានសហភាពអន្តរសភា IPU សម្រេចលុបឈ្មោះ ចេញពីបញ្ជីអ្នកដែលត្រូវឡើងថ្លែងសុន្ទរកថា នៅមហាសន្និបាតលើកទី១៤១ ទៅតាមសំណើរបស់គណៈប្រតិភូសភាកម្ពុជា។

ឈ្មោះរបស់ ទណ្ឌិត សម រង្ស៉ី ដោយដាក់ត្រឹមតែ R. Sam ត្រូវបានគេឃើញបញ្ចូលនៅក្នុងបញ្ជីអ្នកឡើងថ្លែងសុន្ទរកថា នៅលេខរៀងទី៦៤ ដែលជាលេខរៀងចុងក្រោយគេ មួយថ្ងៃមុនកិច្ចប្រជុំចាប់ផ្តើមជាផ្លូវការ ដោយលោកបានប្រើប្រាស់តួនាទីនៅក្នុងអង្គការមួយ ដើម្បីជ្រៀតចូលក្នុងមហាសន្និបាតលើកទី១៤១ នាទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី ប៉ុន្តែបន្ទាប់ពីមានសំណើរបស់តំណាងគណៈប្រតិភូសភាពេញសិទ្ធិកម្ពុជា ដែលដឹកនាំដោយ លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាកម្ពុជា ដែលបញ្ជាក់អំពីពិរុទ្ធភាពជននេះ ទើបឈ្មោះរបស់ ទណ្ឌិត សម រង្ស៉ី (R. Sam)នេះ ត្រូវបានលុបចេញតែម្តង តាំងពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ រហូតមកតែម្តង។

លោកស្រី ឃួន សុដារី ដែលដឹកនាំគណៈប្រតិភូសភាកម្ពុជា ទៅចូលរួមមហាសន្និបាតខាងលើនេះ បានថ្លែងប្រាប់អង្គភាពព័ត៌មានថា នៅយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះថា សំណើកម្ពុជាដើម្បីសុំដកឈ្មោះសម រង្ស៉ី ត្រូវបានសរសេរទៅកាន់ មេដឹកនាំ IPU ចំនួន៣រូប ដែលក្នុងនោះក៏មាន លោកស្រី Gabriela Cuevas Barron ប្រធានសហភាពអន្តរសភា IPU និងលោកស្រី Maja Gojkovic ប្រធានរដ្ឋសភាស៊ែប៊ី និងប្រធានមហាសន្និបាត IPU លើកទី១៤១ ផងដែរ។

តំណាងសភាកម្ពុជា លោកស្រី ឃួន សុដារី ក៏បានថ្លែងអំណរគុណចំពោះ ប្រធាន IPU ដែលបានយល់ព្រមតាមសំណើរបស់កម្ពុជា លុបឈ្មោះទណ្ឌិត សម រង្ស៉ី ចេញពីបញ្ជីឈ្មោះអ្នកដែលត្រូវឡើងថ្លែងសុន្ទរកថា នៅមហាសន្និបាតលើកទី១៤១ ដោយសារតែទណ្ឌិតនេះ ជាពិរុទ្ធជន ដែលតុលាការកំពុងតាមចាប់ខ្លួន។

សូមបញ្ជាក់ថា មហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភា (IPU) បានរៀបចំឡើង នាទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី ដោយចាប់ផ្តើមពីល្ងាចថ្ងៃទី១៣ ខែតុលា ហើយបើកជាផ្លូវការ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ដោយឱ្យតំណាងប្រទេសទាំងអស់ឡើងថ្លែងសុន្ទរកថា ។ សន្និបាតនេះនឹងបញ្ចប់នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។

មហាសន្និបាតនេះ មានចូលរួមពីគណៈប្រតិភូសភាប្រទេសជាសមាជិក IPU ប្រមាណជាង ១៧០០នាក់ មកពី១៤០ប្រទេស ក្នុងនោះមានប្រធានសភា ៧០រូប អនុប្រធាន៤០រូប តំណាងរាស្រ្ត ៧០០នាក់ ជាស្រ្តី៣០% និងវ័យក្មេង១៧% ព្រមទាំងតំណាងស្ថាប័នសំខាន់ៗ មានអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងដៃគូសង្គមស៉ីវិល មកពីបណ្តាប្រទេសពាសពេញពិភពលោកជាច្រើនទៀត៕

អត្ថបទទាក់ទង