ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអានៈ «សម រង្ស៊ី ៖ ពីមេដឹកនាំបក្សនយោបាយ ទៅជាមេឧទ្ទាមក្រៅច្បាប់ដ៏ឯកោបំផុត»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 21
ទស្សនៈមិត្តអ្នកអានៈ «សម រង្ស៊ី ៖ ពីមេដឹកនាំបក្សនយោបាយ ទៅជាមេឧទ្ទាមក្រៅច្បាប់ដ៏ឯកោបំផុត» ទណ្ឌិត សម រង្ស៊ី

បច្ចុប្បន្ននេះ បុគ្គលម្នាក់ឈ្មោះ សម រង្ស៊ី ត្រូវបានសាធារណៈមតិជាតិនិងអន្តរជាតិស្គាល់ច្បាស់គ្រប់គ្នាថាជាមេដឹកនាំឧទ្ទាមម្នាក់ដែលឯកោបំផុត ពីព្រោះទាំងអ្នកធ្លាប់គាំទ្រនៅក្នុងស្រុកនិងក្រៅប្រទេសអស់ជំនឿ និងភាគច្រើនបំផុតបានងាកទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ ខណៈដែលសាធារណៈមតិអន្តរជាតិក៏លែងរវីរវល់ជាមួយបុគ្គលរូបនេះទៀតដែរ។

បច្ចុប្បន្ន បើគេនិយាយពីបក្សប្រឆាំង គ្មានប្រទេសណា ឬឯកអគ្គរដ្ឋទូតប្រទេសណាបាននិយាយពីឈ្មោះ សម រង្ស៊ី ទៀតឡើយ។ ភាពឯកោនេះពិតជាបណ្តាលមកពីការដាក់ចេញនូវ «នយោបាយជីករណ្តៅកប់ខ្លួនឯង» ដ៏ងងឹតងងុលបំផុតរបស់បុគ្គលរូបនេះ។ តើអ្វីជានយោបាយជីករណ្តៅកប់ខ្លួនឯង របស់ សម រង្ស៊ី?

ទី១៖ គឺមកពីបុគ្គលដែលពោរពេញទៅដោយអស្មិមានៈរូបនេះបានប្រែក្លាយខ្លួនពីអ្នកនយោបាយទៅជាមេដឹកនាំឧទ្ទាមក្រៅច្បាប់។ ការអំពាវនាវឲ្យសហគមន៍អន្តរជាតិផ្តាច់ជំនួយពីកម្ពុជាគឺជាអត្តសញ្ញាណដំបូងរបស់ សម រង្ស៊ី ដែលធ្វើឲ្យសាធារណៈមតិជាតិនិងអន្តរជាតិហួសចិត្ត ដ្បិតគេមិនដែលបានឃើញថា មានអ្នកនយោបាយណាដែលធ្វើនយោបាយដើម្បីបំផ្លាញជាតិ និងប្រជាជនខ្លួនឯងបែបនេះទេ។

ផ្តើមចេញពីនយោបាយដ៏ឆ្កួតលេលាបែបនេះហើយ បានជាសហគមន៍អន្តរជាតិដកសេចក្តីទុកចិត្តជាបន្តបន្ទាប់រហូតដល់គ្មានអ្នករាប់រកទៀតឡើយ។

ទី២៖ ការអំពាវនាវឲ្យមហាជនក្រោកឈរ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិប្បតេយ្យ រហូតដល់ហ៊ានបំពានទាំងកម្រោលនូវរដ្ឋធម្មនុញ្ញ ដោយអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ បង្វែរចុងកាណុងទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នយោបាយបែបនេះពិតជាបានធ្វើឲ្យសហគមន៍អន្តរជាតិកាន់តែលែងហ៊ានទៅក្បែរពីព្រោះគេយល់ឃើញយ៉ាងច្បាស់ថា សម រង្ស៊ី គឺជាជនប្រជាធិបតេយ្យក្លែងក្លាយ។ ជាធម្មតា អ្នកប្រជាធិបតេយ្យតែងតែជំរុញឲ្យមានការបោះឆ្នោតដើម្បីជ្រើសរើសមេដឹកនាំដោយគោរពឆន្ទៈពលរដ្ឋម្ចាស់ឆ្នោត តែផ្ទុយទៅវិញ សម រង្ស៊ី បែរជាជ្រើសរើសយក «ផ្លូវកាត់ – Shortcut» ចង់ផ្តួលរំលំរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតទៅវិញ។

ទី៣៖ សម រង្ស៊ី បានជេរប្រមាថព្រះមហាក្សត្រដោយគ្មានញញើត តាមរយៈការប្រើពាក្យសម្តីគ្រោតគ្រាតគ្រប់បែបយ៉ាងដែលគ្មាននរណាអាចទទួលយកបាននោះឡើយ។ រង្ស៊ី មិនយល់ទេថា ក្នុងសង្គមកម្ពុជា ប្រជាពលរដ្ឋគោរពព្រះមហាក្សត្រយ៉ាងណា? ប៉ុន្តែបុគ្គលនេះ បែរជាដៀលព្រះមហាក្សត្រកប់ៗមាត់ ដោយបំពានរដ្ឋធម្មនុញ្ញយ៉ាងកម្រោលបំផុត។ នេះជាហេតុផលដែលសកម្មជនអ្នកគាំទ្រ និងមនុស្សជុំវិញខ្លួនជាច្រើន បាត់បង់អស់អស់ជំនឿលើបុគ្គលរង្ស៊ីនេះ។ ចំណែកឯសហគមន៍អន្តរជាតិវិញ គេក៏បានស្គាល់និងយល់ច្បាស់អំពីច្បាប់កម្ពុជាដែលការពារព្រះមហាក្សត្រមិនអាចឲ្យនរណាប៉ះពាល់បាន។ ម្យ៉ាងវិញទៀត ពួកគេធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ដោយមានព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ។ ដូច្នេះការជេរប្រមាថព្រះមហាក្សត្រពីសំណាក់បុគ្គលរង្ស៊ីនេះ បាននាំឲ្យសហគមន៍អន្តរជាតិរង្គាសចិត្តយ៉ាងខ្លាំង និងលែងហ៊ានទំនាក់ទំនងឬនិយាយពីឈ្មោះនេះទៀតឡើយ។

ទី៤៖ សម រង្ស៊ី ដោយហេតុតែខ្លួនគ្មានសមិទ្ធផលអ្វីមកបង្ហាញដល់ពលរដ្ឋម្ចាស់ឆ្នោត ម៉្លោះហើយមានតែការប្រើវិធីវាយប្រហារបង្ខូចបង្កាច់និងលាបពណ៌គណបក្សប្រជាជនកម្ពុជា ជាពិសេសមួលបង្កាច់ ប្រមាថលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសារ ដើម្បីទាក់ទាញការចាប់អារម្មណ៍។ នយោបាយបែបនេះពិតជាលែងមានប្រសិទ្ធភាពទៀតហើយ ដោយសារតែពលរដ្ឋក៏ដូចជាសហគមន៍អន្តរជាតិបានសង្កេត និងមើលឃើញយ៉ាងច្បាស់ថា អ្វីដែលបុគ្គលរូបនេះបាននិយាយ ឬសរសេរ គឺសុទ្ធតែផ្ទុយទៅនឹងអ្វីដែលបាននិងកំពុងកើតមានឡើងនៅលើទឹកដីកម្ពុជា ជាពិសេសគឺការរីកចម្រើនរបស់សង្គមជាតិ និងជីវភាពរបស់ប្រជាជន។

ទី៥៖ ដោយហេតុតែសារធាតុជាអ្នកនយោបាយជ្រុលនិយម និងដោយសារតែស្ថានភាពបានរុញច្រានឲ្យធ្លាក់ក្នុងសភាពឯកោអនាថាកាន់តែខ្លាំង សម រង្ស៊ី បានធ្វើខ្លួនជាមេដឹកនាំឧទ្ទាមយ៉ាងចំហរ ដោយខំស្រែកម្នាក់
ឯងទាំងមិនដឹងទិសតំបន់។ ដោយគ្មាននរណាស្តាប់ និងគ្មាននរណាហ៊ានទៅក្បែរទៀត សម រង្ស៊ី ក៏ខំសរសេរអត្ថបទមួយចុះផ្សាយតាមកាសែតជាភាសាបារាំងមួយនៅស្រុកថៃឈ្មោះ La Gavroche ដោយនិយាយមួលបង្កាច់នាយករដ្ឋមន្ត្រីកាន់អំណាចខុសពីការពិតទាំងស្រុង។ ប្រហែលជាភាន់ភាំងស្មារតីខ្លាំងហើយមើលទៅ ទើបបានជា សម រង្ស៊ី សរសេរថា ការស្ថិតនៅក្នុងអំណាចបានយូររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺដោយសារតែការដឹកនាំគ្មានគោលការណ៍ និងគ្មានទស្សនៈវិស័យ។

អានសំណេររបស់បុគ្គលឯកោនេះទៅ ពិតជាគួរឲ្យអស់សំណើចណាស់ ពីព្រោះបើគ្មានគោលការណ៍ និងគ្មានទស្សនៈវិស័យវែងឆ្ងាយទេនោះ តើមានមេដឹកនាំឯណាដែលអាចស្ថិតក្នុងអំណាចបានយូររហូតដល់ជាង៣៨ឆ្នាំ? ក្រៅពីនោះ អត្ថបទដ៏វែងអន្លាយរបស់បុគ្គលរង្ស៊ី នេះ មានលក្ខណៈបំភ្លៃអំពីស្ថានភាពពិតនៅកម្ពុជាទាំងស្រុង។

ជាពិសេសការមួលបង្កាច់ថា «ការអភិវឌ្ឍសុទ្ធតែក្លែងក្លាយ»។ សម រង្ស៊ី ត្រូវចងចាំថា «ខ្លួនគាត់ម្នាក់ឯងមិនអាចបិទបាំងភ្នែកប្រជាពលរដ្ឋខ្មែរ ១៧លាននាក់ និងសហគមន៍អន្តរជាតិអំពីស្ថានការណ៍ពិតនៅកម្ពុជាបាននោះឡើយ» ពីព្រោះទាំងពលរដ្ឋខ្មែរ និងជនបរទេសបានស្គាល់កម្ពុជាច្បាស់ និងបានរស់នៅលើទឹកដីកម្ពុជា ក៏ដូចជាបាននិងកំពុងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាជារៀងរាល់ថ្ងៃ។

សរុបមកវិញ សម រង្ស៊ី ពេលនេះកំពុងឯកាខ្លាំងណាស់ ហើយខំប្រឹងព្រូសទាំងលែងដឹងខុសត្រូវ ជាពិសេសបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស «កម្ចាត់ចោលនយោបាយជ្រុលនិយមពីសង្គមកម្ពុជា» បញ្ហានេះបានធ្វើឲ្យគេគ្រប់គ្នាទាំងសាធារណៈមតិជាតិនិងអន្តរជាតិមើលឃើញថា រង្ស៊ីពិតជាមេដឹកនាំឧទ្ទាមក្រៅច្បាប់ដ៏ឯកាម្នាក់ដោយសារតែនយោបាយជីករណ្តៅកប់ខ្លួនឯង៕

ដោយ: អ្នកនយោបាយតុកាហ្វេ

អត្ថបទទាក់ទង