ព្រឹកនេះប្រជាពលរដ្ឋជាង ៤ពាន់នាក់ បានប្រើរថយន្តក្រុងសាធារណៈមិនអស់ថ្លៃ ធ្វើដំណើរទៅស្រុកកំណើត
ប្រជាពលរដ្ឋប្រមាណ ៤.២៧០នាក់ បានធ្វើដំណើរតាមរថយន្តក្រុងដឹកជញ្ជូនសាធារណៈរបស់សាលារាជធានីភ្នំពេញ ដើម្បីធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ខ្លួន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកំលុងពេលបុណ្យភ្ជុំបិណ្ឌនៅឆ្នាំនេះ ក៏ដូចជាឆ្នាំកន្លងទៅដែរ បានសម្រេចឱ្យរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់ស្រុកកំណើតទាំងទៅ និងមកដោយមិនគិតថ្លៃ។ ការសម្រេចបែបនេះ ដើម្បីជួយកាត់បន្ថយការចំណាយថ្លៃរថយន្តរបស់ប្រជាពលរដ្ឋ ហើយទុកប្រាក់ថ្លៃរថយន្តនេះសម្រាប់ជូនឪពុកម្តាយ និងសម្រាប់ចំណាយលើការធ្វើបុណ្យទានជាដើម។
យោងតាមសាលារាជធានីភ្នំពេញ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ដែលជាថ្ងៃនៃការបញ្ចេញរថយន្តដឹកប្រជាពលរដ្ឋនេះ រថយន្តប្រមាណ ១២០គ្រឿង ត្រូវបានបញ្ចេញដឹកប្រជាពលរដ្ឋទៅកាន់ស្រុកកំណើត។ ការបញ្ចេញរថយន្តដឹកប្រជាពលរដ្ឋដោយមិនគិតថ្លៃនេះអាចធ្វើឱ្យប្រជាពលរដ្ឋសល់លុយថ្លៃចំណាយលើសំបុត្ររថយន្តទាំងទៅ ទាំងមកទាបបំផុតក៏៤ម៉ឺនរៀល ខណៈអ្នកខ្លះមានសមាជិកច្រើនអាចសល់រហូតដល់ ១០ម៉ឺន ទៅ២០ម៉ឺនរៀលក៏មាន។
បងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរជាមួយរថយន្តដោយមិនគិតថ្លៃនេះ សុទ្ធតែបានបង្ហាញក្តីសប្បាយរីករាយ។ ជាមួយស្នាមញញឹមពព្រាយពួកគេបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ និងរិះរកគ្រប់វិធីដើម្បីសម្រួល និងកាត់បន្ថយការចំណាយថ្លៃរថយន្តរាល់ពេលមានបុណ្យទានធំៗរបស់ជាតិទាំងបុណ្យភ្ជុំបិណ្ឌ ក៏ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ ដឹកជញ្ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២៦ ដល់៣០ ខែកញ្ញា ឆ្នាំ២០១៩។ ពោលការដឹកជញ្ជូននេះ ធ្វើទាំងការដឹកចេញពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងដឹកពីតាមបណ្តាខេត្តចូលមករាជធានីភ្នំពេញវិញ ពេលចប់បុណ្យភ្ជុំបិណ្ឌ។
ដើម្បីបានជ្រាបលំអិតពីពេលវេលា និងទីតាំងត្រូវឡើងរថយន្តសូមមើលលីង (Link) ដែលភ្ជាប់មកជាមួយ៖ http://www.freshnewsasia.com/index.php/en/localnews/135110-2019-09-26-00-10-53.html
អត្ថបទ៖ Fresh News